ព័ត៌មានជាតិ

លោក ឡាវ វ៉ាន់ ៖ ពាក្យ «សន្តិភាព» ជាពាក្យស្រួលនិយាយ តែប្រសិនបើសំដៅដល់ បេសកកម្មស្វែងរកសន្តិភាព ជាពិសេសគឺការ រក្សានូវសន្តិភាព គឺពុំអាចកើតឡើងដោយឯកឯងទេ បើគ្មានភាពហ្មត់ចត់ ភាពប្រាកដប្រជា និងភាពឈ្លាសវៃរបស់ថ្នាក់ដឹកនាំគឺ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា

កណ្តាល ៖ នៅទីស្នាក់ការគណបក្ស​ ប្រជាជនកម្ពុជាឃុំខ្ពប ព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤ មានរៀបចំពិធីសំណេះ​សំណាល និងប្រគល់ចង្ក្រានចំនួន ៣,១៧៩ ជូនដល់ប្រជាពលរដ្ឋទាំង ១០ភូមិ នៃឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ក្រោមអធិបតីភាព លោក ឡាវ វ៉ាន់ អនុប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកស្អាង និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំខ្ពប, ថ្លែងក្នុងពិធីខាងលើ លោក ឡាវ វ៉ាន់ បានលើកឡើងថា ពាក្យ «សន្តិភាព» ជាពាក្យជាស្រួលនិយាយ ប្រសិនបើសំដៅដល់ បេសកកម្មស្វែងរកសន្តិភាព ជាពិសេសគឺការ រក្សានូវសន្តិភាព គឺពុំអាចកើតឡើង ដោយឯកឯងទេ បើគ្មានភាពហ្មត់ចត់ ភាពប្រាកដប្រជា និងភាពឈ្លាសវៃរបស់ថ្នាក់ដឹកនាំគឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនិងជាប្រធានគណបក្សប្រជាជនកម្ពុជា ។

លោក ឡាវ វ៉ាន់ បានពាំនូវនាំប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ប្រជាជននៅទូទាំងឃុំខ្ពប។ ជាមួយគ្នានេះដែរ លោក ក៏បានកោតសរសើរ និងថ្លែងអំណរគុណដល់អាជ្ញាធរ នៅមូលដ្ឋានដែលបានខិតខំបំពេញ កិច្ចការបម្រើប្រជាពលរដ្ឋ និងចូលរួមអនុវត្តកម្មវីធីគោលនយោបាយ ភូមិឃុំ មានសុវត្ថិភាព បន្ថែមពីនេះទៀត លោកក្នុងនាមប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានឃុំខ្ពប បានថ្លែងអំណរគុណដល់លោក BAO JI អគ្គនាយកក្រុមហ៊ុនGuangzhou Iceberg Environmental Consulting Services Co., Ltd. និងលោក WANG KE ប្រធានក្រុមប្រឹក្សាភិបាលអង្គការមូលនិធិPEACE LAND ដែលបានរួមចំណែកផ្តល់ជំនួយចង្ក្រានបង្កើនថាមពលចំនួន ៣,១៧៩ចង្ក្រាន ជូនដល់ប្រជាជនរស់នៅឃុំខ្ពប ក៏ដូចជាចូលរួមលើកកម្ពស់ជីវភាពផងដែរ ។

លោក ឡាវ វ៉ាន់ ក៏បានជម្រាបជូនផងដែរថា ចង្ក្រាន ចំនួន ៣,១៧៩ ដែលបានត្រៀមចូលទៅកាន់ផ្ទះបាយ របស់ប្រជាជននៅទូទាំងឃុំខ្ពប មិនត្រឹមតែបាន ចូលរួមលើក សម្រស់ផ្ទះបាយ តែថែមទាំងបានចូលរួមលើកកម្ពស់សុខភាព តាមរយៈការបំភាយកាបូនតិច ដោយការកាត់ បន្ថយការបំពុលដោយផ្សែង ។ បន្ថែមពីលើនេះ លោកក៏បានរំលេចពីការចូលរួមចំណែក របស់ក្រុមហ៊ុន សហគ្រាស និងសង្គមស៊ីវិលចិន ក្នុងការចូលរួមបង្កើន ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា និងចូលរួមចំណែកថែរក្សា និងការពារបរិស្ថាន ដើម្បីអនុវត្តបាននូវគោលការណ៍ អភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០របស់អង្គការសហប្រជាជាតិ ។

ក្រោយពីស្តាប់ប្រសាសន៍ណែនាំរបស់ លោក ឡាវ វ៉ាន់ ស្តីពីការចូលរួមថែរក្សាបរិស្ថាន តាមរយៈការបំភាយកាបូនទាប លោក ស៊ុំ លេខ មេឃុំខ្ពប បានថ្លែងដោយក្តីរីករាយនិងសាទរចំពោះទឹកចិត្តដ៏ប្រពៃរបស់លោក ឡាវ វ៉ាន់ និង ក្រុមហ៊ុនចិនដែលបានផ្ដល់ចង្ក្រាន ប្រកបដោយគុណតម្លៃ ក្នុងការចូលរួមអភិវឌ្ឍឃុំខ្ពប ក្លាយជាឃុំគំរូ នៃកិច្ចសហប្រតិបត្តិការមិត្តភាព កម្ពុជា-ចិន លើវិស័យការបំភាយកាបូនទាប ។

លោកមេឃុំក៏បានគូសបញ្ជាក់ ពីការត្រៀមលក្ខណៈគ្រប់បែបយ៉ាងរបស់ប្រជាជន នៅក្នុងឃុំខ្ពប ក្នុងកិច្ចសហការជាមួយបណ្តាអង្គពាក់ព័ន្ធនានា ដែលជាពិសេសតាមការចង្អុលបង្ហាញ ពីលោក ឡាវ វ៉ាន់ ក្នុងគោលដៅបម្រើដល់ផលប្រយោជន៍ របស់ប្រជាជន និងការលើកកម្ពស់កិច្ចអភិវឌ្ឍន៍ សង្គមកិច្ចនិងសេដ្ឋកិច្ចនៅក្នុងឃុំខ្ពបទៀតផង ។

ក្នុងនាមប្រជាជន រស់នៅទូទាំងឃុំខ្ពប លោក ស៊ុំ លេខ បានមានប្រសាសន៍ថា ជាងពេលណាៗ ទាំងអស់ ដែលប្រជាជនកម្ពុជា រស់នៅក្នុងសករាជតេជោ ទទួលបាននូវសុភមង្គល វិបុលភាពក្រោមម្លប់ សុខសន្តិភាព ហើយកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ទាំងក្រុមការងាររាជរដ្ឋាភិបាល ទាំងក្រុមការងារគណបក្សប្រជាជនកម្ពុជា សុទ្ធតែបានផ្តល់អាទិភាពដល់ផលប្រយោជន៍ជូនដល់ប្រជាជនកម្ពុជា និងរួមសុខ រួមទុក្ខជាមួយប្រជាជនកម្ពុជា នៅគ្រប់កាលទេសទាំងអស់ ៕

To Top