ភ្នំពេញ៖ រដ្ឋលេខាធិការដា្ឋនកិច្ចការព្រំដែន បានបញ្ជាក់យ៉ាងច្បាស់ៗថា «កោះអាចម៍សេះ» ជារបស់ខ្មែរ ដែលស្ថិតនៅក្នុងសង្កាត់កែប ខេត្តកែប។
ការចេញមកបញ្ជាក់នេះ ធ្វើឡើងបន្ទាប់ពីមានគណនីហ្វេសប៊ុកឈ្មោះអ៊ុក សីលា/ Seila បានសរសេរ និងបង្ហោះខ្លឹមសារ ថា «កោះអាចម៍សេះរបស់ខ្មែរម៉េច Google ដាក់ថាកោះរបស់វៀតណាម ព្រមទាំងភ្ជាប់រូបភាពថតចេញពី Google Map និងរូបថតប៉ុស្ត៍កោះអាចម៍សេះ» ។
តាមរយៈសេចក្ដីបំភ្លឺ របស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានឲ្យដឹងថា កោះអាចម៍សេះ គឺជាកោះមួយដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់កែប ក្រុងកែប ខេត្តកែប ដោយមានទីស្នាក់ការប៉ុស្តិ៍នគរបាលការពារព្រំដែនទឹក «ប៉ុស្តិ៍កោះអាចម៍សេះ» ឈរជើងយាម នៅទីនោះ និងមានភ្ញៀវទេសចរចេញចូលទស្សនាកម្សាន្តជាប្រចាំ។
ជាថ្មីម្តងទៀត រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានប្រាប់ទៅកាន់សាធារណជនជាតិ និងអន្តរជាតិ ថា ផែនដី Google Map មិនមែនជាផែនទីផ្លូវការ ដែលកំណត់ខ្សែបន្ទាត់ព្រំដែនរវាងរដ្ឋ និងរដ្ឋឡើយ។
ចំពោះករណី«កោះអាចម៍សេះ»របស់កម្ពុជា ដែលស្ថិតទឹករបស់ប្រទេសវៀតណាមនោះ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នឹងធ្វើកិច្ចជាបន្តជាមួយក្រុមហ៊ុន Google Map ដោយផ្ទាល់៕