ព័ត៌មានជាតិ

បង្ក្រាបទីតាំងអតីតក្លិប BOEING នៅចតុមុខ បន្តលួចបន្លំចែកចាយ ប្រើប្រាស់គ្រឿងញៀន ឃាត់ខ្លួនជនបរទេស-ខ្មែរ ៧៨នាក់

ភ្នំពេញ៖ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងនគរបាល ស្នងការដ្ឋាន រាជធានីភ្នំពេញ បានឆ្មក់ចូលបង្ក្រាប ទីតាំងក្លិបកម្សាន្តមួយកន្លែង ដែលបន្លំចែកចាយប្រើប្រាស់ គ្រឿងញៀន ឈ្មោះ City of Starry Sky ដែលជាអតីតក្លិបកម្សាន្ត BOEING នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។

កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន និងកម្លាំងជំនាញរបស់ស្នងការដ្ឋានន គរបាលរាជធានីភ្នំពេញ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ បានឆ្មក់ចូលបង្ក្រាបក្លិបកម្សាន្ត City of Starry Sky ជាអតីតក្លិបកម្សាន្ត BOEING ដែលកម្លាំងមន្ទីរប្រឆាំង គ្រឿងញៀន ខណៈធ្លាប់បានបង្ក្រាបម្តងរួចហើយ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ ប៉ុន្តែពេលនេះ ក្លិបកម្សាន្តនេះបានប្តូរឈ្មោះថ្មី និងលួចបង្កប់ការចែកចាយ និងប្រើប្រាស់គ្រឿងញៀនដដែល ។

ក្នុងប្រតិបត្តិការឆ្មក់បង្ក្រាបនេះ កម្លាំងជំនាញបានឃាត់ខ្លួនមនុស្ស ៧៨នាក់ ដែលមានជនជាតិចិន វៀតណាម និងកម្ពុជា យកមកសាកសួរ មុននឹងសម្រេចបន្តនីតិវិធី។ ចំណែកឯវត្ថុតាងដែលរឹបអូស បានកម្លាំងជំនាញកំពុងរៀបចំវេចខ្ចប់ បើតាមការប៉ាន់ស្មានបឋមប្រមាណ ៣គីឡូក្រាម។

បច្ចុប្បន្នសមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀន កំពុងសាកសួរ ធ្វើតេស្តរកសារធាតុញៀន លើជនសង្ស័យទាំងអស់ ដើម្បីស្រាវជ្រាវបង្ក្រាប មេខ្លោង អ្នកជូញដូរ អ្នកញៀនគ្រឿងញៀន និងកសាងសំណុំរឿងប្រមូលភស្តុតាង បញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់ ។

គួររំលឹកថា កាលពីយប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ កម្លាំងជំនាញ មន្ទីរបទល្មើសគ្រឿងញៀន បានសហការជាមួយកម្លាំង នគរបាលស្នងការដ្ឋាន រាជធានីភ្នំពេញ បានបង្ក្រាបទីតាំង ដែលបន្លំចែកចាយប្រើប្រាស់គ្រឿងញៀន ឈ្មោះ BOEING នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យ ជាជនបរទេសចំនួន ៩១នាក់ និងថ្នាំញៀនប្រមាណ ៥គីឡូក្រាម ។ ពេលនេះមិនទាន់បានប៉ុន្មានខែផង ស្រាប់តែទីតាំងកម្សាន្តនេះប្តូរឈ្មោះ និងលួចបង្កប់ ការចែកចាយប្រើប្រាស់គ្រឿងញៀនដដែល ៕

To Top