ភ្នំពេញ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានផ្តាំផ្ញើយោធិននារីឲ្យបន្តពង្រឹងសាមគ្គីភាព រួមគ្នាថែរក្សាឲ្យបានរឹងមាំនូវសន្តិភាព និងប្រតិបត្តិឲ្យបានខ្ជាប់ខ្ជួន នូវប្រពៃណីដ៏ល្អផូរផង់របស់នារីខ្មែរ ដែលជាកេរ្តិ៍ដំណែលពីដូនតា បន្តលើកកម្ពស់តម្លៃស្ត្រី និងពង្រឹងសីលធម៌រស់នៅបានសមស្រប តាមការវិវឌ្ឍជឿនលឿនរបស់សង្គមជាតិ ។

ការថ្លែងផ្ដាំផ្ញើរបស់នាយឧត្តមសេនីយ៍ វង្ស ពិសេន ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី អបអរសាទរទិវានារីអន្តរជាតិ ៨ មីនា ខួបលើកទី១១៣ នៅអគ្គបញ្ជាការដ្ឋាន នាព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ ។
ក្នុងឱកាសនោះនាយឧត្តមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ថា ទិវាអន្តរជាតិនារី ៨មីនា ខួបទី១១៣ ដែលបានរៀបចំប្រារព្ធពិធីដ៏មានសារៈសំខាន់នាពេលនេះ ដើម្បីរំលឹកពីភាពអង់អាចក្លាហាន នៃការតស៊ូទាមទារសិទ្ធិសេរីភាពស្មើគ្នារបស់នារី និងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការជាវិជ្ជមាននានា ក្នុងការលើកកម្ពស់សមភាពយេនឌ័រ បង្កើនភាពអង់អាច និងតម្លៃយោធិននារីគ្រប់រូប នៅក្នុងកងយោធពលខេមរភូមិន្ទ។

ក្នុងនាមក្រសួងការពារជាតិ និងអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងកោតសរសើរដោយស្មោះ ចំពោះយោធិននារីគ្រប់រូប ដែល កន្លងមកនេះបានបំពេញបេសកកម្ម ប្រកបដោយភាពអំណត់ព្យាយាម ពុះពារគ្រប់ឧបសគ្គ ដើម្បីចូលរួមចំណែកក្នុងបុព្វហេតុការពារឯករាជ្យ សន្តិភាព បូរណភាពទឹកដី និងសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាពលរដ្ឋ។ នាយឧត្តមសេនីយ៍ថា ប្រការទាំងនេះ ទើបក្រសួងការពារជាតិ និងអគ្គបញ្ជាការ បានយកចិត្តទុកដាក់រៀបចំយោធិននារី ឲ្យមានតួនាទីក្នុងជួរថ្នាក់ដឹកនាំ នៅអគ្គបញ្ជាការដ្ឋាន មាននារីជាអគ្គមេបញ្ជាការង មេបញ្ជាការរង នាយករង នាយសេនាធិការរង និងថ្នាក់បន្តបន្ទាប់ជាច្រើនទៀត ។
ជាមួយគ្នានោះ លោកនាយឧត្ដមសេនីយ៍ បានរំលេចពីមនុញ្ញផលនៃសន្តិភាពក្នុងរយៈពេល២៦ឆ្នាំ ដែលកើតចេញពីការអនុវត្ត ដោយជោគជ័យនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អគ្គមគ្គុទ្ទេសក៍ឯកនៃសន្តិភាព និងការអភិវឌ្ឍជាតិ ធ្វើឲ្យកម្ពុជាសម្រេចបានសមិទ្ធផលជាតិធំៗជាច្រើនក្នុងប្រវត្តិសាស្ត្រ និងរក្សាបានសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គមល្អប្រសើរ ដែលជាបុរេលក្ខខណ្ឌមិនអាចខ្វះ បានក្នុងការអភិវឌ្ឍប្រទេសជាតិ។

លោកអគ្គមេបញ្ជាការ បានថ្លែងអបអរសាទរ និងគាំទ្រទាំងស្រុងគំនិតផ្តួចផ្តើមរបស់ក្រសួងកិច្ចការនារី និងតួអង្គពាក់ព័ន្ធដែលបាន សម្រេចជ្រើសរើសយកមូលបទ«ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» ក្នុងគោលបំណងរំលេចអំពីសក្តានុពល និងភាពចាំបាច់នៃការលើកកម្ពស់ការចូលរួម និងភាពជាតំណាងរបស់ស្ត្រី និងក្មេងស្រី ក្នុងវិស័យឌីជីថលប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។ លោកបន្តថា រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានកំណត់ការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រីនៅគ្រប់វិស័យ ជាអាទិភាពក្នុងរបៀបវារៈគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ តាមរយៈការពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ប្រកបដោយ សីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះស្ត្រីគឺជាស្នូល។

បន្ថែមលើសនេះ លោកនាយឧត្ដមសេនីយ៍ ក៏បានជំរុញឲ្យយោធិននារីយកចិត្តទុក ដាក់អភិវឌ្ឍមូលធនមនុស្ស និងឌីជីថល តាមរយៈការបង្កើនការវិនិយោគលើការអប់រំ និងការអភិវឌ្ឍជំនាញក្នុងវិស័យបច្ចេកវិទ្យាឌីជីថល ពង្រឹងសមត្ថភាពជំនាញស្របតាមបច្ចេកវិជ្ជាទំនើប គោរពឱ្យបានម៉ឺងម៉ាត់លក្ខន្តិកៈ ទូទៅចំពោះកងយោធពលខេមរភូមិន្ទ និងបទបញ្ជានានា ដើម្បីចូលរួមចំណែកក្នុងភារកិច្ចការពារជាតិ និងការអភិវឌ្ឍជាតិឲ្យរីកចម្រើន ៕


