ភ្នំពេញ ៖ សម្តេច ស ខេង ឧត្តមប្រឹក្សា ផ្ទាល់ព្រះមហាក្សត្រ បានអំពាវនាវ ឲ្យសាធារណជនគ្រប់រូប ចូលរួមប្រឆាំងការធ្វើអាជីវកម្មលើសាសនា ដោយបន្តពង្រឹង និងពង្រីកការអប់រំផ្នែក សាសនាផងដែរ។
នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក និងសម្ពោធឆ្លងសមិទ្ធផលនានាវត្តមុនីរង្ស៊ីរតនារាម (ហៅវត្តម្រុំខាងជើង) សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ថ្ងៃ៤ មីនា សម្តេច ស ខេង មានប្រសាសន៍ថា ក្នុងរដ្ឋធម្មនុញ្ញកម្ពុជាមានការគោរពលើសិទ្ធិសេរីភាព ក្នុងការជ្រើសរើសជំនឿ ដូច្នេះ ព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ ហើយប្រជាពលរដ្ឋក៏មានការគោរព ពុទ្ធសាសនាច្រើនផងដែរ។ ទន្ទឹមនឹងនោះ ក៏មានពលរដ្ឋមួយចំនួន បានគោរព ចំពោះសាសនាដទៃដូចគ្នា ។ ត្រង់ចំណុចនេះ សម្តេចស្នើឲ្យមានការគោពគ្នាទៅវិញទៅមក ទើបនាំ្យសង្គមកម្ពុជា មានភាពសុខដុមរមនាជាមួយគ្នា។
សម្ដេចមានប្រសាសន៍ថា «សូមចូលរួមប្រឆាំងការធ្វើអាជីវកម្មលើសាសនា ការរើសអើង និងការបែកចែក។ ក្នុងចំណោមប្រជាពលរដ្ឋ បណ្ដាមកពីភាពខុសគ្នាជំនឿ និងសាសនា ដោយប្រែក្លាយសក្កានុពលសាសនាទាំងអស់ ទៅជាកម្លាំងសាមគ្គីគ្នាតែមួយ»។
ជាមួយគ្នានេះដែរ សម្ដេច ស ខេង ក៏បានណែនាំឲ្យបន្តពង្រឹង និងពង្រីកការអប់រំផ្នែកសាសនា ព្រមទាំងធ្វើការបណ្តុះបណ្តាល ធនធានមនុស្សក្នុងវិស័យពុទ្ធសាសនា ព្រមទាំងបណ្តុះបណ្តាល ធនធានព្រះសង្ឃប្រកបដោយចំណេះដឹង ជំនាញ និងគុណធម៌ វិន័យបានខ្ជាប់ខ្ជួន។
បន្ថែមពីនេះ សម្តេចស្នើឲ្យបន្តថែរក្សាសាមគ្គីភាពផ្ទៃក្នុងឲ្យបានរឹងមាំរវាងព្រះសង្ឃ និង ពុទ្ធបរិស័ទ ពុទ្ធបរិស័ទ និងពុទ្ធបរិស័ទដោយចេះស្រឡាញ់ គោរពរាប់អានគ្នាទៅវិញទៅមក ដោយប្រកាន់នូវ ព្រហ្មវិហារធម៌ទាំង៤ និងត្រូវប្រកាន់នូវសីលធម៌រស់នៅសមរម្យ ថ្លៃថ្នូរ ដើម្បីធ្វើជាគម្រូដល់មនុស្សជំនាន់ក្រោយគោរព និងរៀនសូត្រតាម៕