ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ដ្រី ស សុខា ឲ្យចាត់វិធានការ លើអ្នកប្រើប្រាស់ យានយន្ដនគរបាល ចូលទីតាំងកាស៊ីណូ ខារ៉ាអូខេ ឬគោលដៅ មិនសមស្របផ្សេងៗ

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញបទបញ្ជា ឲ្យអគ្គស្នងការដ្ឋាន នគរបាលជាតិ ត្រូវធ្វើការត្រួតពិនិត្យ ជាប្រចាំនៅតាមដងផ្លូវ តាមទីតាំងកាស៊ីណូ ក្លឹបកំសាន្ដ ទីតាំងខារ៉ាអូខេ ឬគោលដៅមិនសមស្រប ផ្សេងៗទៀត ដោយត្រូវចាត់វិធានការ ម៉ឹងម៉ាត់ ចំពោះករណីខុសឆ្គង ក្នុងការប្រើប្រាស់យានយន្ដ នគរបាលជាតិ។

លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានលើកឡើងបែបនេះ បន្ទាប់ពីមានបុគ្គល មួយចំនួនតូច បានប្រើប្រាស់ដោយខុស លក្ខណៈការណ៍កំណត់ នូវយានយន្តនគរបាលជាតិគ្រប់ប្រភេទ ឬយកចូលទៅកាន់ទីតាំង មិនសមស្រប ដែលនាំឲ្យប៉ះពាល់ដល់ កិត្យានុភាព របស់កងកម្លាំងនគរបាលជាតិ និងកិត្តិយសក្រសួងមហាផ្ទៃ ។

តាមរយៈសេចក្ដីណែនាំរបស់ ក្រសួងមហាផ្ទៃ ចេញផ្សាយនាពេលថ្មីៗនេះ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានឲ្យដឹងថា ដើម្បីបំបាត់រាល់បាតុភាពខុសឆ្គងទាំងនេះ ក្រសួងមហាផ្ទៃ ធ្វើការណែនាំដល់អគ្គស្នងការដ្ឋាន នគរបាលជាតិ អគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋាន និងអង្គភាពនានា ចំណុះក្រសួងមហាផ្ទៃព្រមទាំង ស្នងការដ្ឋានរាជធានី ខេត្ត ត្រូវផ្សព្វផ្សាយ និងអនុវត្តឲ្យមានប្រសិទ្ធភាពតាម ស្តីពីការចុះបញ្ជី ការចេញបណ្ណសម្គាល់ និងផ្លាកលេខយានយន្ត គ្រប់គ្រងដោយក្រសួងមហាផ្ទៃ និងលិខិតបទដ្ឋាននានា ដែលពាក់ព័ន្ធដល់ការគ្រប់គ្រង និងប្រើប្រាស់យានយន្តនគរបាលជាតិ។

លោកឧបនាយករដ្ឋមន្ដ្រីបន្ដថា ត្រូវធ្វើការគ្រប់គ្រង និងធ្វើបច្ចុប្បន្នភាព ជាប្រចាំនូវយានយន្តប្រើផ្លាកលេខ នគរបាលជាតិក្នុង អង្គភាព ។ ក្នុងករណីមានការបញ្ឈប់ប្រើប្រាស់ យានយន្តណាមួយត្រូវរាយការណ៍ និងប្រគល់ផ្លាកលេខ និងបណ្ណសម្គាល់ ទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិ (នាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ) ដើម្បីលុបចេញពីបញ្ជីជាបន្ទាន់ ។

លោកឧបនាយករដ្ឋមន្ដ្រី បន្ថែមថា ហាមឃាត់រាល់សកម្មភាព ប្រើប្រាស់យានយន្ត នគរបាលជាតិ ដូចជា ៖ យកផ្លាកលេខពីយានយន្ត ដែលបានចុះបញ្ជីត្រឹមត្រូវ ទៅបំពាក់យានយន្តផ្សេងទៀត, យកយានយន្ត ដែលពាក់ផ្លាកលេខ នគរបាលជាតិ ទៅប្រើប្រាស់ ដើម្បីយកទៅប្រកបអាជីវកម្មផ្សេងៗ មានលក្ខណៈជាឯកជន មិនមែនសម្រាប់បម្រើផល ប្រយោជន៍ក្រសួង ឬរដ្ឋ, យកយានយន្តនគរបាលជាតិ ទៅឲ្យបុគ្គលផ្សេងទៀត ប្រើប្រាស់, យកយានយន្តពាក់ផ្លាកលេខ នគរបាលជាតិ ចូលទៅក្នុងទីតាំងកាស៊ីណូ ក្លឹបកំសាន្ត ទីតាំង ខារ៉ាអូខេ ឬគោលដៅ មិនសមស្របផ្សេងទៀត, យកយានយន្តពាក់ផ្លាកលេខ នគរបាលជាតិ ទៅប្រព្រឹត្តអំពើល្មើស ច្បាប់ផ្សេងៗ, ប្រើប្រាស់យានយន្ត នគរបាលជាតិ ដែលហួសសុពលភាព នៃកាលកំណត់ក្នុងបណ្ណសម្គាល់ យានយន្ត។

លោកឧបនាយករដ្ឋមន្ដ្រី គូសបញ្ជាក់ថា «អគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវធ្វើការត្រួតពិនិត្យ ជាប្រចាំនៅតាមដងផ្លូវ តាមទីតាំងកាស៊ីណូ ក្លឹបកំសាន្ត ទីតាំងខារ៉ាអូខេ ឬគោលដៅមិនសមស្របផ្សេងទៀត និងចាត់វិធានការម៉ឺងម៉ាត់ ចំពោះករណ៏ខុស ឆ្គងក្នុងការប្រើប្រាស់ យានយន្តនគរបាលជាតិ ព្រមទាំងបូកសរុបរាយការណ៍ ប្រចាំត្រីមាស និងរាយការណ៍ ក្នុងករណីចាំបាច់ ជូនថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដើម្បីស្នើសុំគោលការណ៍ដឹកនាំ»

To Top