ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ដ្រី ស សុខា ព្រមានបណ្ដេញពីក្របខណ្ឌ ចំពោះនគរបាល ឲ្យកាំភ្លើងទៅអ្នកដទៃខ្ចី

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យពង្រឹង ការគ្រប់គ្រងអាវុធជាតិផ្ទុះឲ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីសន្តិសុខជាតិ ដោយបានព្រមានបណ្តេញចេញ ពីក្របខណ្ឌ ចំពោះមន្រ្តីនគរបាលរូបណា ដែលឲ្យអាវុធ(កាំភ្លើង)ដល់អ្នក ដទៃខ្ចី។

ក្នុងពិធីបូកសរុប លទ្ធត្រួតពិនិត្យលទ្ធផលការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ នាថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្រ្តី ស សុខា បានបញ្ជាក់ថា «មកដល់ម៉ោងនេះកងកម្លាំងនគរបាលទាំងអស់ មិនប្រើប្រាស់អាវុធខុសច្បាប់ទៀតនោះទេ តែបើមានប្រើប្រាស់អាវុធខុសច្បាប់ ឬមួយមិន មានការអនុញ្ញាត ឬឲ្យសំបុត្របេសកកម្ម និងអាវុធទៅឲ្យអ្នកដទៃខ្ចី ខ្ញុំគិតថាមិនចាំបាច់ទុក ក្នុងក្របខណ្ឌអ្វីទៀតនោះទេ គប្បីបណ្តេញចេញភ្លាមតែម្តងពីព្រោះកាំភ្លើងនេះមិនធម្មតានោះទេ កាលណាយកទៅគឺយកទៅធ្វើអ្វីខុស អាចនឹងសម្លាប់គេបាន អាចនឹងប្រើប្រាស់ទៅលើអ្វីផ្តេសផ្តាស់ បានស្រេចតែចិត្ត អញ្ចឹងហើយការងារនេះសូមឲ្យមើល (គ្រប់ស្នង គារនគរបាលរាជធានី-ខេត្ត)» ។

លោកឧបនាយករដ្ឋមន្រ្តី ក៏បានបញ្ជា ឲ្យពិនិត្យមើល ចំពោះអ្នកយាមតាមបណ្តាក្រុមហ៊ុនធំៗផងដែរ ខណៈសព្វថ្ងៃនេះអគ្គស្នងការដ្ឋាន នគរបាលបានប្រមូលអ្នកដែលយាមតាមបណ្តាក្រុមហ៊ុនបានមួយចំនួនធំៗហើយ នៅសល់តែបន្តិចបន្ទួចទេ តែទោះជាយ៉ាងណាក៏ដោយ ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ពីព្រោះអាវុធជាតិ ផ្ទុះនេះសំខាន់ណាស់ ត្រូវតែពិនិត្យឲ្យបានច្បាស់លាស់ ចាប់ពីពេលនេះតទៅមិនត្រូវធ្វេសប្រហែស តទៅទៀតនោះឡើយ ។

ដោយឡែក ទាក់ទងនឹងស្លាក់លេខឡាននគរបាលវិញ លោកឧបនាយករដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានព្រមានខ្លាំងៗផងដែរ ដោយ លោកបានធ្វើការដាស់តឿន ដល់មន្រ្តីនគរបាលទាំងអស់ ដែលប្រើប្រាស់ស្លាកលេខឡាន នគរបាលខុសរឿង ត្រូវតែបញ្ឈប់ភ្លាមខណៈឡាន នគរបាលខ្លះជិះទៅធ្វើការនៅក្នុងកាស៊ីណូ និងខ្លះទៀត ចត់នៅមុខខារ៉ាអូខេជាដើមនោះ ៕

To Top