ភ្នំពេញ៖ មន្ត្រីការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់១ នៃអគ្គនាយកដ្ឋាន គយនិងរដ្ឋាករកម្ពុជា កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ បានសហការជាមួយ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឃាត់ត្រួតពិនិត្យទំនិញ នាំចូលដឹកជញ្ជូន តាមរថយន្ត១គ្រឿង ដែលធ្វើដំណើរចេញពីតំបន់ព្រំដែនជ្រៃធំ ខេត្តកណ្តាល ចូលមករាជធានីភ្នំពេញ។
ទំនិញដែលបានត្រួតពិនិត្យ ឃើញជាក់ស្តែងមាន សាច់ត្រីប្រាកិនចំនួន ៤០ បាវ ស្មើនឹង ២,០០០គីឡូក្រាម ដោយពុំមានឯកសារ បែបបទនាំចូលទេ ។
ដោយមានការសង្ស័យលើគុណភាពនៃទំនិញទាំងនេះ មន្ត្រីការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់១ បានស្នើកិច្ចសហការពីមន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កបប) ធ្វើការត្រួតពិនិត្យរួមគ្នា និងបានរកឃើញថា សាច់ត្រីប្រាកិនទាំងនេះ វេចខ្ចប់គ្មានអនាម័យ និងដឹកជញ្ជូនមិនត្រឹមត្រូវ តាមស្តង់ដារ ដែលធ្វើឲ្យខូចគុណភាពមិនអាចប្រើប្រាស់បាន ។
ផ្អែកតាមលទ្ធផលនេះ ក្រុមការងារចម្រុះ បានសម្រេចដកហូត និងធ្វើការដុតកំទេចសាច់ត្រីប្រាកិនទាំងនេះចោលតែម្តង ៕