ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា អនុប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និង ជាប្រធានក្រុមប្រឹក្សា យុវជនគ្រឹះស្ថាន ឧត្តមសិក្សា (ក.យ.គ) រំពឹងថា ក្រោមឆ័ត្រនៃ ស.ស.យ.ក. និងក្រោមដំបូល នៃសុខសន្តិភាព ស្មារតីសាមគ្គីភាព ក្តីស្រលាញ់ ការលះបង់ ដើម្បីប្រយោជន៍សង្គម នឹងបន្តកើតមានក្នុងបេះដូង នៃសមាជិកគ្រួសារក្រុមប្រឹក្សា យុវជនគ្រឹះស្ថានឧត្តមសិក្សា ទាំងពេលបច្ចុប្បន្ន និងពេលអនាគត។

ការថ្លែងបែបនេះ ក្នុងឱកាសលោក ស សុខា ជាតំណាងលោក ហ៊ុន ម៉ានី ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា អញ្ជើញជាអធិបតីពិធីបើកសន្និបាត បូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និង លើកទិសដៅការងារ ឆ្នាំ២០២៤ របស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា នៃសហភាពសហព័ន្ធ យុវជនកម្ពុជា នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ។

ក្នុងឱកាសនោះដែរ លោក ស សុខា គូសបញ្ជាក់ថា ស.ស.យ.ក. បានបង្កើតផែនការយុទ្ធសាស្ត្រ ដំណាក់កាលទី២ ស្តីពី «យុវជនក្នុងបុព្វហេតុជាតិ មាតុភូមិឆ្នាំ២០២៣-២០២៨» ដែលជាផែនទីបង្ហាញផ្លូវ និងជាត្រីវិស័យតម្រង់ទិស ក្នុងការបន្តបំពេញ បេសកកម្មដ៏ពិសិដ្ឋរបស់ខ្លួន ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗ បន្ថែមទៀតជូនជាតិ និងប្រជាពលរដ្ឋ។

លោកបន្តថា ការចូលរួមចំណែកអនុវត្តផែនការ យុទ្ធសាស្ត្ររបស់ ស.ស.យ.ក. គ្រប់ដំណាក់កាល ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា បានបំពេញភារកិច្ច ទទួលខុសត្រូវរបស់ខ្លួនយ៉ាងសកម្ម ចាប់ពីឆ្នាំ២០២១ តាមរយៈការដាក់ចេញផែនការសកម្មភាពប្រចាំឆ្នាំជាបន្តបន្ទាប់។ លោកថា មកដល់ពេលនេះ ក្រុមប្រឹក្សាយុវជន គ្រឹះស្ថានឧត្តមសិក្សា បានបញ្ចប់ការអនុវត្តផែនការសកម្មភាពប្រចាំឆ្នាំ២០២៣ រួចហើយ និងបានរៀបចំសន្និបាត បូកសរុបលទ្ធផលការងារនៅថ្ងៃនេះ ដើម្បីឆ្លុះបញ្ចាំងអំពីស្នាដៃ និងសមិទ្ធផល ដែលសម្រេចបានក្នុងឆ្នាំកន្លងទៅ។ នេះគឺជាការរៀបចំសន្និបាតបូក សរុបលទ្ធផលការងារប្រចាំឆ្នាំ ជាលើកទី៣ ហើយ បន្ទាប់ពីក្រុមប្រឹក្សា យុវជនគ្រឹះស្ថានឧត្តមសិក្សា ត្រូវបានបង្កើតឡើង។

ពីវេទិកាពិធីបើកសន្និបាតនោះដែរ លោក ស សុខា បានសម្តែង នូវការជឿជាក់ថា ការជួបជុំប្រចាំឆ្នាំ នាឱកាសនេះ នឹងផ្តល់ជាក្លាយជាវេទិកា ដ៏មានសារៈសំខាន់សម្រាប់សមាជិកគ្រួសារក្រុមប្រឹក្សាយុវជន គ្រឹះស្ថានឧត្តមសិក្សា ទាំងអស់ ពិភាក្សា និងផ្លាស់ប្តូរបទ ពិសោធន៍ ក៏ដូចជាចែករំលែក ទស្សនវិស័យរួមសម្រាប់អនាគត ក្នុងន័យចូលរួមចំណែកបណ្តុះបណ្តាលធនធានមនុស្សជាមួយរាជរដ្ឋាភិបាល ក្នុងបរិការណ៍ប្រកួតប្រជែងលើគ្រប់ទិដ្ឋភាព ទាំងភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ច និងសង្គម ការរីកលូតលាស់យ៉ាង ឆាប់រហ័សនៃបច្ចេកវិទ្យា ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ឆ្ពោះទៅរកការប្រើប្រាស់ បច្ចេកវិទ្យា និងការផ្លាស់ប្ដូរនិម្មាបនកម្មសកល ដើម្បីបង្កើននូវភាពធន់ និង កសាងសង្គម-សេដ្ឋកិច្ចឌីជីថលរឹងមាំ ស្របតាមគោលនយោបាយ ដឹកនាំសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា៕
