ព័ត៌មានជាតិ

សម្តេចធិបតី ៖ កម្ពុជា រីកចម្រើនដូចពេលបច្ចុប្បន្ន មិនមែនពឹងផ្អែកលើ ល្បែងផ្សងសំណាង

រូបភាពពី៖​ STPM

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ប្រទេសកម្ពុជា បានរីកចម្រើនដូចពេលបច្ចុប្បន្ន គឺមិនមែនពឹងផ្អែកលើល្បែងផ្សងសំណាងឡើយ។

នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរ រស់នៅប្រទេសអូស្រ្តាលី និងនូវែលហ្សេឡង់ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសុំការយោគយល់ពីអ្នកវិនិយោគ កុំពង្រីកទីតាំងល្បែងផ្សងសំណាង។

សម្ដេចធិបតី បានបញ្ជាក់ថា «ប្រទេសយើង ក្នុង ២០ឆ្នាំនេះ យើងរីកលូតលាស់ ក្លាយពីប្រទេសក្រីក្រ មកដល់ប្រទេសមានជីវភាពមធ្យមកម្រិតទាប អត់មានត្រូវពឹងផ្អែកពីចំណូលទៅលើល្បែង តាមក្រោមផ្ទះនោះទេ»។

ឆ្លៀតឱកាសនោះដែរ ថ្លែងចំពោះមុខពលរដ្ឋខ្មែរនៅអូស្ត្រាលី និងណូវែលហ្សេឡង់ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា រាជរដ្ឋាភិបាល ប្រឹងប្រែងក្នុងការកែលំអប្រព័ន្ធយុត្តិធម៌ និងការដោះស្រាយបញ្ហាក្រៅប្រព័ន្ធតុលាការ។

សូមរំលឹកថា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានចេញសារសម្លេងជាបទបញ្ជាឱ្យអភិបាលរាជធានី-ខេត្ត ត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាង ក្នុងករណីមានបន្តបើកថ្មីទៀត សូមចាត់វិធានការបិទជាបន្ទាន់ និងរាយការណ៍ផ្ទាល់ជូន សម្តេច៕

To Top