ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានបន្តអំពាវនាវ ដល់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ចូលរួមសហការប្រើប្រាស់ទឹក ដោយសន្សំសំចៃ ក្នុងកម្រិតខ្ពស់ ជាពិសេសបណ្ដាជនបទ ដែលនៅឆ្ងាយពីប្រភពទឹក ខណៈសីតុណ្ហភាពនៅទូទាំងប្រទេស នឹងឡើងខ្ពស់ជាង មធ្យមភាគច្រើនឆ្នាំ ដែលជាកត្តាធ្វើឱ្យអាកាសធាតុក្តៅហើយស្ងួត។
តាមរយៈសេចក្តីជូនដំណឹង ស្ដីពីការព្យាករអាកាសធាតុលើកទី២ ក្រសួងធនធានទឹក បានឱ្យដឹងថា បន្ទាប់ពីបានធ្វើការតាមដាន វិភាគនិងព្យាករណ៍ ពីស្ថានភាពអាកាសធាតុរួចមក នៅក្នុងរដូវប្រាំង និងដើមរដូវវស្សាចាប់ពី ខែមីនា ដល់ខែឧសភា ឆ្នាំ២០២៤ ដូចខាងក្រោម៖
១-បាតុភូតសកល
យោងតាមការតាមដានទៅលើ ការពិនិត្យសង្កេត និងព្យាករស្ថានភាពវិវត្តន៍ នៃសីតុណ្ហភាព លើផ្ទៃសមុទ្រប៉ាស៊ីហ្វិក ក្បែរអេក្វាទ័របង្ហាញឱ្យឃើញថា៖ ចាប់ពីខែមីនាដល់ខែមេសា ឆ្នាំ២០២៤ អត្រានៃបាតុភូតអែលនីណូ(El Nino) ខ្ពស់ជាង ៧០% នៅបន្តមានឥទ្ធិពលនៅលើ តំបន់ជុំវិញមហាសមុទ្រប៉ាស៊ីហ្វិក។ ចាប់ពីខែឧសភា ឆ្នាំ២០២៤ តទៅ អត្រានៃបាតុភូត អែលនីណូ(El Nino) នឹងថយចុះមកនៅត្រឹម២០% ដោយជំនួសមកវិញនូវស្ថានភាព អព្យាក្រឹត(ENSO-Neutral)។
២-ការព្យាករស្ថានភាពអាកាសធាតុនៅកម្ពុជា
២-១ នៅរដូវប្រាំង ២០២៤ សីតុណ្ហភាពនៅទូទាំងប្រទេស នឹងឡើងខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ ដែលជាកត្តាធ្វើឱ្យអាកាសធាតុក្តៅហើយស្ងួត។ បរិមាណទឹកភ្លៀងនឹងទាបជាងមធ្យមភាគច្រើនឆ្នាំ ហើយភ្លៀងកក់ខែធ្លាក់តិចតួច ដោយតិចជាងឆ្នាំ២០២៣ ជាមួយគ្នានឹង បាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដែលកើតឡើងច្រើន។
២-២ នៅដើមរដូវវស្សា ២០២៤ សីតុណ្ហភាពស្មើ ឬខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ។ បរិមាណទឹកភ្លៀងនឹងទាប ជាងមធ្យមភាគច្រើនឆ្នាំ ហើយមិនសូវរាយប៉ាយ រួមជាមួយនឹងបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់កើតឡើងច្រើន។
យោងលើការព្យាករ អាកាសធាតុ ដូចបានជម្រាបជូនខាងលើ ក្រសួងធនធានទឹក និងឧតុនិយម សូមជូនដំណឹងដល់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋចូលរួមសហការប្រើប្រាស់ទឹកដោយ សន្សំសំចៃក្នុងកម្រិតខ្ពស់ ជាពិសេសបណ្ដាជនបទ ដែលនៅឆ្ងាយពីប្រភពទឹក ។
ជាមួយគ្នានោះសូមយកចិត្តទុកដាក់ និង ប្រុងប្រយ័ត្នចំពោះអាកាសធាតុក្តៅ ហើយស្ងួត បាតុភូតផ្គររន្ទះនិងខ្យល់កន្ត្រាក់ ដែលអាចកើតមានច្រើន នៅក្នុងខែមេសានិងខែឧសភា ឆ្នាំ២០២៤នេះ ៕