ព័ត៌មានជាតិ

ក្រសួងបរិស្ថាន ស្នើបញ្ឈប់ ការផ្សព្វផ្សាយមាតិកា ជំរុញឲ្យបំផ្លាញ ធនធានធម្មជាតិ

ភ្នំពេញ ៖ ប្រតិកម្មរបស់ លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន ឲ្យបញ្ឈប់ការផ្សព្វផ្សាយមាតិកា ជំរុញឲ្យបំផ្លាញធនធានធម្មជាតិ នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ បន្ទាប់ពីបានឃើញ ការផ្សាយក្នុងបណ្តាញ សង្គមហ្វេសប៊ុក Yorn Khy ដែលផលិតមាតិកា ដោយយកផ្កាបំពង់ក្រឡោម ទៅធ្វើជាម្ហូប ដើម្បីទាក់ទាញការ ចាប់អារម្មណ៍ពីសាធារណជន។

អ្នកនាំពាក្យរូបនេះ បានធ្វើការអប់រំដោយផ្ទាល់ ដល់ម្ចាស់គណនេយ្យខាងលើ និងស្នើឲ្យមានការលប់ចេញ ពីបណ្តាញផ្សព្វផ្សាយសង្គមរបស់ខ្លួន និងឲ្យបញ្ឈប់ការធ្វើមុខម្ហូប ដែលធ្វើពីសាច់សត្វព្រៃ ឬរុក្ខជាតិកម្រ និងជិតផុតពូជ នៅក្នុងពិភពលោក ដែលកំពុងត្រូវបានអភិរក្ស និងការពារឲ្យគង់វង្ស សម្រាប់កូនចៅតជំនាន់ ។

លោកបន្ថែមថា បច្ចុប្បន្នក្រសួងបរិស្ថាន បាននិងកំពុងចាត់វិធានការតឹងរឹង ចំពោះបទល្មើសធនធានធម្មជាតិ ក្នុងនោះ គឺត្រូវអនុវត្តច្បាប់១០០% ចំពោះអ្នកប្រព្រឹត្តបទល្មើសធនធនាធម្មជាតិ ។ ជាមួយគ្នានេះការអប់រំជំរុញ ឲ្យមានការផ្លាស់ប្តូរឥរិយាបថ ប្រជាពលរដ្ឋទាំងអស់ មានការយល់ដឹង និងចូលរួមថែរក្សាសត្វព្រៃ និងធនធានជីវៈចម្រុះ ក៏ជាផ្នែកសំខាន់ ដែលក្រសួងបាននិង កំពុងយកចិត្តទុកដាក់ ។

លោក ខ្វៃ អាទិត្យា បានលើកឡើងថា ជាពិសេសការ បរិភោគសត្វព្រៃធ្វើឲ្យសុខភាព របស់អ្នកបរិភោគ កាន់តែប្រឈមនឹងគ្រោះថ្នាក់ខ្លាំង និងពេលខ្លះប្រឈមនឹងការបាត់បង់ជីវិត ។

អ្នកនាំពាក្យសង្ឃឹមថា អ្នកបង្កើតមាតិការផ្សព្វផ្សាយ តាមបណ្តាញសង្គម ចូលរួមបង្កើនការយល់ដឹងអំពីសារៈសំខាន់នៃជីវៈចម្រុះ នឹងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ការពារព្រៃឈើ សត្វព្រៃ និងជីវចម្រុះឲ្យបានល្អថែមទៀត។

អ្នកនាំពាក្យបានលើកឡើងដោយយោងតាមការ សិក្សារបស់អ្នកជំនាញថា ផ្កាបំពង់ក្រឡោម, បំពង់ស្រមោច ឬអ្នកខ្លះហៅថា «ផ្កាបំពង់លុក» ឬ «ផ្កាក្រឡូមពារ» ភាសាបច្ចេកទេស Pitcher plants (Nepenthes) គឺជាពួករុក្ខជាតិ អាចចាប់សម្លាប់ និង រំលាយសត្វល្អិតជាអាហារ ដែលចូលទៅក្នុងទម្រង់ស្លឹក ពិសេសរបស់វា ។ រុក្ខជាតិនេះមានដុះនៅតាមតំបន់ ការពារធម្មជាតិនានា នៅកម្ពុជាហើយទីតាំង ដែលមានឈ្មោះល្បីគឺដូចជានៅលើឧទ្យានជាតិព្រះមុនីវង្សបូកគោ នៅតំបន់ខ្នងផ្សារ ក្នុងឧទ្យានជាតិជួរក្រវ៉ាញ កណ្តាលជាដើម។

លោក ខ្វៃ អាទិត្យា ថា រាល់រុក្ខជាតិ បំពង់ក្រឡោមទាំងអស់នេះ ត្រូវបានដាក់ក្នុងឧបសម្ព័ន្ធទី២ (Appendix II) នៃអនុសញ្ញាស្តីពីពាណិជ្ជកម្ម អន្តរជាតិលើប្រភេទសត្វ និងរុក្ខជាតិព្រៃដែលកំពុងរងគ្រោះ (CITES) ដោយមិនអនុញ្ញាតឲ្យមានការជួញដូរនោះឡើយ។

ជាមួយគ្នានេះ មន្រ្តីនាំពាក្យ ក្រសួងបរិស្ថាន ស្នើសុំប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ចូលរួមថែរក្សា ផ្កាបំពង់ក្រឡោមកម្ពុជា ដើម្បីការពារថែរក្សា ពូជបាននៅគង់វង្ស និងចូលរួមថែរក្សាសោភ័ណភាព នៅតាមមូលដ្ឋាន នៅតាមរមណីយដ្ឋានធម្មជាតិបានស្រស់ស្អាត ទាក់ទាញភ្ញៀវទេសចរណ៍ មកទស្សនាបានច្រើន បង្កើតការងារជូនសហគមន៍ និងផ្តល់ប្រាក់ចំណូលជូនប្រជាពលរដ្ឋ កាន់តែប្រសើរថែមទៀត៕

To Top