ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំក្រុមការងារ សកម្មភាពជនពិការក្រសួង មហាផ្ទៃ ត្រូវយកចិត្តទុកដាក់ និងលើកទឹកចិត្តជនមានពិការភាព មានសិទ្ធិចូលបម្រើការងារ ដោយគ្មានការរើសអើង ព្រមទាំងសិក្សា ស្រាវជ្រាវច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា។

គិតត្រឹមឆ្នាំ២០២២ ក្រសួងមហាផ្ទៃ មានមន្រ្តីរាជការ បុគ្គលិក មានពិការភាពបម្រើការងារទាំងក្នុងក្រសួង និងអង្គភាពក្រោមឱវាទសរុបចំនួន ៩៥២នាក់ ស្មើនឹង ០,៩៣ភាគរយ នៃមន្រ្តីរាជការ និងបុគ្គលិកសរុប។

នាឱកាសអញ្ជើញដឹកប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេចស្ដីពី ការបង្កើតក្រុមការងារសកម្មភាព ជនពិការក្រសួងមហាផ្ទៃ នាថ្ងៃទី៦ មីនា លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានណែនាំឲ្យបង្កើន អត្រាមន្រ្តីរាជការ និងបុគ្គលិកមានពិការភាព ឲ្យបានដល់ ១ភាគរយ និងបានស្នើក្រុមការងារសកម្មភាព ជនពិការក្រសួងមហាផ្ទៃ បន្តកិច្ចសហការឲ្យបានល្អ ជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីធានារួមចំណែកជ្រោមជ្រែង ជនមានពិការភាពនៅក្នុង ក្រសួងមហាផ្ទៃ ក៏ដូចជាទូទាំង ប្រទេសទទួលបានសិទ្ធិ សេរីភាព សុខុមាលភាព និងឱកាសចូលរួមគ្រប់សកម្មភាព ក្នុងសង្គមប្រកបដោយបរិយាបន្ន។

ដើម្បីឲ្យការងារដ៏មានសារៈសំខាន់នេះ អាចសម្រេចទៅបានដោយជោគជ័យ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា គូសបញ្ជាក់ថា «សូមផ្ដល់អនុសាស៍ទៅកាន់ក្រុមការងារសកម្មភាព ជនមានពិការភាពក្រសួងមហាផ្ទៃ រដ្ឋបាលថ្នាក់ក្រោមជាតិ និងបណ្ដាអង្គភាព ចំណុះក្រសួងទាំងអស់ យកចិត្តទុកដាក់លើកទឹកចិត្ត ជនមានពិការភាពដែលមានលក្ខណៈសម្បត្តិនិងសមត្ថភាពឲ្យបំពេញមុខងារ តួនាទីទទួលខុសត្រូវក្នុងមុខតំណែង មានសិទ្ធិចូលបម្រើការងារដោយគ្មាន ការរើសអើង ព្រមទាំងសិក្សា ស្រាវជ្រាវច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងពិការភាព និងជំរុញធ្វើការផ្សព្វផ្សាយ អោយបានទូលំទូលាយ ដល់អង្គភាពពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ ក្រោមជាតិ»។

ប្រមុខក្រសួងមហាផ្ទៃ ក៏បានស្នើឲ្យក្រុមការងារសកម្មភាពជនពិការ មានកិច្ចសហការល្អជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ អង្គភាពពាក់ព័ន្ធ អង្គការដៃគូ វិស័យឯកជន កែសម្រួល ឬក៏រៀបចំផាសុកវត្ថុ បទដ្ឋានបច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដើម្បីបង្កលក្ខណៈងាយស្រួលដល់ជន មានពិការភាព នៅតាមទីកន្លែងសាធារណៈ និងឯកជនន និងសហការកំណត់ អត្តសញ្ញាណជនមានពិការភាព សហការកសាងសមត្ថភាព និងគាំទ្របច្ចេកទេសដល់មន្ត្រីទទួលបន្ទុក តាមដាន ត្រួតពិនិត្យ ដោះស្រាយបញ្ហាប្រឈម នានាពាក់ព័ន្ធការងារនេះ ព្រមទាំងរៀបចំផែនការសកម្មភាព យន្តការតាមដាន ត្រួតពិនិត្យ វាយតម្លៃ និងផែនការថវិកា សម្រាប់ក្រុមការងារសកម្មភាព ជនពិការក្រសួងមហាផ្ទៃ។

សូមរំលឹកថា ក្រៅពីក្រសួងមហាផ្ទៃ បណ្ដាក្រសួង-ស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិផ្សេងទៀត ក៏ដូចជាស្ថាប័នក្នុងវិស័យឯកជននានាដែរ សុទ្ធតែបាននឹងកំពុងផ្ដល់ឱកាស និងអាទិភាពបំផុតជូនដល់ជនមានពិការភាព ដើម្បីបានចូលបម្រើការងារលើគ្រប់វិស័យ។ ស្ថិតិផ្លូវការបានឲ្យដឹងថា នៅឆ្នាំ២០២៣ មានជនមានពិការភាព ចំនួន៧៥៣៨នាក់ បាននិងកំពុងបម្រើការងារ នៅតាមស្ថាប័នរដ្ឋនិងឯកជន ក្នុងនោះស្ថាប័នរដ្ឋមានចំនួន ៣ ៧៧៦នាក់៕



