ព័ត៌មានជាតិ

អភិបាលរង រាជធានីភ្នំពេញ ៖ ក្រោមម្លប់សន្តិភាព ឋានៈ និងតួនាទីរបស់ស្ត្រីកម្ពុជា ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់

ភ្នំពេញ៖ លោក អ៊ឹមរ៉ន ហាស្សាន់ អភិបាលរង រាជធានីភ្នំពេញ បានលើកឡើងថា បច្ចុប្បន្ននេះ ក្រោមម្លប់សុខសន្តិភាព ស្ថានភាព ឋានៈ និងតួនាទីរបស់ស្ត្រីកម្ពុជា ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ រួមទាំងនៅក្នុងក្របខណ្ឌអភិបាលកិច្ច កិច្ចគាំពារសង្គម ការស្តារសេដ្ឋកិច្ច-សង្គម ពីវិបត្តិកូវីដ-១៩ និងកិច្ចការនៅលើឆាកអន្តរជាតិ ។

ការលើកឡើង របស់លោកអភិបាលរង រាជធានីភ្នំពេញ ខាងលើនេះ ធ្វើឡើងក្នុងសិក្ខាសាលាអប់រំផ្សព្វផ្សាយ ការថែទាំសុខភាពស្តីពី ការពិនិត្យតាមដានសុខភាព និងគ្រប់គ្រងព្យាបាលកោសិកា មិនប្រក្រតី មុនក្លាយជាមហារីកមាត់ស្បូន ដើម្បីអបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ ខួបទី១១៣ ក្រោមប្រធានបទ “ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ ។

អភិបាលរងរាជធានីភ្នំពេញលើកឡើងថា ការចូលរួមរបស់ស្ត្រីនៅគ្រប់កម្រិត គឺជាគុណតម្លៃ ដើម្បីធានាថាប្រជាពលរដ្ឋ គ្រប់រូបមានសិទ្ធិ និងឱកាសពេញលេញ ក្នុងការទទួលបានជម្រើស ភាពជាតំណាង និងចូលរួមយ៉ាងសកម្ម លើគ្រប់វិស័យ ដើម្បីឈានទៅសម្រេចបាន នូវកិច្ចការអាទិភាព ប្រកបដោយប្រសិទ្ធភាព។

លោកថា ការបន្តលើកកម្ពស់ និងជំរុញការអនុវត្តគោលនយោបាយ ពង្រឹងសមភាពយេនឌ័រ ជាពិសេសការងារបញ្ជ្រាបយេនឌ័រ ជាកិច្ចការអន្តរវិស័យ ក្នុងការធានាបាននូវចីរភាព នៃសុខសន្តិភាព និងពន្លឿនល្បឿននៃការអភិវឌ្ឍជាតិ ជាពិសេសក្នុងយុគសម័យឌីជីថល និងការកសាងមូលដ្ឋាន ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាជា ប្រទេសដែលមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។

លោកបានជំរុញឲ្យអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ដៃគូពាក់ព័ន្ធ ប្រជាជនគ្រប់រូប និងគ្រប់ក្រុមគ្រួសារ ត្រូវមានភាពចាំបាច់ ក្នុងការចូលរួមគាំទ្រ និងអនុវត្តការងារយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី ដើម្បីបង្កបរិស្ថានអំណោយផល និងឱកាសឱ្យស្ត្រី និងក្មេងស្រី បានបន្តចូលរួមយ៉ាងពេញលេញ ក្នុងការអនុវត្តសិទ្ធិ ទទួលបាននូវអត្ថប្រយោជន៍ ក្នុងសង្គមដែលមានសន្តិភាព និងការអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល ។

ជាមួយគ្នានេះ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំ ប្រឹងប្រែង ការយកចិត្តទុកដាក់ របស់គណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្រ្តី និងកុមារ នៃរដ្ឋបាលរាជធានីភ្នំពេញ ដែលបានខិតខំបំពេញការងារ បានយ៉ាងល្អក្នុងលើកកម្ពស់ឧត្តមប្រយោជន៍របស់ស្រី្តឲ្យកាន់តែល្អប្រសើរឡើង។

ឆ្លៀតក្នុងឱកាសនេះ ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ បានជំរុញដល់ក្រុមការងារស្ត្រី នៅក្រោមឱវាទរដ្ឋបាលរាជធានីភ្នំពេញ និងសមាជិកក្រុមប្រឹក្សា ទាំងអស់ ត្រូវបង្កើនសមត្ថភាព និងការចូលរួមក្នុងបរិវត្តកម្មឌីជីថលឲ្យប្រកបដោយប្រសិទ្ធភាព ខណៈការអប់រំចំណេះដឹងជំនាញ ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យានេះ ជាមូលដ្ឋានគ្រឹះក្នុងការចូលរួមប្រកួតប្រជែង ប្រកបដោយសក្តានុពល នៅក្នុងទីផ្សារសេដ្ឋកិច្ចថ្នាក់ជាតិ និងនៅក្នុងតំបន់ ហើយក៏ជាអ្នកទទួលបានភោគផល ពីកិច្ចអភិវឌ្ឍលើគ្រប់វិស័យ ដែលធ្វើឱ្យជីវភាពរស់នៅរបស់ស្ត្រី និងគ្រួសារមានភាពប្រសើរឡើង រួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ និងងាយរងគ្រោះ ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយកំណត់យកអាទិភាពគន្លឹះ ចំនួន៥រួមមាន៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ។ ក្នុងនោះ រាជរដ្ឋាភិបាល បានចាត់ទុកបច្ចេកវិទ្យា ឌីជីថល ជាកត្តាលីករថ្មីៗដ៏មានសារៈសំខាន់ ដែលមានសក្តានុពល និងកាលានុវត្តភាពក្នុងការជំរុញផលិតភាពសេដ្ឋកិច្ច និងសង្គម ក៏ដូចជាប្រសិទ្ធភាពនៃ ការងាររដ្ឋបាល ដែលផ្តោតលើការផ្តល់សេវាគ្រប់ប្រភេទ មានលក្ខណៈងាយស្រួល និងកាន់តែខិតជិត ប្រជាពលរដ្ឋ៕

To Top