ព័ត៌មានជាតិ

សម្តេចធិបតី ៖ រាជរដ្ឋាភិបាល បន្តគាំទ្រវិស័យកីឡា ទាំងស្មារតី និងថវិកា

ភ្នំពេញ ៖ ស​ម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា​ រាជរដ្ឋាភិបាល ដែលមានក្រសួងអប់រំ យុវជន​ និងកីឡាជាសេនាធិការ បន្តគាំទ្រ វិស័យកីឡាទាំងស្មារតី និងថវិកា ។

ក្នុងឱកាសអញ្ជើញ ប្រគល់ប្រាក់រង្វាន់លើកទឹកចិត្ត របស់រាជរដ្ឋាភិបាល ជូនដល់ជ័យលាភី មេដាយមាស មេដាយប្រាក់ និងមេដាយសំរឹទ្ធ គ្រូបង្វឹក និងគ្រូជំនួយ ពីការប្រកួតកីឡាជ្រើសរើស ជើងឯកពិភពលោក, ជើងឯកអាស៊ីអាគ្នេយ៍, ជើងឯកអាស៊ី និងការប្រកួតជ្រើសរើសជើងឯក សាកលវិទ្យាល័យអាស៊ាន នៅវិមានសន្តិភាព នារសៀលថ្ងៃទី២៦ កុម្ភៈនេះ សម្តេចធិបតី មានប្រសាសន៍ថា “បច្ចុប្បន្នវិស័យកីឡាយើង​ មានការរីកចម្រើនគួរឲ្យកត់សម្គាល់ និងបានដើរតួនាទីសំខាន់ណាស់ នៅក្នុងសង្គមកម្ពុជា កីឡាទទួលបាននូវការចាប់អារម្មណ៍ និងការគាំទ្រ ពីសំណាក់មហាជនខ្មែរ គ្រប់ស្រទាប់វណ្ណៈដោយមិនគិតពីពណ៌សម្បុរឬនិន្នាការនយោបាយឡើយ ដែលប្រជាជនខ្មែរនាំគ្នាលេងកីឡា ដើម្បីសុខភាព ទាំងផ្លូវកាយផ្លូវចិត្ត ដូចពាក្យស្លោកថា កីឡាសាងមនុស្ស ហើយមនុស្សសាងសង្គម” ។

សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងថា “ការកសាងធនធានមនុស្សក្នុងវិស័យកីឡា ត្រូវការពេលយូរ និងការវិនិយោគច្រើន ខណៈដែលកម្ពុជា មានអាទិភាពជាច្រើន ដែលត្រូវយកចិត្តទុកដាក់ ដើម្បីជំរុញកសាងសង្គមកម្ពុជា ឲ្យបានកាន់តែរឹងមាំ ដោយមានប្រជាជន ប្រកបដោយចំណេះដឹង និងចំណេះធ្វើជាក់ស្តែង ក្រោមម្លប់នៃសន្តិភាព ឯកភាពផ្ទៃក្នុងជាតិ ស្ថេរភាពនយោ​បាយ និងកំណើនសេដ្ឋកិច្ច រាជរដ្ឋាភិបាល បន្តខិតខំយកចិត្តទុកដាក់ខ្ពស់ លើការអភិវឌ្ឍន៍វិស័យកីឡាបន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពកីឡាករ កីឡារិនី ឲ្យកាន់តែខ្លាំងពូកែ ក្នុងការប្រកួតដើម្បីយកជ័យជំនះ ជូនជាតិមាតុភូមិ បន្ថែមទៀត” ។

សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ទៀតថា “រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ លើវិស័យអាទិភាព អប់រំកីឡា អប់រំកាយ និងកីឡាតាមរយៈការជំរុញលើកទឹកចិត្ត​ និងផ្តល់ការឧបត្ថម្ភគាំទ្រ គ្រប់រូបភាព ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត គាំទ្រការលេងកីឡា និងការបំពាក់ឧបករណ៍កីឡា តាមទីសាធារណៈ ដើម្បីបំផុសទឹកចិត្តប្រជាជនឲ្យស្រលាញ់កីឡា ចូលចិត្តកីឡា និងលេងកីឡា” ។

ជាមួយគ្នានេះ សម្តេចធិបតី សង្ឃឹមថា កីឡាករ និងកីឡាការិនី នឹងបន្តខិតខំប្រឹងប្រែងជាប្រចាំ ជាប់មិនដាច់ ក្នុងការហ្វឹកហាត់បង្កើនសមត្ថភាព និងការត្រៀមខ្លួន លើការប្រកួតលើកក្រោយៗទៀត ដើម្បីដណ្តើមយកមេដាយ និងជ័យជំនះ ឲ្យបានកាន់តែច្រើន ជូនជាតិមាតុភូមិយើង ​។

ក្នុងនោះសម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា “រាជរដ្ឋាភិបាល ដែលមានក្រសួងអប់រំ យុវជន​និងកីឡាជាសេនាធិការ បន្តគាំទ្រ វិស័យកីឡា កីឡាករ កីឡាការិនីយើង ទាំងស្មារតី និងថវិកា និងសូមជួយអំពាវនាវ ដល់គ្រប់ភាគីពាក់ព័ន្ធ នឹងបន្តចូលរួម ឧបត្ថម្ភគាំទ្រ ​វិស័យកីឡា ឲ្យកាន់តែច្រើន ទាំងរីកចម្រើន និងមាននិរន្តរភាព និងបន្តពង្រឹងការប្រកួតជើងឯកជាតិ អន្តរជាតិ និងការប្រកួតកីឡាថ្នាក់ជាតិ​ ដើម្បីអភិវឌ្ឍន៍សមត្ថភាពបន្ថែម ឲ្យកាន់តែប្រសើរ និងទទួលបានជ័យជំនះថែមទៀត”៕

To Top