ភ្នំពេញ ៖ ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោក Jim Jones នាយកប្រតិបត្តិ នៃក្រុមហ៊ុន Jones Group International បានប្តេជ្ញាចិត្ត ក្នុងការជំរុញ និងលើកកម្ពស់បន្ថែមទៀត នូវទំនាក់ទំនងវិស័យឯកជនកម្ពុជា-សហរដ្ឋអាមេរិក ។
ក្នុងជំនួបនេះ លោកនាយកប្រតិបត្តិវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះភាពរីកចម្រើន និងការអភិវឌ្ឍលើគ្រប់វិស័យរបស់ព្រះរាជាណាចក្រកម្ពុជា រហូតមកដល់ពេលបច្ចុប្បន្ននេះ។
ទន្ទឹមនឹងនេះ លោកនាយកប្រតិបត្តិ ប្រាប់សម្តេចធិបតីថា គោលបំណង នៃទស្សនកិច្ច នាឱកាសនេះ គឺដើម្បីជួបពិភាក្សាជាមួយដៃគូ និងភាគីពាក់ព័ន្ធ អំពីការងារ នៃការជំរុញការផ្សារភ្ជាប់ទំនាក់ទំនង រវាងវិស័យឯកជន នៃប្រទេសទាំងពីរ ដែលតាមរយៈជំនួបនេះ លោកនាយកប្រតិបត្តិបាន បង្ហាញក្តីសង្ឃឹមខ្ពស់ និងសុទិដ្ឋិនិយម ក្នុងការជំរុញនិងប្រែក្លាយទំនាក់ទំនងវិស័យឯកជន នៃប្រទេសទាំងពីរ ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង និងប្រកបដោយលទ្ធផលផ្លែផ្កា។ ជាមួយគ្នានេះ លោកនាយកប្រតិបត្តិ បានបញ្ជាក់ពីការប្ដេជ្ញាចិត្ត ក្នុងការជំរុញ និងលើកកម្ពស់បន្ថែមទៀត នូវទំនាក់ទំនងវិស័យឯកជនកម្ពុជា-សហរដ្ឋអាមេរិក ។
ជាមួយគ្នានេះ សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ ចំពោះលោកនាយកប្រតិបត្តិ និងសហការី ដែលបានអញ្ជើញមកបំពេញ ទស្សនកិច្ចនៅកម្ពុជា និងបានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងដ៏ល្អកម្ពុជា-អាមេរិក ទាំងក្នុងក្របខ័ណ្ឌនៃទំនាក់ទំនង រវាងរាជរដ្ឋាភិបាលនិងរាជរដ្ឋាភិបាល និងទំនាក់ទំនង រវាងវិស័យឯកជន នៃប្រទេសទាំងពីរ ។
សម្តេចធិបតី ក៏បានគូសបញ្ជាក់ អំពីការដាក់ចេញនូវគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រដល់ការវិនិយោគរបស់វិស័យឯកជននៅកម្ពុជា ដោយផ្តល់នូវទំនុកចិត្តចំពោះវិនិយោគិន តាមរយ:ការផ្តល់នូវបរិស្ថានវិនិយោគអំណោយផល ជាមួយនឹងការធានា នូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គម និងជាពិសេស ជាមួយនឹងគោលនយោបាយ នៃការផ្ដល់នូវការលើកទឹកចិត្ត សម្រាប់វិនិយោគិន និងការដាក់ចេញនូវគំនិតផ្ដួចផ្ដើម នៃគំរូអាជីវកម្មថ្មីៗ ដូចជា គំរូថ្មីនៃតំបន់សេដ្ឋកិច្ចពិសេស តាមប្រភេទឧស្សាហកម្ម និងតម្រូវការរបស់ប្រទេសនីមួយៗ។
សម្ដេចធិបតី ក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែបើកទ្វារស្វាគមន៍ជានិច្ច ចំពោះការចូលរួមរបស់វិស័យឯកជន ដោយកម្ពុជាបានបានចាត់ទុកថា វិស័យឯកជនដើរតួនាទីយ៉ាងសំខាន់ ក្នុងការកសាងអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ហើយវិស័យឯកជន ក៏ដើរតួជាការទូតនៃភាពជាដៃគូរវាងរដ្ឋ និងឯកជន និងជាអ្នក ជួយផ្សព្វផ្សាយ អំពីការពិតនៅកម្ពុជា ។ ទន្ទឹមនេះ សម្ដេចធិបតីក៏បានលើកទឹកចិត្តដល់ លោកនាយកប្រតិបត្តិ បន្តកិច្ចសហការ ជាមួយនឹង ក្រសួង-ស្ថាប័ន និង ភាគីពាក់ព័ន្ធនៅកម្ពុជា ក្នុងការដាក់ចេញ និងរៀបចំផែនការ ដើម្បីអនុវត្តឱ្យចេញ ជាសកម្មភាពជាក់ស្ដែង ក្នុងការលើកកម្ពស់ ទំនាក់ទំនង ក៏ដូចជាការវិនិយោគលើវិស័យឯកជន នៅព្រះរាជាណចក្រកម្ពុជាផងដែរ ៕