ព័ត៌មានជាតិ

ក្រសួង អំពាវនាវឱ្យពលរដ្ឋ ដែលកំពុងធ្វើ អាជីវកម្មរ៉ែមាសអនាធិបតេយ្យ បញ្ឈប់រាល់សកម្មភាព ខុសច្បាប់

ភ្នំពេញ៖ ក្រសួងរ៉ែនិងថាមពល បានបន្តអំពាវនាវ ដល់ប្រជាពលរដ្ឋ ដែលកំពុងធ្វើ អាជីវកម្មរ៉ែមាសអនាធិបតេយ្យ បញ្ឈប់នូវរាល់សកម្មភាពខុសច្បាប់ ហើយចូលរួមទប់ស្កាត់ដោយ ធ្វើការជូនដំណឹងអំពីសកម្មភាពរ៉ែ អនាធិបតេយ្យ មកក្រសួងតាមរយៈប្រព័ន្ធទូរស័ព្ទលេខ០៩៥ ៧២៧ ៧២៧។

តាមរយៈសេចក្តីប្រកាសព័ត៌មាន អំពីយុទ្ធនាការបង្ក្រាបអាជីវកម្មរ៉មាសអនាធិបតេយ្យ ស្ថិតនៅភូមិសាស្ដ្រតំបន់មេសំ ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្រសួងរ៉ែនិងថាមពលបានឱ្យដឹងថា រយៈពេល០៣ ថ្ងៃចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ នេះ ក្រសួងរ៉ែនិងថាមពល ដែលមានមន្ទីររ៉ែនិងថាមពល ខេត្តមណ្ឌលគិរីជាសេនាធិការ ដោយមានកិច្ចសហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី ក្រោម កិច្ចសម្របសម្រួលរបស់ស្ថាប័នអយ្យការខេត្តមណ្ឌលគិរី បានបើកប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំនៅលើ ទីតាំងអាជីវកម្មរ៉ែមាសអនាធិតេយ្យ ស្ថិតនៅក្នុងតំបន់មេសំ ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ក្រសួងឱ្យដឹងថា ក្នុងតំបន់មេសំ ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរីនេះ គឺជាតំបន់អាជីវកម្មរ៉ែមាសបែប លក្ខណៈគ្រួសារតាំងពីអំឡុងឆ្នាំ១៩៨៧ ដែលមានប្រជាពលរដ្ឋប្រកបរបរជីកយក និងរែងមាសដោយដៃតាម លក្ខណៈគ្រួសារ។ ប៉ុន្តែនៅប៉ុន្មានឆ្នាំចុងក្រោយនេះ មានការប្រែប្រួលពីលក្ខណៈគ្រួសារ ដែលធ្វើដោយដៃនិង ឧបករណ៍សាមញ្ញ ទៅជាប្រើគ្រឿងចក្រ រំសេវជាតិផ្ទុះ និងសារធាតុគីមី ដោយមានការជីករូងជាអណ្តូងរ៉ែក្រោមដី។ សកម្មភាពអនាធិបតេយ្យ ដែលមានជាយូរមកហើយនេះ ក្រសួងរ៉ែនិងថាមពលធ្លាប់បានចុះ បង្ក្រាបកាលពីឆ្នាំ២០១៧ និងមានការផ្សព្វផ្សាយជាបន្តបន្ទាប់រួចមកហើយ ប៉ុន្តែសកម្មភាពទាំងអស់នេះនៅ តែកើតមាន ទោះបីជាមន្ទីររ៉ែនិងថាមពលខេត្តមណ្ឌលគិរី បានសហការជាមួយអាជ្ញាធរដែនដី ចុះអប់រំ និងទប់ស្កាត់ក៏ដោយ។

ក្រសួងបន្ថែមថា​ ជាក់ស្ដែងនាពេលថ្មីៗនេះ សកម្មភាពជីករ៉ែអនាធិបតេយ្យ នៅក្នុងតំបន់នេះ នៅតែបន្តមានកាន់តែធ្ងន់ធ្ងរ ជាមួយនឹងការប្រើប្រាស់សារធាតុគីមី រំសេវជាតិផ្ទុះថ្មបំបែក និងជីករូងអណ្ដូងរ៉ែក្រោមដី ដែលអាចបង្កគ្រោះថ្នាក់បំផុត។ ក្រៅពីនេះសកម្មភាពអាជីវកម្ម អនាធិបតេយ្យទាំងនេះ បន្តបង្កឱ្យមានការ បាត់បង់ទ្រព្យសម្បត្តិជាតិ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន បង្កជាហានិភ័យខ្ពស់ ដល់សុខភាពនិងសុវត្ថិភាព របស់អ្នកធ្វើអាជីវកម្មរ៉ែអនាធិបតេយ្យ ខ្លួនឯង ព្រមទាំងប្រជាពលរដ្ឋ នៅក្នុងនិងក្រៅមូលដ្ឋាន។

ក្រសួងរ៉ែនិងថាមពល ប្ដេជ្ញាបញ្ចប់នូវសកម្មភាពរ៉ែអនាធិបតេយ្យ និងជំរុញឱ្យមានការធ្វើអាជីវកម្មរ៉ែ ដោយស្របច្បាប់ដែលនាំមកនូវ ផលប្រយោជន៍ជាតិជាច្រើនមានជាអាទិ៍ ការបង្កើតឱ្យមានឱកាសការងារ នៅនឹងកន្លែងនិងប្រយោល ការចូលរួមចំណែកដល់ការបង្កើតប្រភពចំណូលថវិកាជាតិបន្ថែម និងការបំបាក់ នូវផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាននិងសង្គម ព្រមទាំងចូលរួមចំណែកអភិវឌ្ឍសហគមមូលដ្ឋានតាមរយៈ ការធ្វើអាជីវកម្មរ៉ែប្រកបដោយចីរភាព។

ឆ្លៀតឱកាសនេះ ក្រសួងរ៉ែនិងថាមពលអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើ អាជីវកម្មរ៉ែមាសអនាធិបតេយ្យ បញ្ឈប់នូវរាល់សកម្មភាពខុសច្បាប់ ទាំងនេះ ហើយចូលរួមទប់ស្កាត់ដោយ ធ្វើការជូនដំណឹងអំពីសកម្មភាពរ៉ែ អនាធិបតេយ្យ មកក្រសួងរ៉ែនិងថាមពល តាមរយៈប្រព័ន្ធទូរស័ព្ទលេខ
០៩៥ ៧២៧ ៧២៧។

To Top