ព័ត៌មានជាតិ

លោក វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សា លើការងារគ្រប់គ្រងធនធានខ្សាច់

ភ្នំពេញ៖​ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុក​ ទីស្តីការគណៈរដ្ឋមន្រ្តី នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំ​ ដើម្បីពិនិត្យ និងពិភាក្សាលើការងារគ្រប់គ្រងធនធានខ្សាច់ និងសេចក្តីព្រាងអនុក្រឹត្យ​ ស្តីពីការកែសម្រួលសមាសភាព និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការ​ គ្រប់គ្រងធនធានខ្សាច់ ដោយមានការអញ្ជើញចូលរួមពីលោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល, លោក ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងមន្រ្តីជាន់ខ្ពស់​ មកពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធផ្សេងទៀត។

លោក វង្សី វិស្សុត បានបញ្ជាក់ថា កិច្ចប្រជុំនេះមានគោលបំណង​ ត្រួតពិនិត្យអំពីរបៀបរបប បទប្បញ្ញត្តិ និងនីតិវិធីទាំងឡាយ​ ពាក់ព័ន្ធនឹងការគ្រប់គ្រងធនធានខ្សាច់ ដើម្បីបង្កើនប្រសិទ្ធភាព​ នៃការគ្រប់គ្រងសំដៅធានាបាន​ នូវផលប្រយោជន៍សេដ្ឋកិច្ច សង្គម និងបរិស្ថាន ក្នុងតុល្យការដែលធានាបានប្រសិទ្ធភាព តម្លាភាព និងចីរភាពនៃការប្រើប្រាស់ធនធានខ្សាច់ ស្របតាមការណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី។

ជាមួយគ្នានេះ លោក វង្សី វិស្សុត ក៏បានគូសបញ្ជាក់ថា អង្គប្រជុំទាំងមូល​ មានភារកិច្ចរិះរកវិធានការ យ៉ាងណាឱ្យយន្តការគ្រប់គ្រង​ ធនធានខ្សាច់ជារួម រួមទាំងការផ្តល់អាជ្ញាបណ្ណធ្វើអាជីវកម្ម និងនីតិវិធីពាក់ព័ន្ធនានា មានប្រសិទ្ធភាពខ្ពស់បំផុត ដោយមានការគិតគូរ​ ជាលក្ខណៈប្រព័ន្ធ និងមានការថ្លឹងថ្លែងច្បាស់លាស់​ អំពីម្ខាងផលប្រយោជន៍សេដ្ឋកិច្ច​ សម្រាប់បម្រើឱ្យការអភិវឌ្ឍ និងចំណូលថវិកាជាតិ និងម្ខាងទៀត​ ផលប៉ះពាល់លើបរិស្ថាន និងសហគមន៍ក្នុងមូលដ្ឋាន។

ក្នុងស្មារតីនេះ អង្គប្រជុំបានពិភាក្សា​ លើរាល់សមាសភាគសំខាន់ៗនៃយន្តការគ្រប់គ្រង​ ធនធានខ្សាច់ក្នុងខ្សែច្រវាក់​ នៃនីតិវិធីនិងលក្ខខណ្ឌចាំបាច់ ជាពិសេសក្នុងការផ្តល់អាជ្ញាបណ្ណ យន្តការនៃការវាយតម្លៃ​ ហេតុប៉ះពាល់លើបរិស្ថាន (Environmental Impact Assessment – EIA) ការកំណត់អត្រាសួយសារជាដើម។ល។

ជាលទ្ធផល អង្គប្រជុំបានពិភាក្សា​ លើវិធានការកែទម្រង់មួយចំនួន និងមុខងារភារកិច្ចរបស់ក្រសួង ស្ថាប័ន ព្រមទាំងមុខសញ្ញា​សម្រាប់ការកែទម្រង់ផ្សេងៗបន្ថែមទៀត ដើម្បីធានាប្រសិទ្ធភាព និងតម្លាភាព ក្នុងការគ្រប់គ្រងធនធានខ្សាច់ និងជាពិសេសឆ្លើយតបទៅនឹងតម្រូវការ​ នៃការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាក់ស្តែង និងកាត់បន្ថយផលប៉ះពាល់​ លើសហគមន៍ក្នុងមូលដ្ឋានឱ្យនៅកម្រិតអប្បបរមា៕

To Top