ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាឱ្យបង្ក្រាបរាល់បទល្មើស ឱ្យបានទាន់ពេល ប្រកបដោយប្រសិទ្ធភាព នៅតាមទីតាំងតំបន់ប្រាសាទ រមណីយដ្ឋានប្រវត្តិសាស្ត្រ វត្តអារាម សំណង់ប្រវត្តិសាស្ត្រ និងសំណង់ ដែលមានអាយុកាលរាប់រយឆ្នាំ។
នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤” ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ” នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ, ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាការពារ និង បង្ក្រាបរាល់បទល្មើសឱ្យបានទាន់ពេល ប្រកបដោយប្រសិទ្ធភាពនៅតាមទីតាំងតំបន់ប្រាសាទ រមណីយដ្ឋាន ប្រវត្តិសាស្ត្រ វត្តអារាម សំណង់ប្រវត្តិសាស្ត្រ និងសំណង់ ដែលមានអាយុកាលរាប់រយឆ្នាំ នៅតាមមូលដ្ឋាននៅទូទាំងប្រទេស»។
សម្ដេចធិបតី បន្ដថា ត្រូវបន្តរួមគ្នាធ្វើបញ្ជីសារពើភណ្ឌ គ្រប់ទីតាំងនៃបេតិកភណ្ឌរូបីទាំងនោះ ឱ្យបានសព្វគ្រប់ ដើម្បីចៀសវាងការរំលោភបំពាន ហើយត្រូវបន្តទាមទារយកមកវិញនូវបដិមានានារបស់ជាតិ ដែលត្រូវបានបាត់បង់កន្លងមកក្នុងអំឡុងសម័យសង្គ្រាម ។
សម្ដេចធិបតី បន្ថែមថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវបន្តកិច្ចសហការជាមួយក្រសួងទេសចរណ៍ ដើម្បីផ្សព្វផ្សាយនូវសក្តានុពលទេសចរណ៍វប្បធម៌ជាតិ ឱ្យបានកាន់តែទូលំទូលាយក្នុងគ្រប់ រូបភាពសម្រាប់ទេសចរជាតិ និងអន្តរជាតិ សំដៅលើកតម្លៃវប្បធម៌ជាតិ រួមចំណែកជំរុញកំណើន សេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ។
លើសពីនេះ សម្ដេច នាយករដ្ឋមន្ដ្រី ក៏បានគាំទ្រ ចំពោះកិច្ចសហការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងព័ត៌មាន ដែលបានធ្វើឱ្យវិស័យភាពយន្តភាគខ្មែរ បាន និង កំពុងមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់ តាមរយៈការកំណត់ម៉ោងមាសសម្រាប់ធ្វើការចាក់ផ្សាយភាពយន្តភាគខ្មែរ ។ ជាមួយគ្នានេះ, អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ ត្រូវសហការជួយសម្រួលផ្ដល់ទីតាំងក្នុងដែនដីរបស់ខ្លួន ដើម្បីសម្រួលដំណើរការនៃការថត និងផលិតខ្សែភាពយន្ត។
សម្ដេច បន្ថែមទៀតថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវបន្តកិច្ចសហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បំផុសសកម្មភាពគ្រប់ស្ថានទូត និងស្ថានកុងស៊ុលកម្ពុជាប្រចាំនៅបរទេស រៀបចំព្រឹត្តិការណ៍វប្បធម៌ខ្មែរឱ្យបានទៀងទាត់ជារៀងរាល់ឆ្នាំ ដើម្បីផ្សព្វផ្សាយវប្បធម៌ជាតិ ជាមួយនឹងការពង្រឹងនយោបាយវប្បធម៌ការទូត ហើយត្រូវបំផុសឱ្យសហគមន៍ខ្មែរនៅបរទេស ចូលរួមរៀបចំកម្មវិធីទិវាវប្បធម៌ជាតិឱ្យបានអធិកអធម និងទូលំទូលាយ៕