ព័ត៌មានជាតិ

លោក វង្សី វិស្សុត៖ និរន្តរភាព និងបរិយាប័ន្ន ជាគោលការណ៍សំខាន់ ក្នុងការកំណត់ទិសដៅ នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ភ្នំពេញ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ត្រូវទទួលស្គាល់ថា និរន្តរភាព និងបរិយាប័ន្ន ជាគោលការណ៍សំខាន់ ក្នុងការកំណត់ទិសដៅ នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅក្នុងតំបន់ ហើយការអភិវឌ្ឍមូលធនមនុស្សត្រូវតែជាកម្លាំងស្នូល ។

លោក វង្សី វិស្សុត លើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី និងផ្តល់សុន្ទរកថាគន្លឹះ ក្នុងសិក្ខាសាលា ផ្សព្វផ្សាយរបាយការណ៍ អភិវឌ្ឍន៍មនុស្ស ក្នុងតំបន់ប្រចាំឆ្នាំ២០២៤ ក្រោមប្រធានបទ “ស្ថាបនាអនាគតរបស់យើង៖ ទិសដៅថ្មីសម្រាប់ការអភិវឌ្ឍមនុស្ស ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក” កាលពីថ្ងៃ៧ មីនា ។

លោកឧបនាយករដ្ឋមន្រ្តីលើកឡើងថា ក្នុងរយៈពេលបីទសវត្សរ៍ចុងក្រោយ តំបន់អាស៊ីប៉ាស៊ីហ្វិក បានក្លាយជាតំបន់គំរូមួយសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច, ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍមូលធនមនុស្ស។ ប៉ុន្តែវិបត្តិនៃជំងឺកូវីដ-១៩ និងការកើនឡើងនូវបញ្ហាប្រឈមជាសកល ស្រួចស្រាលនានា ពិសេសភាពតានតឹង នៃភូមិសាស្ត្រនយោបាយ, សង្គ្រាមពាណិជ្ជកម្ម និងការប្រែប្រួលអាកាសធាតុ បានបន្ទុចបង្អាក់ការអភិវឌ្ឍ ពិសេសការអភិវឌ្ឍមូលធនមនុស្ស។

លោកបន្តថា ដូច្នេះ ត្រូវត្រៀមខ្លួនទប់ទល់បញ្ហាប្រឈម និងភាពមិនប្រាកដប្រជាទាំងនេះ ហើយច្បាស់ជាត្រូវពឹងផ្អែក លើកត្តាមនុស្ស ដើម្បីអាចឆ្លងផុតនូវដំណាក់កាលដ៏ប្រឈមមួយនេះ នៅក្នុងប្រវត្តិសាស្រ្តរបស់មនុស្សជាតិ។

ក្នុងនោះលោក វង្សី វិស្សុត គូសបញ្ជាក់ថា “ចំពោះមុខ យើងត្រូវទទួលស្គាល់ថា និរន្តរភាព និងបរិយាប័ន្ន ជាគោលការណ៍សំខាន់ ក្នុងការកំណត់ទិសដៅ នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅក្នុងតំបន់យើង ហើយការអភិវឌ្ឍមូលធនមនុស្សត្រូវតែជាកម្លាំងស្នូល។ ដូចនេះ យើងត្រូវដោះស្រាយបញ្ហាពាក់ព័ន្ធនឹងមនុស្ស រួមមាន៖ ការអប់រំ, សុខាភិបាល, ចំណេះដឹង, ជំនាញ, សមត្ថភាព និងការគាំពារសង្គម។ ទោះជាយ៉ាងនេះក្ដី ការសម្រេចបាននូវកិច្ចការទាំងអស់នេះ ទាមទារឱ្យមានអភិបាលកិច្ចល្អ និងលំហសារពើពន្ធរឹងមាំ ដែលការណ៍នេះក៏ទាមទារឲ្យមានការសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ប្រកបដោយចីរភាពផងដែរ”។

លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ ក៏បានផ្តល់ទស្សនៈចំនួន ៥ ចំណុច ដើម្បីចូលរួមចំណែក ជួយអភិវឌ្ឍន៍មូលធនមនុស្ស ដែលកម្លាំងស្នូលសម្រាប់អភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចក្នុងតំបន់ និងកម្ពុជា ដូចខាងក្រោម៖ ទី១- បន្តរួមគ្នាគិតឡើងវិញ និងស្វែងរកមធ្យោបាយ ដើម្បីចាត់វិធានការសមស្រប សំដៅបង្កើត និងពង្រឹងសន្ទុះសាកលភាវូបនីយកម្ម តាមរយៈការកសាងយន្តការសហប្រតិបត្តិការបើកចំហ និងប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ចពិភពលោក ។

ទី២- ខិតខំប្រឹងប្រែងរួមគ្នា ដើម្បីបង្កើតបរិយាកាសអំណោយផលនៅក្នុងតំបន់ ដើម្បីជួយសម្រួលដល់ការអភិវឌ្ឍមូលធនមនុស្ស សំដៅលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកប ដោយបរិយាបន្ន ភាពធន់ និងនិរន្តរភាព និងដោះស្រាយគម្លាតយេនឌ័រនៅក្នុង STEAM
ការអប់រំ និងបច្ចេកវិទ្យាឌីជីថល។

ទី៣- អភិវឌ្ឍភាពធន់ក្នុងសង្គម តាមរយៈការពង្រឹងគុណភាពអប់រំ និងការអភិវឌ្ឍជំនាញ ដើម្បីឆ្លើយតបនឹងតម្រូវការឧស្សាហកម្ម និងការអភិវឌ្ឍប្រព័ន្ធសុខភាពសាធារណៈ និងគាំពារសង្គម ។

ទី៤- លើកកម្ពស់ឌីជីថលភាវូបនីយកម្មនៅក្នុងសេដ្ឋកិច្ច និងសង្គម តាមរយៈការកសាងពលរដ្ឋឌីជីថល បង្កើនចំណេះដឹង និងសមត្ថភាពឌីជីថល និងកាត់បន្ថយការបែងចែកឌីជីថលជាអប្បបរមា, និង ទី៥- ជំរុញឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសវិស័យឯកជន និងដៃគូអភិវឌ្ឍ ដើម្បីកៀងគរធនធានទាំងផ្នែកហិរញ្ញវត្ថុ ។

លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ ក៏បានគូសបញ្ជាក់បន្ថែមថា ជារួមកម្ពុជា កំពុងបោះជំហានប្រកបដោយ ភាពស្វាហាប់លើវិថី នៃការលើកកម្ពស់ការអភិវឌ្ឍមូលធនមនុស្ស ជាមួយនឹងឆន្ទៈនយោបាយខ្ពស់។ ក៏ប៉ុន្តែទាមទារឲ្យមានការចូលរួម និងកិច្ចខិតខំប្រឹងប្រែងរួមគ្នាបន្ថែមទៀត ពីគ្រប់
តួអង្គពាក់ព័ន្ធទាំងអស់៕

To Top