ភ្នំពេញ៖ ក្នុងឱកាដទិវានារី ៨មីនា លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកឡើងថា ស្ត្រីជាកត្តាធនធានមនុស្សមិនអាចខ្វះបាន ក្នុងវិស័យព័ត៌មាន ហើយស្រ្តីដែលជាអ្នកសារព័ត៌មាន បានដើរតួនាទីយ៉ាងសំខាន់ និងយ៉ាងសកម្ម ក្នុងការរួមចំណែកលើកស្ទួយ សមភាពយេនឌ័រ ការពារ និងលើកកម្ពស់តម្លៃស្ត្រី នៅក្នុងសង្គម។
ស្របពេលដែលសង្គមមានការរីកចម្រើន ការអភិវឌ្ឍក្នុងវិស័យព័ត៌មានបានបង្កឱកាសបន្ថែមទៀត សម្រាប់ស្ត្រី ដែលការចូលរួមរបស់ស្ត្រី ទាំងក្នុងសារព័ត៌មាន ការផលិតមាតិកាព័ត៌មានអនឡាញ និងជាអ្នកដឹកនាំកម្មវិធីផ្សាយព័ត៌មាននានាមានការកើនឡើង ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្តល់ដំណឹង ចំណេះដឹង ការកំសាន្ត និងព័ត៌មានផ្សេងៗទៀត ជាពិសេសតាមរយៈប្រព័ន្ធផ្សព្វផ្សាយទំនើប សម្រាប់ជាប្រយោជន៍ ដល់ការប្រកបការងារ របរចិញ្ចឹមជីវិត និងការរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។
យ៉ាងណាក៏ដោយ ឱកាសក្នុងការទទួលបានការងារ ក្នុងវិស័យព័ត៌មាន នៅមានកម្រិតនៅឡើយ ជាពិសេសសម្រាប់ស្រ្តីដែលរស់នៅតាមជនបទ បើធៀបនឹងចំនួនអ្នកសារព័ត៌មានទាំងអស់។ ម្យ៉ាងទៀត ស្ត្រីប្រឈមនឹងហានិភ័យមួយចំនួន ជាពិសេសពាក់ព័ន្ធនឹងសុវត្ថិភាពតាមប្រព័ន្ធអនឡាញ និងសុខុមាលភាពការងារ។
ទន្ទឹមនេះ វប្បធម៌ និងផ្នត់គំនិតចំពោះស្ត្រី ដែលចាក់ឫសយ៉ាងជ្រៅក្នុងសង្គមកម្ពុជា ក៏ជាកត្តារារាំងដល់ស្ត្រី និងក្មេងស្រី ក្នុងការចូលរួម ឱ្យបានពេញលេញ។
ទោះយ៉ាងនេះក្តី ក្នុងបរិបទនៃបរិវត្តកម្មឌីជីថល វាមានភាពចាំបាច់ក្នុងការប្រែក្លាយឱកាស ជាមធ្យោបាយដើម្បីលើកកម្ពស់ការចូលរួមរបស់ស្ត្រី ក្នុងវិស័យព័ត៌មាន ជាពិសេស តាមរយៈប្រព័ន្ធផ្សព្វផ្សាយទំនើប ដើម្បីបង្កើនការរួមចំណែករបស់ស្រ្តី ក្នុងវិស័យព័ត៌មាន ជួយដោះស្រាយបញ្ហាប្រឈមរបស់ស្ត្រី ព្រមទាំងលើកទឹកចិត្តពួកគាត់ឱ្យសម្របខ្លួន បានទៅនឹងសម័យកាលនៃការវិវត្តបច្ចុប្បន្ន។
លោក ទេព អស្នារិទ្ធ គូសបញ្ជាក់ថា ក្នុងន័យនេះ រាជរដ្ឋាភិបាល និងក្រសួងព័ត៌មាន បានផ្តល់តម្លៃខ្ពស់ ដល់ការចូលរួម របស់ស្ត្រីជាវិស័យអាទិភាពមួយ ដោយបានដាក់បញ្ចូល «ស្ត្រី និង ក្មេងស្រី ក្នុងបរិវត្តកម្ម ឌីជីថល» ទៅក្នុងផែនការយុទ្ធសាស្ត្រ សម្រាប់ការអនុវត្ត។ ក្នុងនោះ ក្រសួងព័ត៌មាន បានផ្តល់ឱកាសជូនដល់មន្ត្រីរាជការ និង អ្នកសារព័ត៌មានជាស្ត្រី និងលើកទឹកចិត្ត ដល់ស្ត្រីនៅកម្ពុជា ឱ្យទទួលបានការបណ្តុះបណ្តាល ផ្នែកព័ត៌មាន ក្រមសីលធម៌វិជ្ជាជីវៈ អក្ខរកម្មឌីជីថល បច្ចេកវិទ្យា ធុរកិច្ចឌីជីថល ដែលចំណេះ និងជំនាញទាំងនេះននឹងផ្តល់ឱ្យពួកគាត់នូវភាពអង់អាច លទ្ធភាព និងបង្កើនសក្តានុពលសម្រាប់ស្ត្រី ក្នុងការអភិវឌ្ឍខ្លួនឯង និងចូលរួមក្នុងសកម្មភាព អភិវឌ្ឍន៍ប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនឡើងថែមទៀត។
អ្នកនាំពាក្យរូបនេះ បានលើកឡើងទៀតថា យើងចាំបាច់ត្រូវធានា ថា ស្ត្រី និងក្មេងស្រី នឹងទទួលបានឱកាស និងអត្ថប្រយោជន៍ ពីបរិវត្តកម្មឌីជីថល និងការអភិវឌ្ឍនៃវិស័យព័ត៌មាន តាមរយៈការលើកទឹកចិត្តឱ្យបងើ្កនកូតាស្រ្តីក្នុងការទទួលបានការបណ្តុះបណ្តាល ជំរុញការផ្សព្វផ្សាយប្រធានបទស្តីពីស្ត្រីបន្ថែមទៀត បង្កឱកាសការងារសម្រាប់ស្ត្រីទាំងក្នុងក្របខណ្ឌរដ្ឋនិងឯកជន ក៏ដូចជាសកម្មភាពក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការនានា លើកកម្ពស់ការផ្សព្វផ្សាយពីយេនឌ័រ បង្កបរិយាកាសសមរម្យនិងងាយស្រួលសម្រាប់ស្ត្រីក្នុងការងារព័ត៌មាន និងទំនាក់ទំនង ព្រមទាំងលើកកម្ពស់សិទ្ធិស្ត្រីក្នុងសង្គមកម្ពុជាទាំងមូល ។
លោកបន្តទៀតថា ក្រសួងព័ត៌មានបាន និងកំពុងពាំនាំនូវគំនិត សំឡេងរបស់ស្ត្រីនិង ក្មេងស្រី ទៅកាន់សង្គមទាំងមូល និងពិភពលោក ព្រមទាំងជំរុញការលើកកម្ពស់សិទ្ធិរបស់ពួកគេ ឱ្យបានកាន់តែទូលំទូលាយនៅគ្រប់ស្រទាប់សង្គម ដើម្បីបង្កឱកាស និងលើកតម្កើងការចូលរួមរបស់ស្ត្រី និង ក្មេង ស្រី សម្រាប់ការអភិវឌ្ឍទទួលបានលទ្ធផលជា វិជ្ជមាន ជាប្រយោជន៍ដល់ស្ត្រីនិងក្មេងស្រីផ្ទាល់ ក៏ដូចជាដល់សហគមន៍ និងជាតិទាំងមូល៕