ព័ត៌មានជាតិ

ក្រសួងការងារ ៖ «ផែនទីបង្ហាញ ផ្លូវស្តីពីការអភិវឌ្ឍ ជំនាញ នៅកម្ពុជា ឆ្នាំ២០២៣-២០៣៥» ដើម្បីធានាថាពលរដ្ឋម្នាក់ មានជំនាញមួយ យ៉ាងតិច​ មានការងារធ្វេីនិងចំណូលសមរម្យ

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈបានដាក់ចេញ«ផែនទីបង្ហាញផ្លូវ ស្តីពីការអភិវឌ្ឍជំនាញ នៅកម្ពុជាឆ្នាំ២០២៣-២០៣៥» ជាផែនការយុទ្ធសាស្រ្ត ដើម្បីដើរទន្ទឹមនឹងបណ្តា ប្រទេសរីកចម្រើន នៅក្នុងតំបន់ និងពិភពលោក លើការអភិវឌ្ឍសមត្ថភាព ជំនាញរបស់ពលរដ្ឋ។

ផែនទីបង្ហាញផ្លូវនេះ មានចក្ខុវិស័យ ដើម្បីផលិត ឬប្រែក្លាយកម្លាំងពលកម្ម ឬធនធានមនុស្សកម្ពុជា ជាធនធានជន្ទល់ សម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ ដែលប្រកប ដោយសមត្ថភាព និងផលិតភាពខ្ពស់ ឆ្លើយតបនឹងតម្រូវការទីផ្សារ ការងារបច្ចុប្បន្ន និងអនាគត និង ផ្តល់ឱកាសដល់យុវជនទទួលបានការសិក្សា និងធានាថាប្រជាពលរដ្ឋម្នាក់ មានជំនាញមួយយ៉ាងតិចប្រចាំជីវិត មានការងារធ្វើល្អសមរម្យ និងមានកម្រិតជីវភាពកាន់តែប្រសើរឡើង។

លោក​ កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ផែនទីបង្ហាញផ្លូវនេះមានគោលបំណងពង្រឹងគុណភាពនៃការអភិវឌ្ឍជំនាញនៅកម្ពុជាឱ្យមានលទ្ធភាពបំពេញសក្តានុពលនៃការរីកចម្រើននាពេលបច្ចុប្បន្ន និង អនាគត ដើម្បីរួមចំណែករក្សា និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាការអភិវឌ្ឍប្រកប ដោយចីរភាព។

លោកបញ្ជាក់បន្ថែមថា ដើម្បីសម្រេចគោល បំណងនេះ សរសរស្តម្ភយុទ្ធសាស្ត្រចំនួន៥ ត្រូវបានកំណត់យ៉ាងច្បាស់លាស់ ដែលប្រទាក់ក្រឡាគ្នាសំដៅ លើការដោះស្រាយបញ្ហា ប្រឈមនានា នៃប្រព័ន្ធអេកូឡូស៊ី នៃការអប់រំបណ្តុះបណ្តាល បច្ចេទេស និងវិជ្ជាជីវៈរបស់កម្ពុជា៖

សរសរស្តម្ភទី១គឺការពង្រឹង គុណភាព អប់រំបណ្ដុៈបណ្ដាល បច្ចេកទេស និងវិជ្ជាជីវៈ(អ.ប.វ) ដើម្បីផលិតនូវបណ្តុំ ពលកម្មជំនាញ ដែលមានសមត្ថភាពគ្រប់គ្រាន់ឆ្លើយតប នឹងតម្រូវការទីផ្សារ ការងារ/ឧស្សាហកម្មនេពេលបច្ចុប្បន្ន និងអនាគត ។

សរសរស្តម្ភទី២ ការលើកកម្ពស់កិត្តិនាម និងការផ្សព្វផ្សាយ ជាការកសាងកិត្តិនាម និងអត្តសញ្ញាណ និងបង្កើនការផ្សព្វផ្សាយគ្រប់ទម្រង់ និងកម្មវិធីមិនទុកនរណាម្នាក់ចោល ដើម្បីបង្កើនភាពទាក់ទាញជំរុញឱ្យមានក្តីស្រមៃ និងមោទនភាពក្នុងការចាប់យក អ.ប.វ និងដើម្បីចូលរួមបង្កើនការចុះឈ្មោះចូលរៀន។

សរសរស្តម្ភទី៣ អ.ប.វ ឆ្លើយតបនឹងឧស្សាហកម្ម ជាការពង្រឹង និងពង្រីកកិច្ចសហការជាមួយវិស័យឯកជន ជាពិសេស សម្រាប់កិច្ចសហការយូរអង្វែងបំពេញវត្តនៃប្រព័ន្ធធានាគុណភាពអ.ប.វ។

សរសរស្តម្ភទី៤ ការពង្រឹងអភិបាលកិច្ច និងភាពជាអ្នកដឹកនាំ ជាការពង្រឹង អភិបាលកិច្ច ពង្រឹងយន្តការស្ថាប័ននិងអន្តរស្ថាប័ន និងពង្រឹង ប្រព័ន្ធធានាគុណភាព អ.ប.វ និងការត្រួតពិនិត្យ និងវាយតម្លៃ។

និងសរសរស្តម្ភទី៥ ការផ្តល់ហិរញ្ញប្បទាន និងចីរភាព ជាការធ្វើពិពិធកម្មហិរញ្ញវត្ថុ បង្កើនទំហំថវិកាសម្រាប់ អ.ប.វ ធានាប្រសិទ្ធភាពក្នុងការប្រើប្រាស់ធនធាន និងពង្រឹង ការគ្រប់គ្រងហិរញ្ញវត្ថុ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិតសភាកម្ពុជា យល់ឃើញថា «ផែនទីបង្ហាញផ្លូវ ស្តីពីការអភិវឌ្ឍជំនាញនៅកម្ពុជា ឆ្នាំ២០២៣-២០៣៥» ជាយុទ្ធសាស្រ្តមួយដ៏សំខាន់ ដើម្បីប្រែក្លាយកម្លាំងពលកម្មក្នុង ប្រទេសពីអតិពលកម្មទៅជាកម្លាំង មានជំនាញជាក់លាក់ តាមរយៈការបណ្តុះបណ្តាល ជំនាញបច្ចេកទេសដែលគូសវាស យ៉ាងម៉ត់ចត់។

លោកបណ្ឌិតបន្តថា ផែនទីបង្ហាញផ្លូវនេះ នឹងធ្វើឱ្យពលរដ្ឋ មានជំនាញ មានចំណូលខ្ពស់ដ្បិតថា ទីផ្សារការងារនឹងទាក់ទាញ នូវការវិនិយោគ បែបបច្ចេកវិទ្យា ដែលមានតម្លៃបន្ថែមខ្ពស់ជាងមុន ដែលជាកត្តាធ្វើឱ្យជីវភាព របស់ប្រជាពលរដ្ឋកាន់ តែប្រឡើង ។ លោកបណ្ឌិតថា ដើម្បីឱ្យគោលនយោបាយនេះ ជោគជ័យទៅបានរដ្ឋាភិបាល តែម្នាក់ឯងមិនអាចអនុវត្ត ជោគជ័យបានឡើយ គឺទាមទារឱ្យមានការចូលរួមពីវិស័យឯកជន និងពលរដ្ឋ៕

To Top