ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានស្នើរដ្ឋបាលរាជធានី-ខេត្ត ធ្វើការណែនាំរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដើម្បីសម្របសម្រួល និងគាំទ្រ ក្នុងការអនុវត្តការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ ប្រកបដោយប្រសិទ្ធភាព ជូនប្រជាពលរដ្ឋ។
តាមរយៈលិខិតរបស់ ក្រសួងមហាផ្ទៃ ចេញផ្សាយនាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលមានរួមបញ្ចូល ការធ្វើកំណែទម្រង់ដីធ្លី និងនគរូបនីយកម្ម ជាមួយនឹងការបង្កើត ឱ្យមាននូវគោលនយោបាយដីធ្លី រួមមាន ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់យកការចុះបញ្ជីដីធ្លីជូន ប្រជាពលរដ្ឋ ជាការងារអាទិភាពខ្ពស់ និងត្រូវអនុវត្តឱ្យបានចប់ សព្វគ្រប់នៅទូទាំងប្រទេស។
កន្លងមក ក្រុមការងារ ចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ នៅតាមបណ្តារាជធានី ខេត្ត ដែលមានប្រធានការិយាល័យ រៀបចំដែនដីនគរូបនីយកម្ម សំណង់ និងភូមិបាលក្រុង ស្រុក ខណ្ឌ ជាប្រធានក្រុម ការងារចុះបញ្ជី បាននិងកំពុងអនុវត្ត កម្មវិធីអនុវិស័យ រដ្ឋបាលដីធ្លី ក្នុងគោលបំណង ធ្វើការចុះបញ្ជី កម្មសិទ្ធិ និងសិទ្ធិផ្សេងៗទៀត លើអចលនវត្ថុឱ្យ បានច្បាស់លាស់ និងជាផ្លូវការ ដើម្បីទប់ស្កាត់ និងដោះស្រាយវិវាទដីធ្លី សំដៅពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដីធ្លី និងបង្កើនភាពជឿជាក់ លើប្រព័ន្ធចុះបញ្ជីដីធ្លី ។
ក្នុងន័យនេះ ដើម្បីជំរុញការអនុវត្តការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យកាន់តែមាន ប្រសិទ្ធភាពបន្ថែមទៀត និងទទួលបានជោគជ័យតាមផែនការដែលបានកំណត់ ក្រសួងមហាផ្ទៃ សូមស្នើ រដ្ឋបាល រាជធានី ខេត្ត ធ្វើការណែនាំដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ដើម្បីសម្របសម្រួល និងគាំទ្រក្នុង ការអនុវត្តការចុះបញ្ជី ដីធ្លីមានលក្ខណៈជាប្រព័ន្ធរបស់ក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលមានប្រធានការិយាល័យរៀបចំ ដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលក្រុង ស្រុក ខណ្ឌ ជាប្រធានក្រុមការងារ ដឹកនាំការងារចុះបញ្ជីដីធ្លីនេះ ៕