ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ដែលប្រសូត្រចេញពីឆន្ទៈយ៉ាង ពិតប្រាកដរបស់ប្រជាពលរដ្ឋ បានបន្តបេសកកម្ម បម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន ប្រកបដោយថាមភាព បុរេសកម្ម និងនវានុវត្តន៍។
នាឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបើកសន្និបាត ត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នៅទីស្ដីការក្រសួង លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានថ្លែងថា ឆ្នាំ២០២៣ កន្លងទៅនេះ គឺជាឆ្នាំដែល ព្រះរាជាណាចក្រកម្ពុជា បើកឱ្យដំណើរការពេញលេញក្នុង គ្រប់វិស័យ បន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩ ត្រូវបានគ្រប់គ្រង និងបង្ការទប់ស្កាត់ ដោយជោគជ័យ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលអាណត្តិទី៦ ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមគ្គុទេសដឹកនាំដ៏ឈ្លាសវៃ។
លោកឧបនាយករដ្ឋមន្ត្រី បន្ដថា ទន្ទឹមគ្នានេះ ឆ្នាំ២០២៣ ក៏ជាពេលវេលាដែលកម្ពុជា យើងត្រូវរៀបចំព្រឹត្តិការណ៍ នយោបាយជាតិ ដ៏សំខាន់ គឺការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ព្រមទាំងព្រឹត្តិការណ៍កីឡាអន្តរជាតិចំនួនពីរទៀត គឺការប្រកួតកីឡាអាស៊ី អាគ្នេយ៍លើកទី៣២ និងកីឡាជនពិការអាស៊ានលើកទី១២ ដែលទាមទារឱ្យកម្ពុជា ត្រូវធានារក្សា ការពារឱ្យបាន នូវសន្តិសុខជាតិ ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ព្រមទាំងនិរន្តរភាព នៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋផងដែរ ។
លោកឧបនាយករដ្ឋមន្ត្រី បន្ថែមថា ក្នុងនាមជាស្ថាប័នស្នូល ទទួលខុសត្រូវលើបេសកកម្មដ៏ធំធេងនេះ ក្រសួងមហាផ្ទៃ ក្រោមការដឹកនាំប្រកប ដោយឆន្ទៈដ៏មោះមុតរបស់ សម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយមានការចូលរួមសហការ និងគាំទ្រពីក្រសួង ស្ថាប័នមានសមត្ថកិច្ចទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សហគមន៍មូលដ្ឋាន និង សាធារណជន បានសម្របសម្រួល រៀបចំចាត់ចែងកិច្ចការនានា ស្របតាមរដ្ឋធម្មនុញ្ញ និង ច្បាប់បោះឆ្នោត បង្កលក្ខណសម្បត្តិឱ្យការរៀបចំបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា ប្រព្រឹត្តិទៅដោយ ជោគជ័យ ក្នុងលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព ខណៈព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាជនពិការអាស៊ានលើកទី១២ ក៏មានសុវត្ថិភាពយ៉ាងល្អប្រសើរផងដែរ ។
លោកឧបនាយករដ្ឋមន្ត្រី ស សុខា មានប្រសាសន៍ថា «រាជរដ្ឋាភិបាលដែលប្រសូត្រចេញពីឆន្ទៈ យ៉ាងពិតប្រាកដរបស់ប្រជាពលរដ្ឋ បានបន្តបេសកកម្ម បម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន ប្រកបដោយថាមភាព បុរេសកម្ម និងនវានុវត្តន៍ ហើយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលទៀតសោត ក៏កាន់តែទទួលបានការគាំទ្រ និងការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធទាំងនៅក្នុង និងក្រៅប្រទេស»។
លើសពីនេះ បើទោះបីស្ថិតក្រោមឥទ្ធិពល នៃហេតុការណ៍អសន្តិសុខជាសកលយ៉ាងណាក្ដី ប៉ុន្តែកងកម្លាំងនគរបាលជាតិ បានសហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ថែរក្សាការពារបានយ៉ាងល្អប្រសើរ នូវសុខសន្តិភាព ឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី ធានាបាននូវស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសង្គម និងប្រក្រតីកម្មគ្រប់ស្ថាប័នរដ្ឋ ៕