ព័ត៌មានជាតិ

រដ្ឋមន្រ្តីការបរទេស អប់រំ និងកីឡា នៃបុរីក្សត្រលិចតិនស្តាញ មកកម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ច៣ថ្ងៃ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោកស្រី Dominique Hasler រដ្ឋមន្រ្តីការបរទេស អប់រំ និងកីឡា នៃបុរីក្សត្រលិចតិនស្តាញ បានអញ្ជើញមកដល់រាជធានីភ្នំពេញ ដើម្បីចាប់ផ្ដើមទស្សនកិច្ចផ្លូវការ ចាប់ពីថ្ងៃទី២៩ ខែកុម្ភៈ ដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសខ្មែរ បានឲ្យដឹងថា ដំណើរបំពេញទស្សនកិច្ចនេះលោកស្រី Dominique Hasler នឹងជួបជាមួយ ឧបនាយករដ្ឋមន្ត្រី សុខ ចិន្ដាសោភា ដើម្បីពិភាក្សាលើវិស័យនានានៃកិច្ចសហប្រតិបត្តិការ ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិដែលជាចំណាប់អារម្មណ៍ និងកង្វល់រួម ។

រដ្ឋមន្ត្រីការបរទេសទាំងពីរ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង ក្របខ័ណ្ឌរវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃបុរីក្សត្រលិចតិនស្តាញ ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ។

ជាមួយគ្នានេះ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈលោកស្រី Dominique Hasler នឹងជួបពិភាក្សាការងារដាច់ ដោយឡែកជាមួយ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក ហេង សួរ រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោកស្រី ក៏នឹងអញ្ជើញចុះពិនិត្យគម្រោងនានាដែល គាំទ្រដោយការិយាល័យអភិវឌ្ឍន៍លិចតិនស្តាញនៅកម្ពុជា ផងដែរ។

ដំណើរទស្សនកិច្ចផ្លូវការរបស់លោកស្រី Dominique Hasler នៅកម្ពុជា គឺជាព្រឹត្តិការណ៍ដ៏ សំខាន់នៅក្នុងទំនាក់ទំនងមិត្តភាព រវាងប្រទេសទាំងពីរ សំដៅជំរុញកិច្ចសហប្រតិបត្តិការ ដើម្បីជាផលប្រយោជន៍ សម្រាប់ប្រជាជននៃប្រទេសទាំងពីរ ៕

To Top