ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ស សុខា គាំទ្របេសកកម្ម និងទស្សនាទាន របស់លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងការលើកតម្កើង គុណតម្លៃស្ដ្រី នៅកម្ពុជា

ភ្នំពេញ ៖ ក្នុងពិធីអបអរសាទ ទិវាអន្តរជាតិនារី ៨មីនា ២០២៤ ខួបទី១១៣ ប្រារព្ធធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ លោក ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញការកត់សម្គាល់ និងគាំទ្រពេញទំហឹងចំពោះបេសកកម្ម និងការផ្ដល់ទស្សនាទានដ៏ឧត្តុង្គឧត្តមខ្ពង់ខ្ពស់របស់ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងគោលដៅបង្កើនភាពអង់អាច និងលើកតម្កើងគុណតម្លៃរបស់ក្មេងស្រី និងស្ត្រីនៅកម្ពុជា និងនៅទូទាំងសាកលលោក ។

ពីវេទិកាអធិបតីនោះដែរ ឧបនាយករដ្ឋមន្ត្រី ស សុខា បានមានប្រសាសន៍ថា «លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគម កាយឫទ្ធិនារីកម្ពុជា បានចែករំលែកចំណេះដឹង និងបទពិសោធជីវិតការងារ ដែលបានបង្ហាញពីថាមពល និងការចាប់ផ្តើមដ៏ល្អ តាមរយៈការបណ្តុះគំនិត វិជ្ជាប្រកបដោយពុទ្ធិ និងភាពជាម្ចាស់ ការលើខ្លួនឯង ក្នុងការអនុវត្តជីវភាពប្រចាំថ្ងៃ ការសិក្សាការប្រកបការងារផ្សេងៗរបស់ស្ត្រី និងក្មេងស្រី»។

លោកឧបនាយករដ្ឋមន្ត្រី បានចាត់ទុកបេសកកម្មរបស់លោកស្រីបណ្ឌិត ពេជ ចន្នមុន្នី ក្នុងកម្មវិធី «បងស្រី និងប្អូនស្រី» ថាជាត្រីវិស័យចង្អុលទិសនៅក្នុងការរៀបចំគោលដៅជីវិតក្មេងស្រី នាពេលអនាគត ដែលមានដូចជា ១. ត្រូវមានការសិក្សា ដើម្បីជាធនធានសម្រាប់ជាតិ ២. ត្រូវមានសុខភាពល្អ ល្អទាំងផ្លូវកាយ និងផ្លូវចិត្ត ៣. ត្រូវមានសីលធម៌ សុជីវធម៌ គុណធម៌ រួមទាំងមេត្តាធម៌ និង៤. ត្រូវមានការតបស្នងទៅសង្គម ដោយចូលរួមបម្រើសង្គម យើងទទួលបានពីសង្គម យើងក៏តបស្នងទៅសង្គមវិញ ។

ឧបនាយករដ្ឋមន្ត្រី ក៏បានទាញចំណាប់រម្មណ៍អង្គពិធី អំពីទស្សនាទានដែលលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី លើកឡើងថា «នៅក្នុងផ្ទះ បើមិនមានភរិយាខ្លាំង និង ម្តាយល្អ នោះស្វាមី និងឪពុក ក៏ពិបាកនឹងមានឱកាសគ្រប់គ្រាន់ ធ្វើរឿងជោគជ័យនៅខាងក្រៅដែរ»។

គួរកត់សម្គាល់ថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់និង លើកកម្ពស់សិទ្ធិជូនស្ត្រី ដោយបានកំណត់ ការលើកកម្ពស់ សមភាពយេនឌ័រ និងការបង្កើនភាពអង់អាច របស់ស្ត្រីនៅគ្រប់វិស័យ គឺជាអាទិភាពតាមរយៈការពង្រឹងភាព ជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះ «ស្ត្រី គឺជាស្នូល»៕

To Top