ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកស្រី បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅរសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤នេះ បានដឹកនាំ គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជេីញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី ។
យោងតាមលោក មាស សោភ័ណ្ឌ អ្នកនាំពាក្យរបស់សម្តេចធិបតី បានឲ្យដឹងថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៥០ នៃទំនាក់ទំនង ដៃគូសន្ទនាអាស៊ាន-អូស្ត្រាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី ថ្ងៃទី០១-០៧ ខែមីនា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់លោក អេនថូនី អាល់បានីស៊ី (Anthony Albanese) នាយករដ្ឋមន្ត្រីអូស្ត្រាលី ។
អ្នកនាំពាក្យរូបនេះ បានឲ្យដឹងទៀតថា ក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី នេះ សម្ដេចធិបតី និងថ្នាក់ដឹកនាំអាស៊ាន នឹងអញ្ជើញចូលរួម៖ កិច្ចប្រជុំកំពូលពេញអង្គ ដែលនឹងផ្តោតលើ៖ កិច្ចសហប្រតិបត្តិការអាស៊ាន-អូស្ត្រាលី ក្រោមសសរស្ដម្ភ អាស៊ានទាំងបី និងកិច្ចប្រជុំកំពូលចង្អៀត ដែលនឹងផ្តោតលើ «ចក្ខុវិស័យសម្រាប់តំបន់, បញ្ហាយុទ្ធសាស្ត្រ និង វិធីសាស្ត្រ ដែលអាស៊ាន និងអូស្ត្រាលី អាចធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមរួម» ដែលនឹងផ្ដល់ ឱកាសដល់ថា្នក់ដឹកនាំ កំណត់ទិសដៅអនាគតរួម និងទំនាក់ទំនងកាន់តែស៊ីជម្រៅ តាមរយៈការអនុវត្តឱ្យ បានពេញលេញ និងប្រកបដោយប្រសិទ្ធភាព នូវអទិភាពសំខាន់ៗ នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ អាស៊ាន-អូស្ត្រាលី។
លោក មាស សោភ័ណ្ឌ បានបញ្ជាក់ថា សម្ដេចធិបតី នឹងមានជំនួបទ្វេភាគីជាមួយ លោក អេនថូនី អាល់បានីស៊ី (Anthony Albanese) នាយករដ្ឋមន្ត្រី
អូស្ត្រាលី និងមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំកំពូលៗនៃបណ្តាប្រទេសមួយចំនួនទៀតផងដែរ ។
ក្រៅពីកម្មវិធីខាងលើ សម្ដេចធិបតី នឹងអញ្ជើញជាអធិបតីក្នុងវេទិកាធុរកិច្ច កម្ពុជា-អូស្ត្រាលី ២០២៤ ដែល សម្ដេចធិបតី នឹងថ្លែងសន្ទរកថាគន្លឹះ ស្តីពី “គោលនយោបាយសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា និង ទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា-អូស្ត្រាលី” ។ បន្ថែមពីនេះ សម្ដេចធិបតី ក៍នឹងទទួលជំនួបសម្ដែងការគួរ សមជាបន្តបន្ទាប់ ដោយបណ្តាក្រុមហ៊ុនវិនិយោគអូស្ត្រាលីធំៗ ប្រមាណជាជាង ១១ ដែលវិនិយោគលើវិស័យ សំខាន់ៗដូចជា ធនាគាហិរញ្ញវត្ថុ ឧស្សាហកម្ម ឡូជីស្ទីក ថាមពលនិងឧស្ម័ន កសិកម្មនិងការកែច្នៃម្ហូប អាហារ ហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល និងអបរំ ជាដើម។ល។
ក្នុងឱកាសស្នាក់នៅទីក្រុងម៉ែលប៊ននេះដែរ សម្ដេចធិបតី ក៏នឹងអញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូន ប្រជាពលរដ្ឋសហគមន៍ខ្មែរ និងនិស្សិតខ្មែរ ដែលកំពុងរស់នៅ និងសិក្សា នៅប្រទេសអូស្ត្រាលី និងណូវែល ហ្សេឡង់ ផងដែរ៕











