ព័ត៌មានជាតិ

រាជរដ្ឋាភិបាល និងវិស័យឯកជន សហការលើកកម្ពស់ ការចូលរួមរបស់ស្រ្តី ក្នុងវិស័យឌីជីថលនៅកម្ពុជា

ភ្នំពេញ៖ ក្រសួងកិច្ចការនារី និងក្រុមហ៊ុន ខេមប្រ៊ូវ បានសហការគ្នារៀបចំពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ «ការជំរុញបរិយាបន្ននៅកន្លែងការងារ» ដែលពិធីនេះរៀបចំឡើងនៅរោងភាពយន្ត Major Cineplex ក្នុងផ្សារទំនើបអ៊ីអន៣ រាជធានីភ្នំពេញ។

លោកជំទាវ ហ៊ូ និរមិត្តា រដ្ឋលេខាធិការក្រសួងកិច្ចការនារី ថ្លែងថា ក្នុងឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលនឹងប្រារព្វពិធីអបអរសាទរខួបទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ក្រោមមូលបទ «ស្រ្តី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល» ក្នុងគោលបំណងរំលេចអំពីសក្តានុពល និងភាពចាំបាច់នៃការលើកកម្ពស់ការចូលរួម និងភាពជាតំណាងរបស់ស្រ្តី និងក្មេងស្រីក្នុងវិស័យឌីជីថល។ លោកជំទាវរដ្ឋលេខាធិការបន្ថែមថា កិច្ចសហការ និងភាពជាដៃគូរបស់វិស័យឯកជន ក្នុងការលើកកម្ពស់ស្ថានភាព និងតួនាទីស្រ្តី គឺជាកិច្ចការចំបាច់ និងជួយជំរុញពន្លឿនការឈានទៅសម្រេចគោលដៅបានឆាប់ជាងមុន។

ជាមួយគ្នានេះ លោកជំទាវរដ្ឋលេខាធិការក៏បានលើកទឹកចិត្តឱ្យស្រ្តី បន្តពង្រឹងភាពអង់អាចរបស់ខ្លួន ដើម្បីទទួលយកអត្ថប្រយោជន៍ពីបរិយាបន្ននៅកន្លែងការងារ និងជាគុណតម្លៃសម្រាប់ខ្លួនឯង គ្រួសារ និងក្រុមហ៊ុនរបស់ខ្លួន ព្រមទាំងជាភាពជាគំរូដល់ស្រ្តី និងក្មេងស្រីផ្សេងៗទៀត។

លោក វ្ល៉ាឌីមៀរ វ៉ាវ៉ា អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន ខេមប្រ៊ូវ មានប្រសាសន៍ថា ស្របតាមគោលបំណងជាសកលរបស់ក្រុមហ៊ុន «អភិវឌ្ឍឲ្យកាន់តែប្រសើរទាំងថ្ងៃនេះ និងថ្ងៃស្អែក» និងដោយទទួលស្គាល់ពីសារៈសំខាន់នៃពិពិធភាព សមធម៌ និងបរិយាបន្ន (Diversity, Equity & Inclusion ‘DE&I’) នៅក្នុងអាជីវកម្ម សេដ្ឋកិច្ច និងសង្គម ក្រុមហ៊ុន ខេមប្រ៊ូវ ដែលជាបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន Carlsberg Group បានដាក់ចេញនូវយុទ្ធសាស្រ្តជាសកលជាមួយនឹងផែនការសកម្មភាពជាក់លាក់ ដើម្បីបញ្ជ្រាបការយល់ដឹង លើកកម្ពស់ និងជំរុញ DE&I នៅទីកន្លែងការងារ ក្រោមរបៀបវារៈដែលមានឈ្មោះថា «WELCOME YOU»។

លោកអគ្គនាយកបន្តថា របៀបវារៈ DE&I នេះ ត្រូវបានដាក់បញ្ចូលទៅក្នុងយុទ្ធសាស្រ្តអាជីវកម្មអាទិភាពរបស់ក្រុមហ៊ុន ហើយយើងត្រូវធានាឲ្យបានថា សហសេវិករបស់យើងម្នាក់ៗ ទទួលស្គាល់ និងមានអារម្មណ៍ថា ពួកគេត្រូវបានរាប់បញ្ចូល ទទួលបានឱកាស និងការអភិវឌ្ឍដូចៗគ្នាប្រកបដោយសមធម៌។ លោកអគ្គនាយកបន្ថែមថា យើងក៏មានការប្តេជ្ញាខ្ពស់ ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រីនៅគ្រប់វិស័យ ជាពិសេសសេដ្ឋកិច្ច និងក្នុងបរិវត្តកម្មឌីជីថល។

ជាសក្ខីកម្ម និងនិមិត្តរូបនៃការប្តេជ្ញាចំពោះរបៀបវារៈ DE&I ខេមប្រ៊ូវ តែងតែប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ជារៀងរាល់ឆ្នាំ ក៏ដូចជាដើម្បីសម្តែងការគោរពកោតសរសើរ និងអរគុណដល់សហសេវិកទាំងអស់ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការនាំយកនូវសមិទ្ធផលលើ DE&I ហើយពួកគាត់ជាចរន្តផ្សាភ្ជាប់អាជីវកម្មរបស់យើង ទៅក្នុងសហគមន៍ដែលយើងមានប្រតិបត្តិការ និងជាកម្លាំងជំរុញកំណើនអាជីវកម្មប្រកបដោយនវានុវត្តន៍ និងនិរន្តរភាព៕

To Top