ព័ត៌មានជាតិ

ក្រសួងការងារ ចេញសេចក្តីប្រកាសព័ត៌មាន ករណីវិវាទការងារនៅក្រុមហ៊ុន វ៉ាយ & ដាប់បែលយូ ហ្គាមិន​

ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្តាល​វិជ្ជាជីវៈចេញសេចក្តីប្រកាសព័ត៌មានករណីវិវាទការងារនៅក្រុមហ៊ុន វ៉ាយ & ដាប់បែលយូ ហ្គាមិន​ ការធ្វើបាតុកម្មរបស់កម្មករនិយោជិតនៃក្រុមហ៊ុន វ៉ាយ & ដាប់បែលយូ ហ្គាមិន ដែលមានអាសយដ្ឋាន ស្ថិតនៅផ្លូវចំការដូង(២១៧) ភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤ នេះ បានឈានដល់ការបិទផ្លូវសាធារណៈ លេខ ២១៧ សង្កាត់ព្រែកជ្រៃ ខណ្ឌដង្កោ បង្កឱ្យមាន ការកកស្ទះចរាចរណ៍ និងប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមអំពាវនាវដល់កម្មករនិយោជិត អ្នកប្រឹក្សាយោបល់ផ្នែកច្បាប់ សហជីពមូលដ្ឋាន និងអ្នកពាក់ព័ន្ធផ្សេងទៀត ត្រូវបញ្ឈប់សកម្មភាពនេះ ជាបន្ទាន់ ហើយងាកមកស្វែងរកដំណោះស្រាយតាមផ្លូវច្បាប់ជាធរមាន ដើម្បីរក្សា សណ្ដាប់ធ្នាប់សាធារណៈ និងផលប្រយោជន៍ប្រជាពលរដ្ឋទូទៅ។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជម្រាបថា វិវាទការងារនៅក្រុមហ៊ុន វ៉ាយ & ដាប់បែលយូ ហ្គាមិន ជាករណីក្រុមហ៊ុនបិទទ្វារដោយថៅកែបានរត់ចោលរោងចក្រ ដែលត្រូវដោះស្រាយទៅតាមច្បាប់ស្តីពី ការងារ និងតាមច្បាប់ស្តីពីក្ស័យធន។ យោងតាមនីតិវិធីច្បាប់ ក្រសួងនឹងប្តឹងក្រុមហ៊ុនទៅតុលាការ ដើម្បីស្នើសុំ ដីការចាត់ចែងរក្សាការពារទ្រព្យសម្បត្តិ និងដោះស្រាយលើបណ្តឹងអង្គសេចក្តី ដើម្បីអាចមានលទ្ធភាពទូទាត់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗជូនកម្មករនិយោជិតទាំងអស់។

ក្រសួងសូមរម្លឹកដល់អ្នកប្រឹក្សាយោបល់ផ្នែកច្បាប់ សហជីពមូលដ្ឋាន និងអ្នកពាក់ព័ន្ធផ្សេងទៀត ត្រូវ ស្វែងយល់ឱ្យបានច្បាស់អំពីវិធានច្បាប់ ប្រកបដោយវិជ្ជាជីវៈ និងមនសិការទទួលខុសត្រូវ ហើយមិនត្រូវឆ្លៀត ឱកាសកេងចំណេញក្នុងរូបភាពណាមួយពីករណីវិវាទការងារនេះ តាមរយៈការបកស្រាយ និងធ្វើសកម្មភាពនានា ផ្ទុយពីខ្លឹមសារ និងគោលការណ៍ច្បាប់ឡើយ។ ជនទាំងឡាយណាដែលព្យាយាមបកស្រាយច្បាប់ដោយមិន ត្រឹមត្រូវ ក្នុងចេតនាបង្កឱ្យមានការតវ៉ាដោយខុសច្បាប់ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងបងប្អូនកម្មករនិយោជិតជ្រាបជាព័ត៌មាន៕

To Top