ព័ត៌មានជាតិ

EU បន្តកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជា ពិសេសគាំទ្រគម្រោងគាំពារសុខភាពសង្គម

ភ្នំពេញ៖ ក្នុងជំនួបជាមួយលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលនាថ្ងៃ១ មីនា លោក Igor Driesmans ឯកអគ្គរដ្ឋទូតនៃស្ថានប្រតិភូសហភាពអឺរ៉ុប (EU) បានបញ្ជាក់ជំហរក្នុងការបន្ត កិច្ចសហប្រតិបត្តិការរវាងសហភាពអឺរ៉ុប និងកម្ពុជា ជាពិសេសការបន្តគាំទ្រ គម្រោងគាំពារសុខភាពសង្គម គម្រោងកាកបាទក្រហមកម្ពុជា នៅតាមព្រំដែនកម្ពុជា-ថៃនិងកម្ពុជា-វៀតណាម។

ជាមួយគ្នានោះ លោកទូតក៏ស្នើសុំក្រសួងជួយផ្តល់ដំណឹង និងលើកទឹកចិត្តដល់និសិត្យកម្ពុជា ឲ្យចូលរួមក្នុងកម្មវិធីអាហារូបករណ៍តាមរយៈ ERASMUS ផងដែរ។

សម្រាប់សាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណ ដល់សហភាពអឺរ៉ុប ជាពិសេសឯកអគ្គរដ្ឋទូត ដែលបានបញ្ជាក់ពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ព្រមទាំងបានស្វាគមន៍ដល់ ការវិនិយោគរបស់សហគ្រាស នៃរដ្ឋសមាជិកសហភាពអឺរ៉ុប លើការផលិតឱសថ វ៉ាក់សាំង និងបរិក្ខារវេជ្ជសាស្ត្រដែល មានគុណភាពខ្ពស់ និងនិយាមអន្តរជាតិ ក្នុងគោលដៅរួមគ្នាលើកកម្ពស់ សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការ គ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាល ។

ទន្ទឹមនេះ សាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍ និងថ្លែងអំណរគុណ ដល់បណ្តាប្រទេសជារដ្ឋសមាជិក នៃសហភាពអឺរ៉ុប ដែលបានសហការគាំទ្រ វិស័យសុខាភិបាលទាំងបច្ចេកទេស និងហិរញ្ញវត្ថុ ក្នុងការចូលរួមចំណែកលើកកម្ពស់ សុខុមាលភាពរបស់ប្រជាជនកម្ពុជា នាពេលកន្លងមកដូចជា សាធារណរដ្ឋឆេកបានជួយលើ គម្រោងអភិវឌ្ឍពង្រឹងសមត្ថភាព ការថែទាំជុំវិញកំណើត (Perinatal care center) គម្រោងសុខភាពមាតា និងទារកទើបនឹងកើត សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ (GDR) បាននិងកំពុងជួយគម្រោងគាំពារសុខភាពសង្គម កម្មវិធីសមធម៌សុខភាព និងលើកកម្ពស់គុណភាពសេវានៅកម្ពុជា គម្រោងសុខភាពតែមួយ (One Health 4 Cambodia) ប្រទេសបារាំង បានជួយការងារបណ្តុះបណ្តាល វេជ្ជបណ្ឌិតឯកទេស ជារៀងរាល់ឆ្នាំ បណ្តាលប្រទេសអឺរ៉ុបខាងជើង (Nordic Country) ជួយគម្រោងមូលនិធិសាកល ជាពិសេសគឺការផ្តល់ជំនួយវ៉ាក់សាំងតាមរយៈ កម្មវិធី COVAX និងតាមរយៈជំនួយទ្វេភាគីជាដើម ក្នុងគោលដៅចូលរួមចំណែកគាំទ្រកម្ពុជា ឈានទៅសម្រេចបាននូវការគ្របដណ្តប់ សុខភាពជាសកល (Universal Health Coverage-UHC) ៕

To Top