ភ្នំពេញ៖ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោក Abdul Rasheed Ghaffour ទេសាភិបាល ធនាគារកណ្ដាលម៉ាឡេស៊ី នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MOU) ស្តីពី «កិច្ចសហប្រតិបត្តិការផ្នែកនវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់សងប្រាក់» ក្រោមអធិបតីភាព លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចនៅម៉ាឡេស៊ី។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារជាតិកម្ពុជា បានឲ្យដឹងថា អនុស្សរណៈយោគយល់រវាង ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្ដាលម៉ាឡេស៊ីនេះ ត្រូវបានរៀបចំឡើងជាមូលដ្ឋាន សម្រាប់ជំរុញកិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និទ្ធ ព្រមទាំងលើកកម្ពស់នវានុវត្តន៍ ហិរញ្ញវត្ថុ និងការទូទាត់ឆ្លងដែនប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពបន្ថែមទៀត ដើម្បីផ្តល់ជាប្រយោជន៍ ដល់ប្រជាពលរដ្ឋ និងធុរជនរបស់ប្រទេសទាំងពីរ។
កិច្ចសហប្រតិបត្តិការនេះ មានវិសាលភាពគ្របដណ្តប់ លើទម្រង់ជាច្រើនក្នុងការតភ្ជាប់ ប្រព័ន្ធទូទាត់នៃប្រទេសទាំងពីរ រាប់បញ្ចូលទាំងការតភ្ជាប់ការទូទាត់ ក្នុងស្រុក រវាងប្រទេសទាំងពីរ ដើម្បីបើកលទ្ធភាពដល់ ការទូទាត់ឆ្លងដែនតាមឃ្យូអរកូត។ ការណ៍នេះ នឹងផ្តល់នូវ ភាពងាយស្រួលដល់ប្រជាពលរដ្ឋម៉ាឡេស៊ី អាចធ្វើការទូទាត់ដោយស្កេនឃ្យូអរកូតនៅកម្ពុជា ហើយប្រជាពលរដ្ឋកម្ពុជាក៏អាចធ្វើការ ទូទាត់ដោយស្តេនឃ្យូអរកូត នៅម៉ាឡេស៊ីទៅវិញទៅមកផងដែរ ដោយប្រើប្រាស់រូបិយវត្ថុក្នុងស្រុកសម្រាប់ការទូទាត់ ព្រមទាំងបានជួយគាំទ្រដល់យន្តការកិច្ចសហការ ត្រួតពិនិត្យការទូទាត់ឆ្លងដែន ដើម្បីឲ្យកាន់តែមានប្រសិទ្ធភាព និងសុវត្ថិភាព។
សូមបញ្ជាក់ថា អនុស្សរណៈយោគយល់នេះ នឹងជួយ សម្រួលដល់សកម្មភាពាណិជ្ជកម្ម និងវិស័យទេសចរណ៍ របស់ប្រទេសទាំងពីរ ព្រមទាំងជួយទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចក្នុងតំបន់។ ពាណិជ្ជករទូទាត់រាយនៃប្រទេសទាំងពីរ ដែលទទួលយកការទូទាត់តាមឃ្យូអរកួត ប្រមាណ ៥ លានទីតាំង រាប់បញ្ចូលទាំងអាជីវកម្ម ខ្នាតតូចផងដែរ នឹងទទួលបាននូវអត្ថប្រយោជន៍ ពីកិច្ចសហប្រតិបត្តិការនេះ។ អនុស្សរណៈយោគយល់នេះ ជាជំហានថ្មីមួយក្នុងគំនិតផ្តួចផ្តើមតភ្ជាប់ ប្រព័ន្ធទូទាត់ក្នុងតំបន់អាស៊ាន ដែលស្របទៅនឹងទិសដៅជា យុទ្ធសាស្ត្ររបស់ប្រទេស G20 ក្នុងការលើកកម្ពស់ប្រសិទ្ធភាព នៃការទូទាត់ឆ្លងដែន៕