ភ្នំពេញ ៖ មន្ត្រីរាជការនិងបញ្ញវន្តនៅកម្ពុជា បានថ្លែងចាត់ទុកមហាសន្និបាត សភាទាំងពីរ នៃប្រទេសចិន ដែលសំដៅលើ កិច្ចប្រជុំមហាសន្និបាត សភាតំណាងប្រជាជន ទូទាំងប្រទេសចិន និង កិច្ចប្រជុំមហាសន្និបាតសភាប្រឹក្សា នយោបាយប្រជាជន ទូទាំងប្រទេសចិនថា មានសារៈសំខាន់ខ្លាំងណាស់ ក្នុងការកំណត់គោលដៅ អភិវឌ្ឍន៍ប្រទេសចិន ជារៀងរាល់ឆ្នាំ ។
![](https://dap-news.com/wp-content/uploads/2024/03/photo_2024-03-08_09-45-40-1024x695.jpg)
ថ្លែងក្នុងវេទិកាស្តីពី «ការចែករំលែកកាលានុវត្តភាពប្រទេសចិន ពួតដៃអភិវឌ្ឍទៅមុខដោយឈ្នះ-ឈ្នះ» នារាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៦ ខែមីនា លោកស្រី ឃុន សុវណ្ណនេត្រា ប្រធាននាយកដ្ឋាន អភិវឌ្ឍន៍ធនធានមនុស្ស នៃអគ្គលេខាធិការព្រឹទ្ធសភា បានថ្លែងពីការតាមដាន ប្រកបដោយការយក ចិត្តទុកដាក់ លើមហាសន្និបាតសភាទាំងពីរនៃប្រទេសចិន ដោយអ្នកស្រីសង្កេតឃើញថា របៀបវារៈក្នុងកិច្ចប្រជុំដ៏ធំនេះ គឺផ្តោតលើសេដ្ឋកិច្ច, ការលើកកម្ពស់ជីវភាពប្រជាជន, ប្រាក់បៀវត្សរ៍ និង ការអភិវឌ្ឍ ។
រីឯ អ្នកស្រី ជា កេសរភារម្យ មន្ត្រីគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ CDC បានលើកឡើងដែរថា របៀបវារៈមួយទៀត ដែលអ្នកស្រីគិតថា មានសារៈសំខាន់ផងដែរនោះ គឺនិយាយទាក់ទងនឹង គោលនយោបាយការបរទេស។
![](https://dap-news.com/wp-content/uploads/2024/03/photo_2024-03-08_09-45-44-1024x682.jpg)
លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកវិភាគសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ដែរថា មហាសន្និបាត សភាទាំងពីរ នៃប្រទេសចិន ក៏ផ្តោតលើរបៀបវារៈ ទាក់ទងនឹងការកាត់បន្ថយភាពក្រីក្រ នៅប្រទេសចិន ដោយលោកមើលឃើញ ពីជីវភាពរបស់ប្រជាជន មានភាពល្អប្រសើរ កាន់តែច្រើន ជាពិសេស រាប់ចាប់តាំងពីតំបន់ជនបទ ។
សម្រាប់លោកបណ្ឌិត ចាប់អារម្មណ៍ចំណុចនេះជាងគេ ក្នុងមហាសន្និបាតនេះ ខណៈដែលចំណុចសំខាន់មួយទៀត គឺប្រព័ន្ធសុខាភិបាលរបស់ប្រទេសចិន ដែលគិតគូរខ្ពស់ ពីសុខភាពរបស់ប្រជាជន ជាមួយនឹងការយកចិត្តទុកដាក់លើការថែរក្សាបរិស្ថាន។
គួរបញ្ជាក់ដែរថា បើតាមរបាយការណ៍ផ្លូវការ ប្រទេសចិនសម្រេចបានគោលដៅសំខាន់ៗ នៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ប្រចាំ២០២៣ ដោយគាប់ប្រសើរ គោលដៅរំពឹងទុកសម្រាប់ការអភិវឌ្ឍសំខាន់ៗ របស់ចិន ក្នុងឆ្នាំ២០២៤នេះ គឺផលិតផល ក្នុងស្រុកសរុបកើនឡើង ប្រហែល៥% ឱកាសការងារថ្មី នៅតាមទីក្រុងនិងជន បទកើនឡើងជាង១២លាននាក់ ។
![](https://dap-news.com/wp-content/uploads/2024/03/photo_2024-03-08_09-45-48-1024x682.jpg)
មន្ត្រីរាជការនិងអ្នកស្រាវជ្រាវទាំងនោះ ក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងកម្ពុជានិងចិន ក្នុងនោះ មានការលើកឡើងថា ចិនគឺជាដៃគូពាណិជ្ជកម្មបរទេស និងប្រភពទុនវិនិយោគ បរទេសធំជាងគេ នៅកម្ពុជា នាពេលបច្ចុប្បនេះ ។
ពួកគេក៏បានលើកឡើង ពីសេដ្ឋកិច្ចឌីជីថលដ៏អស្ចារ្យ របស់ប្រទេសចិន ក៏ដូចជា កិច្ចសហប្រតិបត្តិការ នៃការទូទាត់ប្រាក់រៀល និងប្រាក់យន់ចិន តាមអនឡាញ រវាងកម្ពុជា និងចិនផងដែរ។ សម្រាប់លោកបណ្ឌិត គី សេរីវឌ្ឍន៍ គិតថា ការទូទាត់ប្រាក់នេះ មានតែប្រទសចិនទេ ដែលឈានមុខគេ ហើយលោកធ្លាប់បានទៅប្រទេសចិន និងសហរដ្ឋអាមេរិក ប្រមាណ១០ឆ្នាំមុន ទើបលោកបានដឹងច្បាស់ថា ចិនដាក់ចេញការទូទាត់តាមទូរស័ព្ទដៃ មុនសហរដ្ឋអាមេរិក ទៅទៀត ។
ក្នុងវេទិកា នាពេលនោះ ក៏មានវាគ្មិនពីររូប អញ្ជើញមកពីស្ថានទូតចិនប្រចាំកម្ពុជា ផងដែរ គឺអ្នកនាង Luo Si អនុព័ន្ធនៃស្ថានទូតចិន និងអ្នកនាង Guo Yi លេខាទី២ នៃស្ថានទូតចិន ។ ពួកគេបានយល់ស្រប ចំពោះការលើកឡើងអំពីកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ រវាងកម្ពុជានិងចិន ទាំងលើវិស័យហេដ្ឋា រចនាសម្ព័ន្ធ កសិកម្ម ពាណិជ្ជកម្ម និងវិនិយោគ ជាដើម។ ពួកគេលើកឡើងដែរថា ១២ឆ្នាំមកហើយ ដែលចិននៅតែជាដៃគូពាណិជ្ជកម្ម ធំជាងគេ របស់កម្ពុជា ។
![](https://dap-news.com/wp-content/uploads/2024/03/photo_2024-03-08_09-45-53-1024x682.jpg)
ទាំងវាគ្មិនខ្មែរ និងវាគ្មិនចិនបានផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ ទាក់ទងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលមានជាយូរលង់មកហើយ ក្នុងបរិយាកាសប្រកបដោយអត្ថន័យ ក្នុងឱកាសនៃមហាសន្និបាតសភាទាំងពីរនៃប្រទេសចិន ដែលបាននិងកំពុងប្រព្រឹត្តទៅ នាទីក្រុងប៉េកាំង។
ឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍ បានប្រសាសន៍សង្កត់ធ្ងន់ផងដែរថា ប្រទេសចិនយកចិត្តទុកដាក់លើពហនុនិយម មានន័យថា ជាការចងមេត្រីភាពជាមួយគ្នា តួយ៉ាង ដូចជា គំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ របស់ប្រធានរដ្ឋចិន គឺមានសារៈសំខាន់ណាស់ មានន័យថា សម្ព័ន្ធភាពទីផ្សារដ៏ធំ រួមចំណែកក្នុងការអភិវឌ្ឍ ការចែករំលែកនូវសហគមជោគវាសនារួមតែមួយ ជាមួយគ្នា ហើយពិភពលោកដើរទៅជាមួយគ្នា ដោយពុំមានការបែងចែក។
![](https://dap-news.com/wp-content/uploads/2024/03/photo_2024-03-08_09-45-58-1024x682.jpg)
ឯកឧត្តមបណ្ឌិតក៏បានលើកឡើងដែរថា ទំនាក់ទំនងពាណិជ្ជកម្មរវាងចិន និងកម្ពុជា គឺជាគំរូដ៏ល្អមួយសម្រាប់ពិភពលោក ដែលកំពុងមានដំណើរ ការដោយរលូន ក្នុងនោះ ចិននិងកម្ពុជាគឺជាដៃគូសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដែលគួរឲ្យរៀនសូត្រតាម។ ក្នុងពេលនោះដែរ ក៏មានលើកឡើងថា ការអភិវឌ្ឍ របស់ប្រទេសចិនបានផ្តល់កាលនុវត្តភាពដល់កម្ពុជា ក៏ដូចជា ពិភពលោក ទាំងមូល ៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)