ភ្នំពេញ ៖ កម្លាំងនគរបាលជាតិ ក្រសួងមហាផ្ទៃទូទាំងប្រទេស បានបង្ក្រាបបទល្មើសព្រហ្មទណ្ឌចំនួន៤៤ករណី និងឃាត់ខ្លួនជនសង្ស័យបានចំនួន៨៩នាក់ ក្នុងរយៈពេលពេញមួយសប្ដាហ៍កន្លងទៅ ដោយគិតចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
បើតាមលោក ទូច សុឃៈ ក្នុងចំណោមបទល្មើសព្រហ្មទណ្ឌសរុប ភាគច្រើនជាអំពើលួច ដែលមានចំនួន១៧ករណី បន្ទាប់មកករណីហិង្សា ដែលមានចំនួន១១ករណី។ យ៉ាងណាក៏ដោយ បើធៀបនឹងសប្ដាហ៍កន្លងទៅ បទល្មើសព្រហ្មទណ្ឌក្នុងសប្ដាហ៍ចុងក្រោយនេះ បានថយចុះពី៦១ មកនៅត្រឹម៤៤ករណី។
កងកម្លាំងអនុវត្តច្បាប់ ជាពិសេសមន្រ្តីនគរបាលជាតិ ចាប់ពីអគ្គស្នងការដ្ឋាន រហូតដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ បានកំពុងបន្តយកចិត្តទុកដាក់ ក្នុងការផ្សព្វផ្សាយ អប់រំ បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស ដោយផ្អែកលើគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដែលកំណត់អំពីការ គ្មានបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស គ្មានអំពើហិង្សា និងក្មេងទំនើងជាដើម នៅគ្រប់ភូមិ ឃុំ និងសង្កាត់ទូទាំងប្រទេស ៕