ព័ត៌មានជាតិ

ក្រសួងការងារប្រារព្ឋ ខួបលើកទី១១៣ នៃទិវាអន្តរជាតិនារី ក្រោមប្រធានបទស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល

ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តលវិជ្ជាជីវៈ នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែកុម្ភៈឆ្នាំ២០២៤នេះ បានធ្វើជាអធិបតី ក្នុងពិធីអបអរសាទរ ខួបលើកទី១១៣ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៤ក្រោមប្រធានបទ “ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល” ដែលធ្វើប្រារព្ឋឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។

ក្នុងពិធី ដែលមានអ្នកចូលរួម ប្រមាណជាង៣០០នាក់ ដែលក្នុងនោះ ក៏មានតំណាងសហជីពស្ត្រីផងដែរ លោករដ្ឋន្ត្រី បានវាយតម្លៃខ្ពស់ ចំពោះការ ជ្រើសរើស យកប្រធាន បទស្តីពីស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថលថា ជាការដាក់ប្រធានបទដ៏សំខាន់ និងត្រឹមត្រូវ ដែលស្របទៅនឹងការ វិវឌ្ឍនៃសង្គមជាតិ និងស្របតាមផែនការយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលបានសម្រេចផ្តោតបច្ចេកវិទ្យាឌីជីថល។
សម្រាប់លោករដ្ឋមន្ត្រី ការជំរុញឱ្យស្ត្រីនិង យុវតីកម្ពុជាផ្សាភ្ជាប់ ជាមួយបច្ចេកវិទ្យាឌីជីលនេះ គឺនឹងផ្តល់អត្ថប្រយោជន៍ និងផលភាគចេញពីការ អភិវឌ្ឍដែលបច្ចេកវិទ្យាឌីជីថលជាស្នូល ។

សម្រាប់កម្ពុជា សិទ្ធិនារី ត្រូវបានរដ្ឋាភិបាលកម្ពុជា តាំងពីក្រោយការ រំដោះ៧មករា ឆ្នា១៩៧៩មក បានបន្តយកចិត្តទុក ដាក់ខ្ពស់ ជាបន្តបន្ទាប់រហូត ដល់អាណត្តិទី៧នេះ ខណៈដែលស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជ្រោមជ្រែងសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម ដែលធ្វើឱ្យកម្ពុជារីកចម្រើនដូចសព្វថ្ងៃ ។ លើសពីនេះ កម្ពុជាបានផ្តល់ភាពស្របច្បាប់ និងភាពស្មើគ្នា ដោយគ្មាន ការរើសអើងចំពោះមុខរបរ ដែលស្ត្រីប្រកបទោះបីក្រៅម៉ោងការងារ និងក្នុងម៉ោងការងារក៏ដោយ ។ នេះបើតាមការបញ្ជាក់របស់លោករដ្ឋមន្ត្រីដដែល ។

ក្នុងនាមជារដ្ឋមន្ត្រី លោក ហេង សួរ បានសង្កត់ធ្ងន់ថា ការប្រារព្ឋទិវាសិទ្ធិនារីនេះ មិនមែនជាការប្រារព្ឋសម្រាប់និមិត្តរូបនោះទេ តែជាការបង្ហាញការគោរព និងការយកចិត្តទុកដាក់ទៅ ដល់ស្ត្រីដែលកំពុងមានវត្តមានភាគច្រើនជាងបុរសនៅកម្ពុជា។ ដូចនេះ រាល់សកម្មភាព កិច្ចការអាទិភាពត្រូវគិតគូរ ដល់ស្ត្រីបើមិនដូច្នេះទេ ផែនការសកម្មភាព ឬកម្មវិធីនយោបាយណាមួយមិនអាចឆ្លុះបញ្ចាំង ពីទិដ្ឋភាពជាក់ស្តែង សម្រាប់ការអភិវឌ្ឍ ក្នុងសង្គមជាតិកម្ពុជានោះឡើយ។

សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២៤នេះ កម្ពុជាដែលមានក្រសួងកិច្ចការនារីជាសេនាធិការ បានជ្រើសរើសមូលបទ «ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» សម្រាប់អបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ខួបទី១១៣ ក្នុងគោលបំណង រំលេចអំពីសក្តានុពល និងភាពចាំបាច់ នៃការលើកកម្ពស់ ការចូលរួមនិង ភាពជាតំណាងរបស់ស្ត្រី និងក្មេងស្រី ក្នុងវិស័យឌីជីថល ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព ។ ការកំណត់មូលបទសម្រាប់យុទ្ធនាការឆ្នាំនេះរបស់កម្ពុជា បានរៀបចំឡើងឆ្លើយតបនឹងបរិបទ នៃការវិវត្តរបស់សង្គមក្នុងយុគសម័យ ឌីជីថល និងស្របតាមចក្ខុវិស័យ ដែលបានចង្អុលបង្ហាញ នៅក្នុងយុទ្ធសាស្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងក្របខណ្ឌគោលនយោបាយ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាច ដល់ស្រ្តីនិងក្មេងស្រី ៕

To Top