ព័ត៌មានជាតិ

២ខែដើមឆ្នាំ២០២៤ នគរបាលបង្ក្រាបល្បែង ខុសច្បាប់៣០០ទីតាំង ឃាត់ខ្លួនជិត៥០០នាក់

ភ្នំពេញ ៖ ក្នុងរយៈពេល២ខែ ចាប់គិតពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ សមត្ថកិច្ចក្រសួងមហាផ្ទៃ បានបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ចំនួន៣០០ទីតាំង លើ១៩រាជធានី-ខេត្ត ដោយឃាត់ខ្លួនមនុស្ស សរុបចំនួន៤៩៦នាក់ ។

លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឲ្យដឹងថា ក្នុងចំណោមទាំង៣០០ទីតាំងដែលបង្ក្រាបបាននោះ សមត្ថកិច្ចនគរបាលបានចាត់វិធានការច្បាប់ចំនួន៦៩ទីតាំង លើ១៥រាជធានី-ខេត្ត ពោលគឺកសាងសំណុំរឿងតាមនីតិវិធី ដើម្បីបញ្ជូនទៅកាន់តុលាការ ដែលមានជនសង្ស័យ ១៩៤នាក់ផងដែរ។

លោកអះអាងថា ក្នុងចំណោម៦៩ទីតាំងដែលបញ្ជូនទៅតុលាការនេះ ក៏មាន Game Online ខុសច្បាប់ចំនួន១ទីតាំង និងឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ ។ ការលេងល្បែងភ្នាល់តាម Internet ជ្រកក្រោមផ្លាកអាជីវកម្ម ឬអាជ្ញាប័ណ្ណចំនួន៧ទីតាំង ឃាត់ខ្លួនជន សង្ស័យចំនួន៣១នាក់។ ក្រៅពីនេះ មានល្បែងផ្សេងៗ ដែលកើតតាមមូលដ្ឋានចំនួន៦១ទីតាំង ដោយឃាត់ខ្លួនជនសង្ស័យ ចំនួន១៥៧នាក់។

អ្នកនាំពាក្យរងបញ្ជាក់ទៀតថា ក្រៅពីការ ចាត់វិធានច្បាប់ នគរបាលក្រសួងមហាផ្ទៃ ក៏បានចាត់វិធានការរដ្ឋបាល ផងដែរនៃចំនួនទាំង៣០០ ទីតាំងដែលបង្ក្រាប។ ក្នុងនោះ ចាត់វិធានការរដ្ឋបាល បានចំនួន២៣១ទីតាំង លើ១០រាជធានី-ខេត្ត ដោយបានអប់រំ ណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ការប្រព្រឹត្តិ លើមនុស្សចំនួន៣៣៩នាក់ ៕

To Top