ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានផ្ដល់អនុសាសន៍ចំនួន៥ចំណុច ដើម្បីដាក់ទិសដៅការងារ សម្រាប់អនុវត្តឱ្យមានគុណភាព និងប្រសិទ្ធភាព ក្នុងគម្រោងសហប្រតិបត្តិការ ជាមួយដៃគូអភិវឌ្ឍន៍ ក្នុងក្របខ័ណ្ឌក្រសួង។
ការផ្ដល់អនុសាសន៍នេះ ធ្វើឡើងក្នុងឱកាសលោករដ្ឋមន្រ្តី អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព គម្រោងសហប្រតិបត្តិការ ជាមួយដៃគូអភិវឌ្ឍន៍ក្នុងក្របខ័ណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤នេះ។
ក្នុងឱកាសនោះដែរ ដើម្បីឆ្លើយតបតាម អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានកំណត់គោលការណ៍ សម្រាប់ការអភិវឌ្ឍនានាដោយ ការពង្រឹងគុណភាព៧០% និងពង្រីក ៣០% ។
លោករដ្ឋមន្ដ្រី បានផ្តល់អនុសាសន៍៥ចំណុចមានដូចខាងក្រោម៖
១/ត្រូវបន្ដធ្វើបច្ចុប្បន្នភាព ខ្សែផ្លូវជនបទ ដោយផ្អែកតាមប្រព័ន្ធគ្រប់គ្រង សារពើភ័ណ្ឌផ្លូវជនបទ និងផែនការមេ របស់ ក្រសួងអភិវឌ្ឍន៍ជនបទ
២/ ត្រូវពង្រឹងតួនាទី និងមុខងារនៃមន្ទីរពិសោធន៍
៣/ត្រូវពិនិត្យលើនីតិវិធីនៃ ការអនុវត្តគម្រោងសហប្រតិបត្តិការ ដៃគូអភិវឌ្ឍន៍ទាំងអស់ ដើម្បីធានាដល់ដំណើរការអនុវត្តតាមផែនការ ដែលបានគ្រោងទុក
៤/ ត្រូវពិនិត្យលើ ការអនុវត្តការងារ របស់ក្រុមហ៊ុនទទួលការសាងសង់ ដើម្បីធានាដល់ការសាងសង់ផ្លូវជនបទ ឱ្យមានគុណភាពល្អ ប្រើប្រាស់បានយូរអង្វែង
៥/ ត្រូវពិនិត្យតួនាទី និងភារកិច្ចរបស់ទីប្រឹក្សាគម្រោងទាំងអស់ ដើម្បីធានាដល់ដំណើរការអនុវត្តគម្រោង មានប្រសិទ្ធភាព។
លោក ឆាយ ឫទ្ធិសែន បានមានប្រសាសន៍ថា កិច្ចប្រជុំនេះមានគោលបំណង ពិនិត្យវឌ្ឍនភាព នៃការអនុវត្តគម្រោង ការពិនិត្យលើបញ្ហាប្រឈម និងការស្វែងរកដំណោះស្រាយ ដើម្បីដាក់ទិសដៅការងារសម្រាប់អនុវត្តឱ្យមានគុណភាព និងប្រសិទ្ធភាព៕








