ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ស្អែកនេះ រដ្ឋសភាកម្ពុជា នឹងបើកសម័យប្រជុំវិសាមញ បោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា ចំនួន២រូប ព្រមទាំងពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់សំខាន់ចំនួនពីរ ។
នេះបើយោងតាមសេចក្តីជូនដំណឹង របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា នាថ្ងៃ២៩ កុម្ភៈ។

សូមជម្រាបថា ការបើកសម័យប្រជុំវិសាមញ្ញ រដ្ឋសភានេះ បន្ទាប់ពីការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា កាលពីថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០២៤កន្លងមក ។ ជាលទ្ធផលបណ្តោះអាសន្ន គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈចំនួន៥៥កៅអី និងគណបក្សឆន្ទៈខ្មែរ ទទួលបានអាសនៈ៣កៅអី ។

សមាជិកព្រឹទ្ធសភា មានចំនួនសរុប៦២រូប ក្នុងនោះកើតចេញ ពីការបោះឆ្នោត៥៨រូប កើតចេញពីការបោះឆ្នោត ជ្រើសរើសដោយសមាជិករដ្ឋសភា ចំនួន២រូប និង២រូបជ្រើសតាំង ដោយព្រះមហាក្សត្រ ៕




