ភ្នំពេញ ៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ គណៈអភិបាលរាជធានីភ្នំពេញ នឹងដឹកនាំគណៈប្រតិភូ សាលារាជធានីភ្នំពេញ ចុះសួរសុខទុក្ខ កងយោធពលខេមរភូមិន្ទ ដែលជាសម្ព័ន្ធមេត្រីភាពជាមួយគ្នា ។

ដើម្បឲ្យការចុះសួរសុខទុក្ខនេះ ទទួលបានជោគជ័យ បង្ហាញពីមនោសញ្ចេតនា ដ៏ជ្រាលជ្រៅ ក្នុងការចូលរួមលើកទឹកចិត្ត ដល់យុទ្ធជន តាមបន្ទាប់ព្រំដែនជួរមុខ រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់សប្បុរសជនទាំងអស់ ចូលរួមបរិច្ចាគអំណោយជាថវិកា ស្បៀងអាហារ ឬសម្ភារប្រើប្រាស់ផ្សេងៗ តាមលទ្ធភាព និងសទ្ធាជ្រះថ្លា ដើម្បីរួមចំណែកឧបត្ថម្ភជូនដល់កងទ័ព និងក្រុមគ្រួសារកងទ័ព ការពារទឹកដី នៅតាមបន្ទាត់ព្រំដែនជួរមុខ ។

សម្រាប់កងទ័ព ដែលត្រូវចុះសួរសុខទុក្ខរួមមាន៖ កងពលធំអន្តរាគមន៍លេខ៣ កងពលតូចអន្តរាគមន៍លេខ៩ វរៈនគរបាលការពារព្រំដែនលេខ៧៩៣ ឈរជើងការពារនៅខ្សែក្រវាត់ព្រំដែន ប្រចាំទិសប្រាសាទព្រះវិហារ និងកងពលតូចអន្តរាគមន៍លេខ១២៨ ឈរជើងការពារនៅតំបន់អូរអាឡៃ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ៕
