ព័ត៌មានជាតិ

កម្ពុជា-អាមេរិក ពិនិត្យចក្ខុវិស័យស្នូល ជំរុញកំណើនពាណិជ្ជកម្ម និងការវិនិយោគ រវាងប្រទេសទាំងពីរ

" "

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញជាសហប្រធានជាមួយ ឧត្តមសេនីយ៍ Jim Jones នាយកប្រតិបត្តិនៃក្រុមហ៊ុន Jones Group International រួមគ្នារៀបចំកិច្ចពិភាក្សាដើម្បីជំរុញកំណើនពាណិជ្ជកម្ម និងការ វិនិយោគរវាងកម្ពុជា និងសហរដ្ឋអាមេរិក។

ផ្អែកលើគោលបំណងរួមរបស់រាជរដ្ឋាភិបាលកម្ពុជា អង្គជំនួបនេះត្រូវបានរៀបចំឡើងដើម្បីពិភាក្សាលើទស្សនវិស័យរួម និងគោលដៅជាយុទ្ធសាស្ត្រនានា ដើម្បីជំរុញកំណើន ពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា និងសហរដ្ឋអាមេរិក ឲ្យបានកាន់តែប្រសើរថែមមួយកម្រិតទៀត។

" "

លោកឧបនាយករដ្ឋមន្រ្តី តាមរយៈឱកាសនេះ បានលើកឡើងនូវគោលដៅ ជាយុទ្ធសាស្ត្រសំខាន់ៗ ដើម្បីធ្វើឲ្យស៊ីជម្រៅ នូវទំនាក់ទំនងទ្វេភាគី ត្រួសត្រាយកិច្ច សហប្រតិបត្តិការថ្មីៗ និងពង្រីកឲ្យបានកាន់ តែប្រសើរនូវពាណិជ្ជកម្ម និងការវិនិយោគ រវាងកម្ពុជា និងសហរដ្ឋអាមេរិក ។ គោលដៅជាយុទ្ធសាស្ត្រមួយចំនួន ដែលលោកឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍លើកឡើងនូវគំនិតផ្ដួចផ្ដើមផ្សេងៗ ដូចជា ការបង្កើនកិច្ចសម្របសម្រួលពាណិជ្ជកម្មឲ្យរលូន រួមមានបង្កភាព ងាយស្រួលលើ នីតិវិធីគយ កាត់បន្ថយរបាំងពាណិជ្ជកម្ម និងបទប្បញ្ញត្តិរដ្ឋបាលជាដើម, លើកកម្ពស់តម្រូវ ការទីផ្សារ តាមរយៈការពង្រីក និងបញ្ជ្រៀតទីផ្សារសម្រាប់ ផលិតផលកម្ពុជា (Made in Cambodia) ឬការចរចាកិច្ច ព្រមព្រៀង ពាណិជ្ជកម្មដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី(FTA) ឬការពង្រឹងពាណិជ្ជកម្មដែលមានស្រាប់។

" "

បន្ថែមពីនោះ សហរដ្ឋអាមេរិកក៏អាចគាំទ្រការវិនិយោគរបស់កម្ពុជា តាមរយៈគំនិតផ្តួចផ្តើមដូចជាជំនួយបច្ចេកទេស ការកសាងសមត្ថភាព និងសកម្មភាពលើកកម្ពស់ និងផ្សព្វផ្សាយការវិនិយោគជាដើម។

លើកឡើងនៅក្នុងជំនួបនេះ ឧត្តមសេនីយ៍ បានជម្រាបអំពីការសង្កេតឃើញភាព រីកចម្រើនរបស់ កម្ពុជាក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ ពិសេសបានចាប់អារម្មណ៍នូវការដាក់ ចេញរបស់រាជរដ្ឋាភិបាល ទិសដៅឆ្នាំ២០៣០ ក្នុងការប្រែក្លាយប្រទេសកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ ព្រមទាំងទិសដៅប្រែក្លាយកម្ពុជា ពីប្រទេសប្រើប្រាស់កម្លាំងពលកម្មទៅ ជាប្រទេសប្រើប្រាស់ជំនាញបច្ចេកទេស និងផែនការរៀបចំឱ្យមានការ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រើប្រាស់បច្ចេកវិទ្យាទំនើបជាដើម។

បន្ថែមពីនេះដែរ ឧត្តមសេនីយ៍ បានលើកឡើងពីការត្រៀមខ្លួន រួចជាស្រេច ដើម្បីជួយជំរុញ ឲ្យមានការកើនឡើង នូវពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។ ឧត្តមសេនីយ៍ ជឿជាក់ថាតាមរយៈពាណិជ្ជកម្ម និងការវិនិយោគ នឹងជំរុញឱ្យទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិក កាន់តែល្អកើនឡើងមួយកម្រិតទៀត។

សូមជម្រាបថា ឧត្តមសេនីយ៍ Jim Jones បច្ចុប្បន្នគឺជានាយកប្រតិបត្តិនៃក្រុមហ៊ុន Jones Group International និងកំពុងដឹកនាំក្រុមជំនាញការប្រឹក្សាយោបល់លើគោលនយោបាយការបរទេស ផែនការយុទ្ធសាស្រ្ត សន្តិសុខជាតិ និងយុទ្ធសាស្រ្តយោធាផងដែរ។ ឧត្តមសេនីយ៍ គឺជាអតីតនាយទាហាន កងព័ទជើងទឹក នៃសហរដ្ឋអាមេរិក ដែលមានបទពិសោធន៍ជាង ៤ទសវត្សរ៍ ក្នុងការងារពាក់ព័ន្ធនឹងប្រតិបត្តិការយោធា សន្តិសុខវិស័យថាមពល ការការពារជាតិ ក៏ដូចជាភាពជាអ្នក ដឹកនាំកម្រិតពិភពលោក ៕

To Top