ភ្នំពេញ៖ លោក Daniel J. Kritenbrink ឧបការីរដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានបង្ហាញគោលជំហររបស់សហរដ្ឋអាមេរិក ក្នុងការបន្តធ្វើការឱ្យកាន់តែជិតស្និទជាមួយប្រទេសកម្ពុជា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ។
ការបង្ហាញជំហរបស់អាមេរិកខាងលើនេះ ធ្វើឡើងក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យលោក Daniel J. Kritenbrink ឧបការីរដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិករូបនេះ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ កាលពីថ្ងៃទី២៦ កុម្ភៈ នៅវិមានសន្តិភាព ។
ក្នុងជំនួបនេះ សម្តេចធិបតី បានស្វាគមន៍ចំពោះ លោក Daniel J. Kritenbrink និងគណៈប្រតិភូ ដែលបានមកបំពេញទស្សនកិច្ច នៅកម្ពុជា និងបានកត់សម្គាល់អំពីវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។
ក្នុងនោះ លោកឧបការីរដ្ឋមន្រ្តីការបរទេស បានបង្ហាញពីគោលជំហររបស់សហរដ្ឋអាមេរិក ក្នុងការបន្តធ្វើការឱ្យកាន់តែជិតស្និទជាមួយប្រទេសកម្ពុជា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេសក្នុងអំឡុងពេលដែលកម្ពុជា នឹងក្លាយជាប្រទេសសម្របសម្រួល សម្រាប់ទំនាក់ទំនងសន្ទនា រវាងអាស៊ាននិងសហរដ្ឋអាមេរិក (ពីខែកក្កដា ឆ្នាំ២០២៤ ដល់ខែកក្កដា ឆ្នាំ២០២៧)។
លោក Daniel J. Kristenbrink ក៏បានវាយតម្លៃខ្ពស់ចំពោះជំហរ របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចការតំបន់ និងអន្តរជាតិផងដែរ រួមទាំងជោគជ័យរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ក្នុងឆ្នាំ២០២២ កន្លងទៅ។
ជាមួយគ្នានេះ សម្តេចធិបតី និងលោក Daniel J. Kritenbrink បានពិភាក្សាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ឱ្យបន្ថែមទៀត លើវិស័យ ដែលផ្តល់ប្រយោជន៍ទៅវិញទៅមក រួមមានវិស័យពាណិជ្ជកម្ម វិនិយោគ ទំនាក់ទំនងប្រជាជន និងប្រជាជន ព្រមទាំងវិស័យការពារជាតិ និងសន្តិសុខ ជាដើម៕