ព័ត៌មានជាតិ

គណៈអភិបាលខេត្តកំពង់ចាម បើកវគ្គបណ្ដុះបណ្ដាល ដើម្បីអភិវឌ្ឍន៍សមត្ថភាពមន្ត្រីរាជការ ក្រុង ស្រុក

កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ២៧ ខែកុម្ភៈឆ្នាំ ២០២៤ នេះ បានអញ្ជើញបើកវគ្គបណ្ដុះបណ្ដាល ស្តីពី ប្រព័ន្ធគ្រប់គ្រងមន្ត្រីរាជការ ក្នុងគោលបំណងពង្រឹង និងអភិវឌ្ឍន៍សមត្ថភាពមន្ត្រីរាជការ ក្រុង ស្រុក នៃរដ្ឋបាលខេត្តកំពង់ចាម ដោយសិក្ខាសាលានេះ ធ្វើឡើងនៅសាលប្រជុំធំ សាលាខេត្តកំពង់ចាម មានរយៈពេល ៣ថ្ងៃ ។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា នេះជាវគ្គបណ្តុះបណ្តាលប្រព័ន្ធ គ្រប់គ្រងមន្ត្រីរាជការលើកទី១ សម្រាប់មន្ត្រីរដ្ឋបាលក្រុង ស្រុក ដែលមានមុខតំណែងជាអនុប្រធានការិយាល័យ អនុប្រធានអង្គភាព ទាំង១៣ ចំណុះក្រុង ស្រុក ក្នុងខេត្តកំពង់ចាម ក្រោមការផ្តួចផ្តើមឡើងដោយគណៈអភិបាលខេត្ត ក្នុងគោលបំណងពង្រឹង និងអភិវឌ្ឍន៍សមត្ថភាពមន្ត្រីរាជការក្រុង ស្រុក នៃរដ្ឋបាលខេត្តកំពង់ចាម។

លោកអភិបាលខេត្ត មានប្រសាសន៍បន្តថា យោងតាមប្រកាសលេខ ៦៦០៦ ប្រក ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ របស់ក្រសួងមហាផ្ទៃ ស្ដីពីការអភិវឌ្ឍសមត្ថភាពរបស់ មន្ត្រីរាជការស៊ីវិលនៅទីស្តីការក្រសួងមហាផ្ទៃ និងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ បានបំពេញតួនាទីយ៉ាងល្អប្រសើរ ក្នុងការអភិវឌ្ឍសមត្ថភាពជូនមន្ត្រីរាជការ ឱ្យបានយ៉ាងហោចណាស់ ៣០ម៉ោង ក្នុង១ឆ្នាំ។

នេះជារបៀបវារៈមួយ ដែលបានចូលរួមចំណែកលើកកម្ពស់ អភិវឌ្ឍន៍សមត្ថភាពមន្ត្រីរាជការស៊ីវិល នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យមានសមត្ថភាព វិជ្ជាជីវៈក្នុងការបំពេញការងារ និងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ រួមចំណែកអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចកម្ពុជា ដើម្បីជាក្របខ័ណ្ឌរួមក្នុងការ កសាងស្ថាប័នរដ្ឋមួយរឹងមាំ និងឯករាជ្យដែលមានប្រព័ន្ធអភិបាលកិច្ច ត្រូវបានធ្វើទំនើបកម្មជាប្រចាំ គ្រប់ជ្រុងជ្រោយ មានភាពធន់ និងមានប្រសិទ្ធភាព និងសម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ក្នុងល្បឿនខ្ពស់ដែលត្រូវបានទទួលស្គាល់ទាំង
ក្នុងតំបន់ និងសកលលោក។

លោកអភិបាលខេត្តបានបន្តទៀតថា ជាការពិតណាស់ បើមន្ដ្រីនៅថ្នាក់មូលដ្ឋានមានសមត្ថភាព បំពេញការងារបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋបានល្អប្រសើរ ជាឱកាសពិសេសសម្រាប់ការប្រែក្លាយកម្ពុជា ដែលជាប្រទេសមានចំណូលមធ្យមកម្រិតទាប ក្នុងរយៈពេលខ្លីជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់ និងការកាត់បន្ថយភាពក្រីក្រយ៉ាងឆាប់រហ័ស ព្រមទាំងការធ្វើសមាហរណកម្ម ដោយជោគជ័យទៅក្នុងតំបន់ និងសកលលោក ៕

To Top