ភ្នំពេញ ៖ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានជម្រាបកិច្ចប្រជុំប្រធានសភាជាស្រ្តីពិភពលោក ថា ប្រទេសកម្ពុជា បានចាត់វិធានការជាក់លាក់មួយចំនួន ដើម្បីដោះស្រាយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ដូចជា ការដាក់ចេញនូវផែនការសកម្មភាពជាតិស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី (២០១៩-២០២៣) និងនារីរតនៈទី៥ (២០១៩-២០២៣) និងផែនការយុទ្ធសាស្រ្តជាតិស្តីពីសមភាពយេនឌ័រ ជាដើ»។
នាឱកាសអញ្ជើញចូលរួមវេទិកាតុមូលទី១ នៃកិច្ចប្រជុំកំពូលប្រធានសភាស្រ្តីពិភពលោកលើកទី១ នាទីក្រុងប៉ារីសប្រទេសបារំាង ក្រោមប្រធានបទ ការអប់រំ អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងសុខភាព នៅថ្ងៃទី៧ មីនា សម្តេច ប្រធានរដ្ឋសភា បានលើកឡើងថា កម្ពុជា បានប្តេជ្ញាចិត្តកាត់បន្ថយអំពើហិង្សាទាក់ទងនឹងយេនឌ័រដល់កម្រិតទាបបំផុតត្រឹមឆ្នាំ២០៣០ ដើម្បីឈានទៅសម្រេចបានលទ្ធផលសូន្យបី លុបបំបាត់ឱ្យអស់(សូន្យ) នូវមរណភាពមាតាដែលអាចការពារបាន លុបបំបាត់ឱ្យអស់(សូន្យ)នូវផែនការគ្រួសារដែលមិនបានឆ្លើយតប លុបបំបាត់ឱ្យអស់(សូន្យ)នូវអំពើហិង្សាទាក់ទងនឹងយេនឌ័រនិងការអនុវត្តប្រកបដោយគ្រោះថ្នាក់លើស្រ្តីនិងក្មេងស្រី ត្រឹមឆ្នាំ២០៣០។
សម្តេច ប្រធានរដ្ឋសភា បានសង្កត់ធ្ងន់ថា អំពើហិង្សាទាក់ទងនឹងយេនឌ័រ មិនត្រឹមតែជាការរំលោភសិទ្ធិមនុស្សប៉ុណ្ណោះទេ ប៉ុន្តែវាជាបញ្ហាសុខភាពសាធារណៈផងដែរ ដែលទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នាជាបន្ទាន់ និងកិច្ចអន្តរាគមន៍លើគោលនយោបាយប្រកបដោយប្រសិទ្ធភាព។
សម្តេច រដ្ឋសភាធិបតី ឃួន សុដារី បានជម្រាបជំនួបកំពូលប្រធានសភាជាស្រ្តីបន្តថា «រដ្ឋសភាកម្ពុជា បានប្តេជ្ញាកាត់បន្ថយ និងលុបបំបាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ តាមរយៈការបង្កើតនិងការពង្រឹងច្បាប់និងបទប្បញ្ញត្តិ ក៏ដូចជាការលើកកម្ពស់ការកៀគរមតិ និងយុទ្ធនាការផ្សព្វផ្សាយនានា។ ជាក់ស្តែង នាពេលថ្មីៗនេះ កម្ពុជាបានចាប់ផ្តើមយុទ្ធនាការ ពលរដ្ឋមានសុខភាពល្អ កម្ពុជាបវររុងរឿង Healthy Lives, Healthy Cambodia» ដោយផ្តោតលើការយល់ដឹងទូទៅ, ការលើកកម្ពស់ការរស់នៅប្រកបដោយសុខភាពល្អ, និងការកៀរគរមតិសម្រាប់គោលនយោបាយសុខភាពសាធារណៈឆ្លើយតបទៅនឹងយេនឌ័រ»៕