ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យមានផែនការទប់ស្កាត់ បញ្ហាគ្រឿងញៀន ដោយចាត់វិធានការលុបបំបាត់នៅតាមទីតាំងអាជីវកម្ម KTV ក្លឹប បៀរហ្គាឌិន សាលារៀន និងទីតាំងផ្សេងៗទៀត។
ការលើកឡើងរបស់លោក ឃួង ស្រេង ធ្វើឡើង ក្នុងកិច្ចប្រជុំ គណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ ។
លោក ឃួង ស្រេង បានបញ្ជាក់ពីគោលបំណងនៃកិច្ចប្រជុំ ដើម្បីពិនិត្យលើការងារឡើងវិញ ថាតើនៅខ្វះខាត ចន្លោះប្រហោងអ្វីខ្លះ ដើម្បីបំពេញបន្ថែម សំដៅធ្វើយ៉ាងណា បំរើផលប្រយោជន៍ ជូនប្រជាពលរដ្ឋ ឲ្យកាន់តែល្អប្រសើរ ទាំងការរក្សាសន្តិសុខ សុវត្ថិភាព និងការផ្តល់សេវាសាធារណៈ ជាដើម។
លោក ឃួង ស្រេង បានលើកឡើងថា ការដោះស្រាយចរាចរណ៍ជារឿងមួយ ដែលយើងបានដោះស្រាយ ចោរឆក់ត្រូវបានទប់ស្កាត់ និងកាត់បន្ថយបានច្រើន តែយើងក៏នៅមានចំណុចចន្លោះប្រហោងខ្លះដែរ ដែលយើងរួមគ្នា ដើម្បីអោយបានប្រសើរឡើង ដូចជាការទប់ស្កាត់បង្ក្រាបក្មេងទំនើង ការបង្ក្រាបគ្រឿងញៀន និងល្បែងស៊ីសងជាដើម។
ឆ្លើយតបនឹងរបាយការណ៍ ប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ អំពីមណ្ឌលកំសាន្ត ចំនួន៣៦៣ទីតាំង ដែលមាន ការ៉ាអូខេ ចំនួន២៧២ទីតាំង ក្លឹបចំនួន៤៦ទីតាំង និងប៊ៀហ្គាឌិនចំនួន៤៥ទីតាំង ត្រូវបានលោកអភិបាលរាជធានីភ្នំពេញ ជំរុញឲ្យមានផែនការទប់ស្កាត់ បញ្ហាគ្រឿងញៀន ពិសេសអាជ្ញាធរខណ្ឌទាំង១៤ ត្រូវចុះពិនិត្យមើលទីតាំង ដែលមានហានិភ័យ ចំពោះគ្រឿងញៀន ដើម្បីមានវិធានការលើការបង្ក្រាប លុបបំបាត់គ្រឿងញៀនឲ្យបាន។
លោកអភិបាលរាជធានីភ្នំពេញ បានឲ្យបន្តទប់ស្កាត់ បង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ជាមួយនិងការបំផុស ផ្សព្វផ្សាយប្រជាពលរដ្ឋ ឲ្យបង្ការទប់ស្កាត់គ្រោះអគ្គីភ័យ ដោយសារតែរដូវនេះជារដូវក្តៅ ងាយរងគ្រោះដោយអគ្គីភ័យ ដែលទាមទារឲ្យមានការប្រុងប្រយ័ត្នខ្ពស់។
ជាមួយគ្នានេះ លោក ឃួង ស្រេង បានឲ្យអាជ្ញាធរខណ្ឌចុះមើលទីតាំង នៅមុខ សាលារៀន ភោជនីដ្ឋាន ឬកន្លែងអាជីវកម្មផ្សេងៗទៀត ខណៈអាណាព្យាបាល មកយកកូន ឬមកទទួលសេវាផ្សេងៗ បណ្តាលមានការកកស្ទះចរាចរណ៍ ត្រូវចុះដោះស្រាយភ្លាមៗ កុំឲ្យកកស្ទះចរាចរណ៍៕









