ព័ត៌មានជាតិ

រដ្ឋបាលក្រុងកំពង់ចាម ចុះហត្ថលេខា ផ្ដល់សិទ្ធិឲ្យក្រុមហ៊ុនស៊ិនទ្រី ប្រមូលដឹកសំរាម រឹងទីប្រជុំជន ក្នុងក្រុងកំពង់ចាម

កំពង់ចាម ៖  លោក លី សុវណ្ណ អភិបាលក្រុងកំពង់ចាម នៅព្រឹកថ្ងៃទី ៤ ខែមីនាឆ្នាំ ២០២៤ នេះ បានចុះហត្ថលេខា ផ្ដល់សិទ្ធិឲ្យក្រុមហ៊ុន ស៊ិនទ្រី រយៈពេល ១០ឆ្នាំ ដើម្បីប្រមូលដឹកជញ្ជូនសំរាម សំណល់រឹង នៅទីប្រជុំជន ក្នុងក្រុងកំពង់ចាម ។

ពិធីចុះហត្ថលេខាលើ កិច្ចសន្យារវាងភាគីទាំងពីរនេះ ធ្វើឡើង នៅសាលប្រជុំតូច សាលាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមធ្វើជាសាក្សី ពីសំណាក់ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោក ចាយ សាមិត្ត រដ្ឋលេខាធិការក្រសួងបរិស្ថាន ផងដែរ ។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ឲ្យដឹងថា ក្រុមហ៊ុនស៊ីនទ្រី បានទទួលការសាកល្បងធ្វើបានល្អ នៃការប្រមូលដឹកសំរាម ក្នុងក្រុងកំពង់ចាម រយៈពេលមួយឆ្នាំ ដែលនោះជាបទពិសោធន៍សម្រាប់អនុវត្តការងារនេះឲ្យមាននិរន្តរភាព រយ:ពេលយូរអង្វែង ។ ប៉ុន្តែនៅថ្ងៃនេះ រដ្ឋបាលក្រុងកំពង់ចាម បានចុះហត្ថលេខា លើកិច្ចសន្យាផ្ដល់សិទ្ធិ ឲ្យក្រុមហ៊ុន សិនទ្រី រយៈពេល ១០ ឆ្នាំ ដើម្បីប្រមូលដឹកសំរាម សំណល់រឹង ក្នុងក្រុងកំពង់ចាម ។

លោកអភិបាលខេត្ត បានបញ្ជាក់ផងដែរថា ការអនុវត្តប្រមូលដឹកសំរាមក្នុងក្រុងកំពង់ចាម គឺ ខាងក្រុមហ៊ុនសិនទ្រី មានភារកិច្ចប្រមូលដឹកសំរាម រីឯ រដ្ឋបាលក្រុងកំពង់ចាម មានភារកិច្ចប្រមូលថ្លៃសេវាតាមខ្នងផ្ទះ និងបង់ថ្លៃសេវាឲ្យទៅក្រុមហ៊ុនសិនទ្រី ក្នុងសំរាម ១តោន តម្លៃ ១៧ដុល្លារ ។

លោកអភិបាលខេត្ត បានណែនាំ ឲ្យអភិបាលក្រុងកំពង់ចាម ពិនិត្យមើល ទីតាំងផ្សេងៗបន្ថែមទៀត ដើម្បីធ្វើការប្រមូលសំរាមឲ្យអស់លទ្ធភាព ផ្ដល់ភាពស្អាតដល់ទីក្រុងរបស់យើង ឲ្យសាកសមជាទីក្រុង ដែលទទួលបានជ័យលាភីផ្ការំដួល ៣ ទង។

លោក ចាយ សាមិត្ត រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា ខេត្តកំពង់ចាម គឺជាខេត្តមួយឈានមុខគេ នៃបណ្ដាខេត្តទូទាំងប្រទេស ក្នុងការអនុវត្តអនុក្រឹត្យលេខ ១១៣ ពោលគឺ រដ្ឋបាលក្រុងកំពង់ចាម អាចមានលទ្ធភាព បង់ថ្លៃសេវា នៃការប្រមូលសំរាមនេះ ដោយមិនត្រូវការថវិកាជំនួយពីរដ្ឋបាលខេត្ត ។ ហើយការងាររបស់រដ្ឋបាលក្រុងកំពង់ចាមនេះ អាចជាបទពិសោធន៍ សម្រាប់ធ្វើការផ្សព្វផ្សាយ ទៅតាមបណ្ដាក្រុង នៃខេត្តផ្សេងៗទៀតយកគំរូតាមផងដែរ ។ 

អភិបាលក្រុងកំពង់ចាម លោក លី សុវណ្ណ បានឲ្យដឹងផងដែរថា លទ្ធផលការងារ ដែលបានអនុវត្តក្នុងឆ្នាំ ២០២៣ កន្លងទៅឃើញថា ប្រជាពលរដ្ឋទូទាំងក្រុង មានការសប្បាយ រីករាយ ចំពោះសេវាប្រមូលសំរាមថ្មី និងចូលរួមបង់សេវាមានការកើនឡើង ច្រើនជាងពេលគ្រប់គ្រងដោយក្រុមហ៊ុនឯកជន ។

លោកបន្តថា កាលពីគ្រប់គ្រងដោយក្រុមហ៊ុនឯកជន មានប្រជាពលរដ្ឋចូលរួមបង់សេវាចំនួន ៣,៧០០ ទីតាំង តែបច្ចុប្បន្នគិតត្រឹមចុងឆ្នាំ ២០២៣ នេះ មានការកើនឡើងប្រជាពលរដ្ឋមកភ្ជាប់សេវា ជាមធ្យម ៥,៨០៤ ទីតាំង ៕

To Top