ភ្នំពេញ ៖ រាជរដ្ឋាភិបាល នឹងប្រារព្ធកម្មវិធី «ទិវាវប្បធម៌ជាតិ»លើកទី២៦ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ។
ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ លោកហាប់ ទូច រដ្ឋលេខាធិការប្រចាំការ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា «ទិវាវប្បធម៌ជាតិ» លើកទី២៦ ក្រោមប្រធានបទ«យុវជនដើម្បីវប្បធម៌ជាតិ» នឹងមានអ្នកចូលរួមប្រមាណជាង៤០០០នាក់ មកពីតំណាងថ្នាក់ដឹកនាំនានា មរតកមនុស្សរស់សិល្បករ ទាំងក្នុងនិងក្រៅប្រព័ន្ធទូទាំងប្រទេស ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូប ។
លោកពន្យល់ថា«ទិវាវប្បធម៌ជាតិ»៣ មីនា ឆ្នាំ២០២៤នេះ ចំថ្ងៃអាទិត្យ ។ ដូច្នេះ រាជរដ្ឋាភិបាល ក៏បានលើកពេលទៅធ្វើពិធីធំ នៅថ្ងៃទីនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤វិញ ដើម្បីសម្រួលដល់ អ្នកពាក់ព័ន្ធបានចូលរួមច្រើន ។
លោកបញ្ជាក់ថា រាជរដ្ឋាភិបាលបន្តជ្រើសរើសប្រធានបទ«យុវជនដើម្បីវប្បធម៌ជាតិ»ដូចឆ្នាំមុនដែរព្រោះយុវជនជាកម្លាំងចលករដ៏ខ្លាំង ក្នុងការទ្រទ្រង់វប្បធម៌ជាតិ ឱ្យរីកចម្រើនទៅមុខ ។
លោកបញ្ជាក់ថា៖ «បច្ចុប្បន្ន យុវជនដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ហើយបើមើលទៅក្នុងវិស័យវប្បធម៌ យុវជនក៏ចូលរួមច្រើនដែរ ជាពិសេស ក្នុងព្រឹត្តិការណ៍សំណេរអង្គរ មានយុវជនចូលរួមច្រើនណាស់ ដែលមកពីទូទាំងប្រទេស។ បើពិនិត្យក្នុងសកម្មភាពផ្សេងៗ មានការតាំងពិព័រណ៍សៀវភៅថ្នាក់ជាតិ ឃើញមានយុវជនច្រើន ដែលមានអ្នកចូលរួមជាង ២០ម៉ឺននាក់ ជាពិសេសយុវជនស្ម័គ្រចិត្ត ដែលមានច្រើន គួរជាទីមោទនៈ ខណៈការតែងនិពន្ធ មានការកើនឡើងពីមួយឆ្នាំ ទៅមួយឆ្នាំ។ មួយវិញទៀត ព្រឹត្តិការណ៍ភាពយន្ត យុវជនមានការចូលរួមច្រើនណាស់ដែរ បើអ្នកស្ម័គ្រចិត្តចូលរួមច្រើនមែនទែន។ អ្វី ដែលយើងនឹងធ្វើ គឺបង្កើតព្រឹត្តិការណ៍ផ្សេងៗទៀត ដើម្បីលើកស្ទួយវិស័យវប្បធម៌ជាតិ ខណៈជាទូទៅយុវជនចូលរួមច្រើនណាស់»។
ជាមួយគ្នានេះ លោកស្រី ជ័យ ច័ន្ទកិត្យា អគ្គនាយិការង នៃអគ្គនាយកដ្ឋាន បច្ចេកទេសវប្បធម៌ បានថ្លែងដែរថា សន្ទុះនៃការចូលរួមក្នុង វិស័យវប្បធម៌ របស់យុវជន មានការកើនឡើងច្រើន ដោយសារតែក្រសួងវប្បធម៌ បានបង្កើតព្រឹត្តិការណ៍នានា ដើម្បីទាក់ទាញពួកគាត់ ។
យោងតាមរយៈសារាចរ ស្តីពីការរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ទិវាវប្បធម៌ជាតិ គឺជាទិវាដ៏មានសារសំខាន់មួយ របស់ប្រជាជាតិកម្ពុជា រៀបចំឡើង ដើម្បីរំលឹកដល់គុណូបការៈបុព្វបុរសខ្មែរគ្រប់ជំនាន់ ដែលបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត បញ្ញាស្មារតី និងអាយុជីវិត ក្នុងការបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ ដ៏សម្បូរបែប និងមានតម្លៃ មិនអាចកាត់ថ្លៃបាន បន្សល់ទុកមកដល់កូនចៅជំនាន់ក្រោយ។ ទិវានេះ ក៏ជាឱកាស ដ៏មានតម្លៃ ដើម្បីចូលរួមបំផុស នូវមនសិកា ស្រឡាញ់សិល្បៈវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងកេរដំណែលដូនតា ជាច្រើនទៀត ដែលជាដួងព្រលឹង និង អត្តសញ្ញាណជាតិ សម្រាប់ប្រជាជនខ្មែរ គ្រប់រូបក្នុងគោលបំណងធានា ឱ្យបាននូវការអភិរក្សនិងអភិវឌ្ឍវប្បធម៌ប្រកបដោយចីរភាព និងបរិយាបន្ន ស្របតាមគោលនយោបាយជាតិ ស្តីពីវិស័យវប្បធម៌ និងកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាលជាពិសេស យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា៕