ភ្នំពេញ ៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការ រដ្ឋាភិបាលឌីជីថលកម្ពុជា បានថ្លែងថា ក្រសួង កំពុងរៀបចំលិខិតបទដ្ឋានគតិយុត្តនានា ពាក់ព័ន្ធនឹងសន្តិសុខសាយប័រ ដើម្បីធានាថា ហេដ្ឋារចនាសម្ព័ន្ធ និងផលិតផលឌីជីថលត្រូវបានការពារយ៉ាងរឹងមាំ ធននឹងការវាយប្រហារ ។
នាឱកាសអញ្ជើញចូលរួម បើកវេទិការដ្ឋាភិបាលឌីជីថលលើកទី១ ឆ្នាំ២០២៤ ក្រោមអធិបតីភាព សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ លោករដ្ឋមន្ដ្រី ជា វ៉ាន់ដេត បានឲ្យដឹងថា នៅក្នុងពេលដែលដំណើរការ នៃការធ្វើបរិវត្តកម្មឌីជីថល កាន់តែមានសន្ទុះទៅមុខ បញ្ហាសន្តិសុខសាយប័រ គឺជាអាទិភាពថ្មីមួយ ដែលត្រូវយកចិត្តទុកដាក់ ។
លោករដ្ឋមន្ដ្រីគូសបញ្ជាក់ថា «ដូច្នេះ ក្នុងនាមជាសេនាធិការបច្ចេកទេស របស់រាជរដ្ឋាភិបាល ក្រសួង បាននិងកំពុងរៀបចំលិខិតបទដ្ឋាន គតិយុត្តពាក់ព័ន្ធនឹង សន្តិសុខសាយប័រ យន្តការគ្រប់គ្រង និងអង្គភាពអនុវត្ត ក្នុងពេលដ៏ឆាប់ខាងមុខនេះ ដើម្បីធានាថា ហេដ្ឋារចនាសម្ព័ន្ធ និងផលិតផលឌីជីថល ត្រូវបានការពាររឹងមាំ ធននឹងការវាយប្រហារ»។
លោករដ្ឋមន្ដ្រីបន្ដថា ក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ គឺក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចូលរួមយ៉ាងសកម្មក្នុងវេទិកាតំបន់ និងអន្តរជាតិ និងសហការជាមួយដៃគូអភិវឌ្ឍនានា ដែលពាក់ព័ន្ធក្នុងការជំរុញបរិវត្តកម្ម និងការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល ដើម្បីជាប្រយោជន៍រួមរបស់កម្ពុជា និងនៅក្នុងតំបន់ ។
លោករដ្ឋមន្ដ្រីបន្ថែមថា ទស្សនៈវិស័យ របស់គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល គឺការប្រែក្លាយ ដំណើរការការងារ រដ្ឋាភិបាលកម្ពុជា ឲ្យទៅជារដ្ឋាភិបាលឈ្លាសវៃ ផ្តល់សេវាសាធារណៈឱ្យបានល្អប្រសើរ និងបង្កើនទំនុកចិត្តពីធុរកិច្ច និងប្រជាជនក្នុងរយៈពេល១៥ឆ្នាំ ដើម្បីជាឧត្តមប្រយោជន៍នៃការអភិវឌ្ឍប្រទេស ដូចចែងក្នុងគោលនយោបាយរដ្ឋាភិបាល ឌីជីថលកម្ពុជា ២០២១-២០៣៥ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ។
លើសពីនេះ លោករដ្ឋមន្ដ្រី ជា វ៉ាន់ដេត ក៏បានថ្លែងអំណរគុណ ចំពោះសម្តេចធិបតី ដែលតែងតែផ្តល់ការគាំទ្រ ដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង និងគណៈកម្មាធិការ។ លោករដ្ឋមន្ត្រី បានប្ដេជ្ញាចិត្តបន្តអនុវត្តតួនាទី និងភារកិច្ចយ៉ាងម៉ឺងម៉ាត់ ដើម្បីជំរុញ ការធ្វើបរិវត្តកម្មឌីជីថលក្នុងរដ្ឋាភិបាល អភិវឌ្ឍន៍ធនធានមនុស្សឌីជីថល និងប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ សំដៅគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ទទួលបានជោគជ័យ៕