ព័ត៌មានជាតិ

ឃាត់រថយន្ត ដឹកជ្រូកក្លាសេ ខូចគុណភាពជាង ១០០ក្បាល នៅបាត់ដំបង យកដុតកម្ទេចចោល

ភ្នំពេញ ៖ មន្រ្តីនៃការិយាល័យស្រាវជ្រាវ និងបង្រ្កាបអំពើរត់ពន្ធតំបន់៤ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ បានសហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឃាត់ត្រួតពិនិត្យរថយន្តម៉ាក LEXUS ១គ្រឿង នៅភូមិសាស្រ្តស្រុកថ្មគោល ខេត្តបាត់ដំបង កំពុងដឹកជញ្ជូនជ្រូកក្លាសេ ចំនួន ១១០ក្បាល ទម្ងន់ប្រមាណ ៨៨០គីឡូក្រាម ដែលធ្វើដំណើរចេញពីតំបន់ព្រំដែន ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយពុំមានឯកសារ បែបបទនាំចូល ។

យោងតាមហ្វេសប៊ុកអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងទៀតថា ដោយមានការសង្ស័យលើគុណភាព នៃទំនិញទាំងនេះ នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ មន្រ្តីគយនិងរដ្ឋាករ បានស្នើកិច្ចសហការពីមន្រ្តី នៃសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ខេត្តបាត់ដំបង (ក.ប.ប) ដើម្បីធ្វើការត្រួតពិនិត្យរកសារធាតុគីមី និងគុណភាព ។

ជាលទ្ធផល ជ្រូកក្លាសេទាំងអស់ ខូចគុណភាព វេចខ្ចប់គ្មានអនាម័យ និងដឹកជញ្ជូនមិនត្រឹមត្រូវ តាមស្តង់ដាបច្ចេកទេស ដូចនេះសមត្ថកិច្ចចម្រុះ បានសុំការអនុញ្ញាតពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដើម្បីធ្វើការដុតកម្ទេចជ្រូកក្លាសេ ខូចគុណភាពនេះ តាមនីតិវិធីជាធរមាន ៕

To Top