ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ចាម បើកយុទ្ធនាការតេស្ត រកសារធាតុញៀន លើមន្ត្រីរាជការជិត ២,០០០ នាក់ នៃចំនួន ៣៥មន្ទីរអង្គភាព

កំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២៤ នេះ បានបើកយុទ្ធនាការ ធ្វើតេស្តរកសារ ធាតុញៀន លើមន្ត្រីរាជការ ប្រមាណជិត ២,០០០នាក់ នៃមន្ទីរអង្គភាពជុំវិញខេត្ត ។

នាយករដ្ឋបាលសាលាខេត្តកំពង់ចាម លោក ឃន ប្រុស បានថ្លែងថា ដោយអនុវត្ត តាមបទបញ្ជាលេខ ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់រាជដ្ឋាភិបាលកម្ពុជា ស្តីពីការដាក់ចេញវិធានការ ម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ។

ថ្ងៃនេះ រដ្ឋបាលខេត្ត បានរៀបចំធ្វើតេស្ត ដល់បងប្អូនមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ដើម្បីចូលរួមចំណែកធានា ប្រសិទ្ធភាព នៃការអនុវត្តយុទ្ធនាការប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី៩ ដែលជាអាទិភាពនយោបាយ របស់រាជរដ្ឋាភិបាល ក៏ដូចជាការលើកកម្ពស់ជំនឿទុកចិត្ត ប្រសិទ្ធភាពការងារ និងអភិបាលកិច្ចល្អនៅក្នុងស្ថាប័ន មន្ទីរ អង្គភាពជុំវិញខេត្ត ។

លោកនាយករដ្ឋបាលបន្តថា មានមន្ត្រីរាជការ តាមមន្ទីរ អង្គភាព ក្នុងខេត្តកំពង់ចាម រួមមានសមាជិកក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការសាលាខេត្ត មន្ត្រីមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្ត្រីជាប់កិច្ចសន្យា សរុបចំនួន ១៩៦៧ នាក់ស្រី៧៣៧ នាក់ មកពី ៣៥មន្ទីរអង្គភាព ដែលត្រូវធ្វើតេស្តរកសារធាតុញៀន នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ ដោយបែងចែកជា ២វេន (ព្រឹក-ល្ងាច) ដូចខាងក្រោម ៖

(ពេលព្រឹក) មានចំនួន ៩៩១ នាក់ (ចំនួន ១៥មន្ទីរ)។

(ពេលល្ងាច) មានចំនួន ៩៧៦ នាក់ (ចំនួន ២០មន្ទីរ-អង្គភាព) ។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា មានប្រសាសន៍ឲ្យដឹងដែរថា នៅជំហានដំបូងនេះ រដ្ឋបាលខេត្ត បានទទួលឧបករណ៍សម្រាប់ធ្វើតេស្តចំនួន ៥,០០០ ឧបករណ៍ ដូច្នេះ ត្រូវបើកយុទ្ធនាការធ្វើតេស្តរកសារធាតុញៀន ទៅលើមន្ត្រីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងសមាជិកភូមិ និង តំណាក់កាលទី ២ និងឈានទៅដល់ការធ្វើតេស្តក្រុមគ្រូបង្រៀន និងក្រុមគ្រូពេទ្យ សរុបទាំងអស់ប្រមាណជា ២ ម៉ឺននាក់ ។

លោកអភិបាលខេត្ត បានបញ្ជាក់ទៀតថា មន្ត្រីរាជការក្នុងខេត្ត ត្រូវតែចូលរួមធ្វើតេស្តទាំងអស់គ្នា ដើម្បីបញ្ជាក់ នូវភាពស្អាតស្អំ ភាពត្រឹមត្រូវ ក៏ដូចជាបញ្ជាក់ពីការចូលរួមគាំទ្រយុទ្ធនាការនេះផងដែរ ដើម្បីអនុវត្តទៅទទួលបានជោគជ័យ ៕

To Top