ព័ត៌មានជាតិ

រដ្ឋមន្ត្រីសុខាភិបាលស្នើ UNOPS បន្តរក្សាពង្រីក និងចែករំលែកបទពិសោធន៍ល្អៗដល់កម្ពុជា

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានអនុញ្ញាតឲ្យលោកស្រី Eda KRAJA នាយិកាអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង (United Nations Office for Project Service-UNOPS) ប្រចាំកម្ពុជា និងឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ដោយក្នុងជំនួបនោះ សាស្ត្រាចារ្យរដ្ឋមន្ត្រីបានបន្តស្នើឲ្យរក្សាពង្រីក និងចែករំលែកបទពិសោធន៍ល្អៗដល់កម្ពុជា។
 

សាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍ និងថ្លែងអំណរគុណ លោកស្រី នាយិកាអង្គការ UNOPS ដែលបានសហការគាំទ្រក្រសួងសុខាភិបាល ទាំងការ សម្របសម្រួលបច្ចេកទេស និងហិរញ្ញវត្ថុ ក្នុងកិច្ចការ លទ្ធកម្ម នូវសម្ភារៈ និងឱសថសារវន្ត ក្នុងការចូលរួមចំណែកលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជានាពេលកន្លងមក។

លោកស្រី នាយិកាអង្គការ UNOPS បានថ្លែងការអបអរសាទរ និងជូនពរ ចំពោះឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងឱកាសដែល ឯកឧត្តម ទទួលបាននូវការទុកចិត្តពីរាជរដ្ឋាភិបាលនីតិកាលទី៧ តែងតាំងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល។

លោកស្រីនាយិកា បានជម្រាបសាស្ត្រាចារ្យរដ្ឋមន្ត្រី ថាអង្គការ UNOPS បានចាប់ផ្តើមការងារនៅកម្ពុជាអស់រយៈពេលជាង១០ឆ្នាំមកហើយ ជាពិសេសក្នុងកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល ដើម្បីអនុវត្តលើគម្រោងនានា ដែលពាក់ព័ន្ធនឹងការធ្វើលទ្ធកម្មទៅលើសម្ភារៈ និងឱសថ ការសម្របសម្រួល ទៅនឹងការងារប្រយុទ្ធប្រឆាំង និងលុបបំបាត់ជំងឺគ្រុនចាញ់ ការងារប្រយុទ្ធប្រឆាំងជំងឺរបេង និងការងារប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងសកល ដូចជាជំងឺកូវីដ-១៩ ជាដើម ព្រមទាំងបានសហការជាមួយក្រសួងពាក់ព័ន្ធផ្សេងៗរបស់រាជរដ្ឋាភិបាល និងអង្គការជាតិ-អន្តរជាតិ ឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (Sustainable Development Goals- SDG) មុនកាលបរិច្ឆេទកំណត់។
 
សាស្ត្រាចារ្យរដ្ឋមន្ត្រី បានជម្រាប UNOPS អំពីអាទិភាពវិស័យសុខាភិបាលទាំង ៩ចំណុច និងអាទិភាពគន្លឹះទាំង៣ចំណុច និងសំណូមពរ UNOPS បន្តរក្សាពង្រីកកិច្ចសហប្រតិបត្តិការដែលអាចអនុលោម និងបន្ស៊ីជាមួយវិស័យអាទិភាព។
 

សាស្ត្រាចារ្យរដ្ឋមន្ត្រីក៏បានស្នើដល់អង្គការ UNOPS បន្តរក្សាពង្រីក និងចែករំលែកបទពិសោធន៍ល្អៗ ដែលបានអនុវត្តកន្លងមក ជាពិសេសផ្តោតលើការងារលទ្ធកម្ម ជាមួយក្រុមហ៊ុន និងដៃគូផ្គត់ផ្គង់ ដើមី្បរួមគ្នាលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាល  អាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា៕

To Top