ភ្នំពេញ៖ ស្ថានទូតម៉ាឡេស៊ី ប្រចាំកម្ពុជា នាថ្ងៃសៅរ៍ ទី៩ ខែមិនា ឆ្នាំ២០២៤ បានរៀបចំព្រឹត្តិការណ៍គ្រួសារម៉ាឡេស៊ី នៅភ្នំពេញ ជាមួយនឹងការលេងល្បែងកម្សាន្តតាមបែបប្រពៃណី ម៉ាឡេស៊ី នាសួនកូកូណាត់ នៅកោះពេជ្រ។
ព្រឹត្តិការណ៍នោះ ត្រូវបានធ្វើឡើងដោយមានការចូលរួម ពីលោកឯកអគ្គរដ្ឋទូតម៉ាឡេស៊ី មន្រ្តីការទូត ក៏ដូចជាពលរដ្ឋម៉ាឡេស៊ី និងពាណិជ្ជកររបស់ខ្លួនផងដែរ ក្រោមបរិយាកាសរីករាយនិងស្នីទស្នាល។ និងមានវត្តមានអ្នកស្រី Quazareen chan នៃធនាគារ May Bank ផងដែរ។

កម្មវិធីនេះ ទៀតសោត ក៏មានការចាប់រង្វាន់ផ្សងសំណាងជាច្រើន ដែលទទួលបានពីការឧបត្ថម្ភគាំទ្រពីសំណាក់ក្រុមហ៊ុនម៉ាឡេស៊ីនានាផងដែរ។
លោក សយ សុភា និពន្ធនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ដែលបានចូលរួមកម្មវិធីនេះ បានសម្តែងនូវក្តីរីករាយ កាលបើបានឃើញប្រជាជនម៉ាឡេស៊ី ទាំងពាណិជ្ជករ និងអ្នកការទូត សស្រាក់សស្រាំ ពាក់ពពូន ពង្រឹងមិត្តភាពជាគ្រួសារម៉ាឡេស៊ី នៅក្នុងប្រទេសកម្ពុជា។

ស្ថានទូតម៉ាឡេស៊ី ឱ្យដឹងផងដែរថា កម្មវិធីនេះ អាចពង្រឹងការរួបរួម រវាងប្រជាជនម៉ាឡេស៊ី និងមិត្តភក្តិនៃប្រទេសម៉ាឡេស៊ី វាជាវេទិកាដ៏អស្ចារ្យមួយ ក្នុងការភ្ជាប់ទំនាក់ទំនង ក្នុងចំណោមសហគមន៍ម៉ាឡេស៊ី ដែលពង្រីកនៅក្នុងបរិយាកាសមិត្តភាព និងរីករាយ ។
ប្រទេសម៉ាឡេស៊ី ជាប្រទេសមួយក្នុងចំណោមប្រទេសឯទៀត ជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ាន និងដែលមានប្រជាជនសរុប ៣២លាននាក់គិតត្រឹមឆ្នាំ២០២០។
ម៉ាឡេស៊ីជាសង្គម ពហុជាតិសាសន៍ ពហុវប្បធម៌ និង ពហុភាសា។ ប្រជាជននៅខែកុម្ភៈ ២០០៧ មានចំនូន ២៦,៦លាននាក់ ដែលក្នុងនោះ ៦២%ជាជនជាតិម៉ាឡេ ២៤%ជាជនជាតិចិន ៨%ជាជនជាតិឥណ្ឌា និងក្រៅពីនេះជាជនជាតិភាគតិចច្រើនអំបូរ។
ជនជាតិម៉ាឡេ បង្កើតជាសហគមន៍ធំជាងគេ។ ពួកគេកាន់សាសនាឥស្លាម ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ។ ជនជាតិម៉ាឡេដើរតួនាទីសំខាន់ក្នុងគ្រប់វិស័យ ជាពិសេសគឺវិស័យនយោបាយ។ ភាសាកំនើតរបស់ពួកគេគឺភាសាម៉ាឡេ (Bahasa Melayu)។ ភាសាម៉ាឡេជាភាសាជាតិ៕



